កំពង់ស្ពឺ ៖ ផលិតផលផ្នែកឧស្សាហកម្មចេញពីរោងចក្រចំនួន៤៣ ក្នុងចំណោមរោងចក្រជាង២៦០ទីតាំង នៅទូទាំងខេត្តកំពង់ស្ពឺ ត្រូវបានទីផ្សារសហរដ្ឋអាមេរិកទទួលគាំទ្រ និងលើកទឹកចិត្តឱ្យបង្កើនគុណភាពក្នុងការផលិតឱ្យត្រូវកម្រិតស្ដង់ដារ ដើម្បីបង្កើនទីផ្សារបន្ថែមទៀត។
បច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសប្រមាណជាង២៦០ទីតាំង ដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាល និងដាក់ឱ្យដំណើរការនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដោយក្នុងនោះ ផលិតផលដែលត្រូវបានផលិតចេញរោងចក្រចំនួន៤៣ទីតាំង ដែលប្រកាន់ខ្ជាប់នូវលក្ខខណ្ឌការងារយ៉ាងល្អប្រសើរនោះត្រូវបាមទីផ្សារសហរដ្ឋអាមេរិកគាំទ្រ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់បានមានប្រសាសន៍ថា កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ម្សិលនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក មើហ្វី (W.Patrick Murphy) បានចុះធ្វើការសិក្សាពីលទ្ធភាព និងសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ជាមួយនឹងការកើតសរសើរពីភាពអំណោយនៃកត្តាភូមិសាស្ត្ររបស់ខេត្តផងដែរ។
ពាក់ព័ន្ធទៅនឹងប្រភេទផលិតផលដែលធ្លាប់បានធ្វើការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅនេះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់ថា “ក្នុងចំណោមផលិតផលដែលត្រូវបានផលិតចេញពីរោងចក្រទាំង៤៣ និងធ្លាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅនោះរួមមានដូចជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប ផលិតផលផ្នែកទេសចរណ៍ រួមជាមួយនឹងផលិតផលដែលជាសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត”។
ឯកឧត្តមក៏បានប្រាប់ឱ្យដឹងផងដែរថា ជាមួយនឹងការស្វែងយល់ពីស្ថានភាពដ៏ល្អប្រសើរនៃសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺរួចរាល់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានសិក្សាបន្ថែមពីលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងស្ថានទូតសហរដ្ឋអាមេរិក ជាមួយនឹងការកោតសរសើរពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្ដានុពលសំខាន់ៗផ្សេងៗទៀតនៅទូទាំងខេត្ត ទូតអាមេរិកក៏បានលើកទឹកចិត្តឱ្យបង្កើនគុណភាពក្នុងការផលិតឱ្យត្រូវកម្រិតស្ដង់ដារ ដើម្បីបង្កើនទីផ្សារបន្ថែមទៀត៕