ភ្នំពេញ ៖ ខណៈពេលដែលទីផ្សារអចលនទ្រព្យនៅតាមតំបន់មួយចំនួននៃរាជធានីភ្នំពេញ កំពុងទទួលរងនូវការធ្លាក់ចុះក្រោមឥទ្ធិពលនៃវិបត្តិជំងឺកូវីដ ដែលកំពុងគំរាមកំហែងនោះ សម្រាប់តែតំបន់ខណ្ឌសែនសុខ នៅតែបង្ហាញពីភាពល្អប្រសើរនៃទីផ្សាររបស់ខ្លួន ជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើន។ 

ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានមានប្រសាសន៍ប្រាប់ភ្នាក់ងារសារព័ត៌មាន kramapost.com នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ថា តំបន់សែនសុខ បាននិងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន ដែលក្នុងនោះវិស័យអចលនទ្រព្យ និងសំណង់បានបង្ហាញពីភាពលេចធ្លោជាងគេផងដែរ។ 

លោកបញ្ជាក់ថា ៖“ខណ្ឌសែនសុខ បានក្លាយទៅជាតំបន់ដែលមានប្រជាប្រិយភាពខ្ពស់ ក្នុងវិស័យសំណង់លំនៅដ្ឋានកម្រិតមធ្យម និងកំពុងឈានទៅរកកម្រិតខ្ពស់ជាបណ្ដើរៗ ហើយក៏បានត្រៀមខ្លួនរួចរាល់ជាស្រេច ក្នុងទទួលយកវត្តមានថ្មីនៃវិស័យខុនដូ ដែលកំពុងមានតម្រូវការនាពេលបច្ចុប្បន្ននេះផងដែរ” ។

បច្ចុប្បន្ននេះ ខណ្ឌសែនសុខ គឺជាតំបន់ដែលមានសក្ដានុពលខ្ពស់ សម្រាប់បម្រើដល់វិស័យពាណិជ្ជកម្ម ជាក់ស្ដែងបច្ចុប្បន្នក្រៅពីជាតំបន់ ដែលប្រមូលផ្តុំទៅលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជាផ្សារទំនើប AEON2 ផ្សារ Makro ផ្សារ Global House ផ្សារទំនើបជីបម៉ុង មណ្ឌលវិមានសែនសុខ រួមជាមួយនឹងអគារពាណិជ្ជកម្មអន្តរជាតិមួយចំនួនទៀត ដែលជំរុញឱ្យវិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះ កាន់តែមានសក្តានុពលខ្ពស់។ 

លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service បានធ្លាប់បានមានប្រសាសន៍ថា ខណ្ឌសែនសុខ ពេលនេះបានអភិវឌ្ឍន៍ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់រួចហើយហើយ។ លោកស្រីបានមានប្រសាសន៍បន្តទៀតថា៖ “សែនសុខបច្ចុប្បន្ននេះបានបំពេញទៅដោយបុរីលំនៅដ្ឋានធំៗ ក៏ដូចជាបណ្តុំលំនៅដ្ឋានកម្រិតខ្ពស់ រួមជាមួយវត្តមាននៃអគារខ្ពស់ៗដែលបម្រើឱ្យវិស័យពាណិជ្ជកម្ម”។

លោកបានលើកឡើងទៀតថា ពីមុនតំបន់ខណ្ឌសែនសុខ ស័ក្ដិសមទៅនឹងការវិនិយោគ និងអភិវឌ្ឍន៍ទៅលើគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ប៉ុន្តែសព្វថ្ងៃនេះខុសពីកាលពីឆ្នាំកន្លងទៅ។ ការវិនិយោគលើគម្រោងលំនៅដ្ឋានកម្រិតមធ្យមនៅទីនេះលែងមានទៀតហើយ ប៉ុន្តែសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មគឺនៅមានឱកាស ដោយសារតែតម្លៃដីនៅតំបន់ខណ្ឌសែនសុខបានឡើងខ្ពស់រួចទៅហើយ ដែលជាហេតុផល និងជាឧបសគ្គសម្រាប់ការអភិវឌ្ឍ៕