សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

តើអ្នកធ្លាប់មានអារម្មណ៍អស់សង្ឃឹមអស់ទឹកចិត្ត និងខូចចិត្តជាខ្លាំងដែរឬទេ? ហើយតើអ្នកធ្លាប់មានអារម្មណ៍ទាំងនេះទាំងដែលគ្មានមូលហេតុដែរឬទេ? ការទាំងនេះតែងតែធ្វើបាបខួរក្បាលឱ្យគិតច្រើន រហូតប៉ះពាល់ផ្លូវអារម្មណ៍កាន់តែខ្លាំងរហូតចង់រកអ្នកណាម្នាក់ដែលអាចចែករំលែកទុក្ខកង្វល់ទាំងនេះដើម្បីបានបន្ធូរអារម្មណ៍ ឬស្ដាប់ពាក្យលើកទឹកចិត្តពីអ្នកទាំងនោះ។ ឃ្លាល្អៗទាំង១០ខាងក្រោមនេះអាចជួយអ្នកដើម្បីដាស់តឿនខ្លួនឯង កុំឱ្យគិតច្រើនជ្រុល ឬលើកទឹកចិត្តខ្លួនឯងឡើងវិញបាន។

១. លើលោកនេះ គ្មានអ្វីល្អឬអាក្រក់ឡើយ តែការគិតរបស់យើងទេដែលទៅកំណត់រឿងទាំងនោះ។

២. បើអ្នកចំណាយពេលទៅគិតរឿងតែមួយយូរពេកវាមានតែធ្វើឱ្យអ្នកកាន់តែតឹងតែង ហើយមិនអាចបញ្ចប់រឿងនោះបានស្រួលឡើយ។

៣. ឃើញមនុស្សម្នាក់សើច ញញឹមមិនប្រាកដថាម្នាក់នោះមិនធ្លាប់ឆ្លងកាត់ទុក្ខលំបាកឡើយ។

៤. ជីវិតនៅសល់ពេលមិនច្រើនទេ តែនៅសល់រឿងច្រើនណាស់ដែលត្រូវបំពេញ ហេតុអីយកខួរក្បាលទៅគិតតែរឿងស្មុគស្មាញនេះ?

៥. បរាជ័យបំផុតគឺនៅពេលមនុស្សម្នាក់គិតថាខ្លួនឯងមិនអាចធ្វើបាននេះហើយ។

៦. កុំបំផ្លាញខ្លួនឯងដោយសារតែការគិតនេះគិតនោះ ច្រើនជ្រុល។ ការគិតគឺជាសត្រូវនៃភាពច្នៃប្រឌិត។ កាលណាយើងគិតកាន់តែច្រើនភាពច្នៃប្រឌិតក៏កាន់តែខ្សោះទៅៗ ព្រោះតែការបារម្ភ និងភ័យខ្លាចនោះឯង។

៧. សាកយករឿងមួយមកគិតហើយគិតទៀតពេញមួយថ្ងៃ អ្នកនឹងរកឃើញថាខ្លួនឯងមិនបានធ្វើអ្វីឱ្យមានប្រយោជន៍សោះក្រៅពីការគិតតែខ្លួនឯងនេះ។

៨. ព្រះពុទ្ធទ្រង់សម្ដែងថាបើយើងគិតអី យើងនឹងក្លាយជាបែបនោះ។

៩.យើងតែងខឹងអ្នកដទៃដែលមកនិយាយមិនល្អ ឬមិនជួយជំរុញយើង តែយើងភ្លេចខឹងខ្លួនឯងដែលតែងតែគិតដល់រឿងអវិជ្ជមានដែលជះឥទ្ធិពលយ៉ាងខ្លាំងចំពោះខ្លួនយើង។

១០. ត្រូវចាំថា បើលីសែងរបស់ធ្ងន់គេអាចជួយរំលែកបាន តែបើទូលទុក្ខធ្ងន់តែខ្លួនឯង គ្មានអ្នកណាមកជួយរំលែកបានទេ។ ត្រូវចេះប្រាប់ខ្លួនឯងឱ្យព្រលែងការគិតមួយចំនួនចោល ហើយចាប់យកអ្វីដែលធ្វើឱ្យខួរក្បាលបានសម្រាកខ្លះ៕