កញ្ញា រ៉េត សារីតា ដែលជាបវរកញ្ញាចក្រវាឡ ត្រូវចូលរួមប្រកួតនៅលើឆាក អន្តរជាតិតំណាងឱ្យប្រទេសកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យ និងជនបរទេសដែលបានចែកចាយជាឃ្លីបវីដេអូ លើកសរសើពីភាពក្លាហាន មុះមុត រួមទាំងសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញាផងដែរ។ នៅក្នុងអត្ថបទនេះនឹងលើកឡើងពីចំណុចពិសេសៗ៥យ៉ាង ដែលអ្នកគួររៀនពីបវរកញ្ញា រ៉េត សារីតា៖
១.ភាពក្លាហាន៖ ចំណុចពិសេសនេះបានបង្ហាញចេញតាមរយៈ ការប្រឈមមុខជាមួយមនុស្សជាច្រើន ព្រមទាំងភាពក្លាហាន ដោយបានបញ្ចេញនូវសមត្ថភាពដែលខ្លួនមានដោយភាពជឿជាក់ និងអស្ចារ្យបំផុត។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញាបានធ្វើឱ្យប្រទេសជាច្រើនងាកមកចាប់អារម្មណ៍លើសិល្បៈក្បាច់គុន និងវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា។
២.សមត្ថភាព៖ កញ្ញារ៉េត សារីតាក៏ជាអ្នកដឹកនាំសម្តែងខ្សែភាពយន្ត ជាពិធីការនីដែលមានសមត្ថភាពនិយាយភាសាអង់គ្លេស ដូចជាភាសាកំណើត។ លើសពីនេះទៀត កញ្ញាជាតារាសម្ដែងដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាជននៅកម្ពុជា។ ហើយភាពជោគជ័យទាំងនេះកើតឡើងពីការខិតខំប្រឹងប្រែង តាមរយៈសមត្ថភាពបូករួមជាមួយការខិតខំប្រឹងប្រែងរបស់កញ្ញាផ្ទាល់។
៣.ការតស៊ូ៖ ការតស៊ូទាំងនេះ គឺជារនាំងដ៏រឹងមាំមួយ នៅពីក្រោយភាពជោគជ័យរបស់កញ្ញាក្នុងពេលបច្ចុប្បន្ន។ ក្នុងនាមជាក្មេងស្រីកំព្រាម្ដាយម្នាក់កាលពីអតីត កញ្ញាជួបការលំបាកខ្លាំង ជាមួយបញ្ហាហិរញ្ញវត្ថុដើម្បីបានរៀនបន្ត និងដើម្បីធ្វើការផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ ដែលមានឪពុក និងប្អូនតូចៗនៅក្នុងបន្ទុក។ បើមើលទៅអតីតកាលរបស់កញ្ញា គឺពិតជារឿងដែលពិបាកខ្លាំង ដើម្បីទទួលបានភាពជោគជ័យដូចពេលបច្ចុប្បន្ន ប៉ុន្តែទាំងនេះកើតឡើងបានដោយការខិតខំតស៊ូរបស់កញ្ញា។
៤.ជាស្រ្តីគំរូ៖ មានយុវវ័យជាច្រើនបានចាត់ទុកកញ្ញា គឺជានិមិត្តរូបរបស់ខ្លួន ដោយសារតែកញ្ញាបានធ្វើឱ្យ យុវវ័យមានការគិតបានវែងឆ្ងាយជាងមុខ មានការតាំងចិត្ត ជំនះឧបសគ្គដែលបានរារាំងក្ដីស្រម័យរបស់ខ្លួន ហើយថែមទាំងបានធ្វើឱ្យមនុស្សជាច្រើនយល់ពីតម្លៃនៃការប្រឹងប្រែងរៀនសូត្រ និងបានបង្ហាញថាស្រ្តីអាចធ្វើអ្វីបានជាច្រើនលើសពីការគិត។
៥.ជានារីម្នាក់ដ៏រឹងមាំ៖ នៅពីក្រោយភាពជោគជ័យ មានទាំងការតស៊ូ ភាពក្លាហាន ប្រឹងប្រែង អ្វីដែលជាកម្លាំងដ៏សំខាន់នៅក្នុងខ្លួននោះគឺកញ្ញារ៉េត សារីតា ជានារីម្នាក់ដ៏រឹងមាំបំផុត ហើយក៏បានក្លាយជា កម្លាំងចិត្តមួយទៅដល់នារីគ្រប់រូបដែលកំពុងតែមានបញ្ហាដូចជា កញ្ញារ៉េត សារីតា បានតស៊ូតទៅមុខទៀត។
ទាំងប្រាំចំណុចខាងលើនេះហើយ ជាអ្វីដែលអ្នកត្រូវតែដឹងពី បវរកញ្ញាចក្រវាឡតំណាងប្រទេសកម្ពុជា ដើម្បីជាមេរៀនមួយសម្រាប់ឱ្យអ្នកទាំងអស់គ្នា បានយកជាបទពិសោធន៍ ទុកជាកម្លាំងចិត្តដ៏ធំធេង។ នៅពេលដែលអ្នកជួបបញ្ញាលំបាកណាមួយ ធ្វើឱ្យអ្នកចង់ចុះចាញ់ សូមអ្នកសម្លឹងទៅមើលអ្នកដែលធ្លាប់ជួបទុក្ខលំបាកច្រើនជាងអ្នក ហើយគេនៅតែបន្តទៅមុខ រហូតបានជួបជីវិតដូចក្ដីប្រាថ្នា៕