សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
គោលដៅជីវិតរបស់យើងគឺយើងផ្ទាល់ជាអ្នកកំណត់ថាតើចង់បានអ្វីខ្លះដែលជាខ្លឹមសារ និងជាអត្ថន័យរបស់ខ្លួនអ្នកផ្ទាល់។ អ្នកអាចមានគោលដៅច្រើន ឬតិចអាស្រ័យទៅតាមសមត្ថភាពដែលអ្នកអាចប៉ាន់ប្រមាណបាន។ ជាមួយគ្នានេះបទពិសោធន៍មួយចំនួនពីមនុស្សជាច្រើន ដែលបានចែករំលែកនូវចំណុចរួមដូចៗគ្នាដើម្បីឱ្យគោលបំណងមួយសម្រេចជោគជ័យក្រមាប៉ុស្ត៍ ក៏សូមសង្ខេបដូចខាងក្រោមនេះ៖
១.ឆន្ទៈមុតមាំ
ចំណុចទីមួយនេះសម្តៅទៅលើថាអ្នកមានការពេញចិត្តពិតប្រាកដទៅនឹងបំណងដែលអ្នកបានប៉ងទុកនោះ ឬទេ? តើអ្នកស្រលាញ់វាពិតប្រាកដ ឬទេ? បើពិតជាស្រលាញ់មែននោះអ្នកគឺមិននឿយណាយក្នុងការរិះរកផែនការសកម្មភាពនិងធ្វើសកម្មភាពជាផ្លូវទៅរកគោលដៅនោះឡើយ។ គួរចាំថា ការស្រលាញ់ពេញចិត្តការស្មោះត្រង់និងយល់ច្បាស់ពីខ្លួនឯងថាចង់បានអ្វីពិតប្រាកដនោះជាបុព្វហេតុពិសេសមួយជម្រុញឱ្យអ្នកមិនបោះបង់គោលដៅនោះងាយៗឡើយ។
២.សកម្មភាព
មែនហើយក្រៅតែពីមានជំនឿដ៏មុតមាំថាអ្នកអាចធ្វើបាននោះត្រូវមានផែនការគំនិតផែនការសកម្មភាព និងធ្វើនូវសកម្មភាពទាំងនោះដែលជាផ្លូវ និងស្ពានទៅរកអ្វីជាគោលដៅរបស់អ្នកឱ្យលេចចេញជារូបរាងពិតប្រាកដ។ ហើយយើងក៏ត្រូវស្វែងយល់ផងដែរថាដំណើរកសាងជាផ្លូវស្ពានទៅដល់គោលដៅគឺតែងមានឧបសគ្គជានិច្ចជាកាលដែលតម្រូវឱ្យអ្នកមានការតស៊ូអស់ពីចិត្តពីថ្លើមសេចក្តីអត់ធន់ និងព្យាយាមក្នុងការបំពេញការងារទើបអាចសម្រេចបានគោលដៅ។
៣.គោលជំហរឹងមាំយកចិត្តទុកដាក់ មិនប្រហែស
ដូចពាក្យពាក្យអប់រំណែនាំបានលើកឡើងថា"លទ្ធផលគឺបានមកពីការខិតខំប្រឹងប្រែង" ហើយនេះជាការពិតមិនអាចប្រកែកបាន។ ត្រឡប់មកវិញជាមួយនឹងការខិតខំប្រឹងប្រែងដែលមានយើងក៏គួរគប្បីមានក្តីសង្ឃឹម និងភាពអំណត់ជាប់ជាមួយថាបើទោះជាមានរឿងអ្វីកើតឡើងមិនសមប្រកប អ្នកនឹងមិនបោះបង់គោលដៅអ្នកឡើយព្រោះអ្នកជាអ្នករក្សាការពារនិងបង្កើតវាបានសម្រេច។ ដូចនេះ ប្រសិនបើមានបញ្ហាណាមួយកើតឡើងជារបាំងរារាំងអ្នកមិនគួរអស់សង្ឃឹម ប៉ុន្តែគឺរិះរកវិធីដោះស្រាយឱ្យបានល្អប្រសើរជានិច្ច។
៤.បទពិសោធល្អៗ
ពិតណាស់នៅពេលបេសសកកម្មទៅបំពេញគោលដៅអ្នក ទន្ទឹមនឹងនោះអ្នកអាចរៀនសូត្រពីរៀមច្បងដែលជាអ្នកមានបទពិសោធមុនអ្នកជាអ្នកធ្លាប់កាត់ច្រើនទៅលើគោលដៅណាមួយអ្នកក៏គួររៀនសូត្រពីពួកគាត់។ ម្យ៉ាងទៀត អ្នកអាចស្វ័យសិក្សាពីដំណើរការ ឬដំណើរហេតុដែលអាចបំពេញសម្រេចកិច្ចការឱ្យបានជោគជ័យតាមរយៈការសង្កេត រៀនសូត្រនិងព្យាយាមនោះឯងដែលមិនអាចខ្វះបាន ហើយលទ្ធផលផ្លែផ្កាសម្រេចជោគជ័យនឹងតបស្នងអ្នកទៅតាមកិច្ចខិតខំដែលអ្នកបានធ្វើ៕