នៅក្នុងវិថីជីវិតរបស់មនុស្សយើងម្នាក់ៗ មានវិធីសាស្រ្តជាច្រើនក្នុងការអភិវឌ្ឍការរស់នៅឱ្យមានភាពល្អប្រសើរ ដោយក្នុងនោះមានមនុស្សខ្លះ ជ្រើសរើសយកគ្រប់មធ្យោបាយដើម្បីកសាងភាពមានបាន ខណៈបុគ្គលមួយចំនួនទៀតប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ជាដើមទុនសំខាន់បំផុត សម្រាប់អភិវឌ្ឍការរស់នៅ។
លោក រិន រ៉ាវុធ សាស្រ្តាចារ្យផ្នែកគ្រប់គ្រងបានលើកឡើងថា ភាពស្មោះត្រង់ជាដើមទុនសំខាន់បំផុតសម្រាប់មនុស្សមិនថាអ្នកនោះជាអ្នកធ្វើការ ឬជាអ្នករកស៊ីនោះទេ។ កាលណាយើងប្រកាន់ភ្ជាប់បាននូវភាពស្មោះត្រង់ក្នុងការរកស៊ីយើងនឹងឃើញថា អាជីវកម្មរបស់យើងនឹងអាចដោះស្រាយបញ្ហាបានដោយរលូន បើទោះបីជាកំពុងស្ថិតក្នុងវិបត្តិឬកំពុងមានបញ្ហាណាមួយដោយឥតព្រាងទុកក៏ដោយ។ ហេតុផលដោយសារតែជាទូទៅយើងជាមនុស្សដែលច្បាស់លាស់ និងប្រាកដនិយម ហេតុនេះដៃគូអាជីវកម្ម ក៏ដូចជាមនុស្សជុំវិញខ្លួននឹងជឿជាក់លើយើង ដោយទុកចន្លោះឬថែមទាំងផ្តល់ជំនួយថែមទៀតផង ដើម្បីដោះស្រាយបញ្ហានោះប្រកបដោយទំនុកចិត្ត។
លោក រិន រ៉ាវុធ បាននិយាយថា៖ «បន្ថែមពីលើនេះ សម្រាប់សហគ្រិនដែលមានសមត្ថភាពខ្លាំង ពេលខ្លះភាពស្មោះត្រង់ក៏អាចជំនួសលុយកាក់ក្នុងការបង្កើតមុខរបរផងដែរ។ ជាក់ស្តែងនៅពេលបង្កើតអាជីវកម្ម ឬក្រុមហ៊ុនមួយ កាលណាយើងមានជំនាញ មានភាពស្មោះត្រង់ច្បាស់ណាស់ថា នឹងមានមនុស្សជាច្រើនចាប់អារម្មណ៍ផ្តល់ទុនជាហិរញ្ញវត្ថុឱ្យអនុវត្តគម្រោងនោះដោយឥតរារែក»។
អ្នកជំនាញអប់រំខាងលើបានបញ្ជាក់ផងដែរថា ចំពោះអ្នកធ្វើការងារក៏ដោយគ្នា។ កាលណាយើងមានភាពស្មោះត្រង់ និងប្រាកដនិយម នោះយើងក៏អាចក្លាយជាមនុស្សមានឥទ្ធិពលផងដែរ បោះទោះបីជាយើងជាកូនចៅគេក៏ដោយ។ព្រោះភាពប្រាកដនិយមនេះ ជាកត្តាសំខាន់បំផុតដែលធ្វើឱ្យគេគ្រប់គ្នាជឿជាក់លើយើង ហើយយើងនឹងក្លាយជាមនុស្សដែលគួរទុកចិត្តបានសម្រាប់រាល់កិច្ចការងារនានា។ ប្រសិនបើយើងលើកសំណើច្បាស់លាស់ណាមួយហើយ ភាគតិចណាស់ដែលគេបដិសេធ។
ទោះជាយ៉ាងនេះក្តី លោកថា ទំនុកចិត្តនេះ ជារឿងដែលលំបាកកសាងតែងាយស្រួលបាត់បង់ ព្រោះជាទូទៅដើម្បីឱ្យគេទុកចិត្ត យើងចាំបាច់ត្រូវបង្ហាញភាពស្មោះត្រង់និងទម្លាប់រស់នៅក្នុងជីវិតស្មោះត្រង់យូរអង្វែង រហូតគ្រប់គ្នាមើលឃើញពីភាពច្បាស់លាស់និងជាក់លាក់របស់យើង តែប្រសិនបើយើងធ្វេសប្រហែស ឬធ្លោយលោភលន់មួយពេលនោះមនុស្សគ្រប់គ្នានឹងដកទំនុកចិត្តពីយើងភ្លាម។ ហេតុនេះប្រសិនបើចង់ឱ្យជីវិតរស់នៅប្រកបដោយក្តីស្រឡាញ់ពិតប្រាកដពីមនុស្សជិវិញខ្លួននិងចង់ឱ្យជីវិតរស់នៅប្រកបដោយថាមពលវិជ្ជមាន ទាំងនៅកន្លែងរកស៊ី ឬកន្លែងការងារចាំបាច់ត្រូវទម្លាប់រស់នៅក្នុងភាពស្មោះត្រង់៕