កំពង់ស្ពឺ ៖ ស្ថិតនៅក្នុងភូមិសាស្ត្រដ៏ល្អ និងអំណោយផលដល់ការដឹកជញ្ជូន បម្រើដល់វិស័យឧស្សាហកម្ម ខេត្តកំពង់ស្ពឺ ដែលប្រមូលផ្តុំទៅដោយគម្រោងវិនិយោគបង្កើតរោងចក្ររាប់រយគម្រោង បានជំរុញឱ្យតម្រូវការនៃការប្រើប្រាស់ដីនៅតាមតំបន់សំខាន់ៗមួយចំនួនកាន់តែមានភាពទាក់ទាញ។
បច្ចុប្បន្ននេះ នៅតាមបណ្តាផ្លូវជាតិសំខាន់ៗក្នុងខេត្តកំពង់ស្ពឺ ដូចជាផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ ៥១ ក៏ដូចជាផ្លូវជាតិលេខ៤១ ត្រូវបានគេដឹងថាគម្រោងវិនិយោគ និងបង្កើតជាទីតាំងរោងចក្រជាច្រើនរហូតដល់ជាង២០០គម្រោង។
លោកឧកញ៉ា តេង រិទ្ធី នាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group បានប្រាប់ឱ្យដឹងថា តម្រូវការនៃការប្រើប្រាស់ដីនៅក្នុងខេត្តកំពង់ស្ពឺនឹងកើនឡើងយ៉ាងគំហុក សម្រាប់បម្រើឱ្យទាំងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ឃ្លាំង និងគម្រោងមណ្ឌលកម្សាន្តធម្មជាតិជាច្រើន។
លោកឧកញ៉ាបន្តទៀតថា “គម្រោងវិនិយោគលើវិស័យរោងចក្រ និងសហគ្រាសជាច្រើនបានបាញ់ឆ្ពោះទៅកាន់កំពង់ស្ពឺ ដោយសារតែខេត្តមួយនេះ មានកត្តាភូមិសាស្ត្រល្អជាងបណ្តាខេត្តដទៃទៀត ជាពិសេសផ្លូវជាតិលេខ៤ ដែលជាផ្លូវសំខាន់ក្នុងការដឹកជញ្ជូន”។
លោកឧកញ៉ាបន្តថា “ មិនថាគម្រោងវិនិយោគ ឬអភិវឌ្ឍន៍វិស័យរោងចក្រ ឬសហគ្រាសនោះទេ ភាពរីកចម្រើន និងអភិវឌ្ឍន៍នៅក្នុងតំបន់ ពិតជានឹងកើតមាន ដែលរូបភាពទាំងអស់នេះ សុទ្ធតែជាចំណុចល្អជួយជំរុញឱ្យ វិស័យអចលនទ្រព្យទាំងមូលមានភាពកាន់តែល្អប្រសើរ”។
ស្រដៀងគ្នាទៅនឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ចាន់ឌី ដែលមានក្រុមហ៊ុនអភិវឌ្ឍន៍វិស័យលំនៅដ្ឋានផងដែរនោះបានទទួលស្គាល់ថា ទឹកដីខេត្តកំពង់ស្ពឺពិតជាមានភាពល្អប្រសើរ និងទាក់ទាញលើការវិនិយោគ។ លោកបានបន្តថា “គម្រោងជាច្រើនវិនិយោគពីអន្តរជាតិជាច្រើនបាន និងកំពុងតែសម្រុកបាញ់ឆ្ពោះទៅកាន់កំពង់ស្ពឺ ស្របទៅនឹងផែនការបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ វាជាមោទនភាពរបស់អ្នកខេត្តកំពង់ស្ពឺ ដែលក្រៅពីអាចមានឱកាសទទួលបានការងារធ្វើ អាចរកចំណូលបានហើយនោះ ថែមទាំងទទួលបាននូវកំណើននៃតម្លៃដីធ្លីទៀត”។
លោក ម៉ាន់ ចាន់ឌី បានបញ្ជាក់ថា “នៅក្នុងឆ្នាំ២០២០នេះ ខ្ញុំជឿថា គម្រោងវិនិយោគជាច្រើនទៀត នឹងបន្តសម្រុកចូលបន្ថែម ក្រោយពេលហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងខេត្ត ត្រូបានវបញ្ចាប់ការសាងសង់ ជាពិសេសវត្តមានផ្លូវល្បឿនលឿន ដែលជាគម្រោងចម្បងរបស់រាជរដ្ឋាភិបាលកំពុងតែពន្លឿនសកម្មភាពសាងសង់នាពេលបច្ចុប្បន្ននេះ”។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍បញ្ជាក់ប្រាប់តាមទូរស័ព្ទនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា បន្ទាប់ពីស្ថានភាពនៃការរាតត្បាតជំងឺឆ្លងត្រូវបានស្ងប់ស្ងាត់មួយរយៈពេលចុងក្រោយនេះ បណ្តាវិនិយោគិនចិនជាច្រើន បានចូលមកសិក្សា និងពីភាក្សាទៅលើគម្រោងវិនិយោគរបស់ពួកគេ នៅក្នុងខេត្តកំពង់ស្ពឺ នៅក្នុងវិស័យសំខាន់ៗមួយចំនួន ដែលក្នុងនោះក៏មានគម្រោងសាងសង់អគារពាណិជ្ជកម្មផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា “ចាប់តាំងមានការថមថយនូវការរាតត្បាតជំងឺឆ្លង ក្នុងរយៈពេលជាង២ខែចុងក្រោយនេះ ពួកគេមកច្រើន (វិនិយោគិនចិន) ដែលក្នុងនោះមានទាំងអ្នកវិនិយោគចាស់ ដែលបានចាកចេញទៅមុនពេលផ្ទុះកូវីដ និងមានអ្នកថ្មី ដែលមកសិក្សាពីឱកាសវិនិយោគ រួមជាមួយនឹងការដាក់បង្ហាញពីផែនការរបស់ពួកគេ”។
គោលដៅនៃការវិនិយោគរបស់វិនិយោគិនជាជនជាតិចិន នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលោកអភិបាលបញ្ជាក់ប្រាប់ថាក្រៅពីវិស័យឧស្សាហកម្មរោងចក្រសហគ្រាសខ្នាតធំ នៅមានវិស័យកសិកម្មកម្រិតខ្ពស់ចាប់ ពីចំណុចដាំដុះកែច្នៃវេចខ្ចប់សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ បន្ថែមពីនេះនៅមានការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យសាងសង់ជាអគារខុនដូ និងអគារពាណិជ្ជកម្មនៅក្នុងក្រុងច្បារមន ហើយក៏មានគម្រោងវិនិយោគនៅក្នុងវិស័យអប់រំកម្រិតខ្ពស់ផងដែរ៕