Eleanor Roosevelt ជាអ្នកណា?
ឈ្មោះពេញដែលគេហៅគឺ Anna Eleanor Roosevelt ។ Eleanor Roosevelt គឺជាក្មួយស្រីរបស់ប្រធានាធិបតីអាមេរិកម្នាក់គឺ Theodore Roosevelt ។ គាត់កើតនៅថ្ងៃទី 11 ខែតុលា ឆ្នាំ 1884 និងទទួលមរណភាពនៅថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 1962។ គាត់គឺជាឥស្សរជននយោបាយ អ្នកការទូត និងសកម្មជនជនជាតិអាមេរិក។
គាត់ជាស្រីម្នាក់ដែលបានបម្រើការជាស្ត្រីទីមួយ របស់សហរដ្ឋអាមេរិកពីឆ្នាំ 1933 ដល់ឆ្នាំ 1945 កំឡុងពេលដែលស្វាមីរបស់គាត់ ឈ្មោះថា Franklin D. Roosevelt ឡើងកាន់តំណែងជាប្រធានាធិបតី រហូតដល់ចំនួនបួនអាណត្តិ ដែលធ្វើអោយគាត់ក្លាយជាស្ត្រីទីមួយ ដែលកាន់តំណែងយូរបំផុតរបស់សហរដ្ឋអាមេរិក។
ដោយកំណត់តួនាទីស្ត្រីទីមួយ លោកស្រីបានតស៊ូមតិដើម្បីសិទ្ធិមនុស្សនិងស្ត្រី ធ្វើសន្និសីទសារព័ត៌មាន និងសរសេរអត្ថបទដោយផ្ទាល់ខ្លួន។ គាត់បានបម្រើការជាស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក រហូតដល់ការស្លាប់របស់ប្ដីគាត់ Franklin Roosevelt នៅថ្ងៃទី 12 ខែមេសាឆ្នាំ 1945 ។
បន្ទាប់ពីចាកចេញពីសេតវិមានក្នុងឆ្នាំ 1945 លោកស្រី Eleanor បានក្លាយជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ Roosevelt បានបម្រើការជាប្រតិភូសហរដ្ឋអាមេរិក ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ UN ពីឆ្នាំ 1945 ដល់ឆ្នាំ 1952។ លោកប្រធានាធិបតី Harry S. Truman ក្រោយមកបានហៅគាត់ថាជា "ស្ត្រីទីមួយនៃពិភពលោក" ក្នុងការគោរពចំពោះសមិទ្ធិផលសិទ្ធិមនុស្សរបស់នាង៕