សក់គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់មនុស្សគ្រប់រូប ដោយសារតែសក់ជួយបន្ថែមនូវភាពទាក់ទាញ និងស្រស់ស្រាយ។ មានមនុស្សជាច្រើនបានជ្រើសយកការប្រើប្រាស់សាប៊ូកក់សក់ដែលមានតម្លៃថ្លៃ ដើម្បីព្យាបាលសក់ខូច សក់ជ្រុះ និងស្បែកក្បាលដែលមានអង្គែជាដើម។ 

យ៉ាងណាមិញការធ្វើឱ្យសក់របស់អ្នកខូច គឺផ្ដើមចេញពីខ្លួនអ្នកផ្ទាល់ តាមរយៈទម្លាប់ធ្វើរឿងមិនល្អទាំង៨យ៉ាងខាងក្រោមនេះ៖

១.ទម្លាប់ទុកសក់ឱ្យសើម

ការទុកសក់ឱ្យសើមក្នុងរយៈពេលយូរ ជាទម្លាប់មិនល្អមួយធ្វើឱ្យស្បែកក្បាលឆាប់ឡើងអង្គែ សំពោង ផុយនិងងាយបែកចុង។ ដូច្នេះហើយអ្នកមិនត្រូវទុកសក់ឱ្យសើមយូរលើសពី១៥នាទីឡើយ ក្រោយពេលលាងសម្អាតសក់រួច អ្នកត្រូវប្រញាប់សម្ងួតសក់ឱ្យស្ងួត និងប្រើប្រេងអូលីវលាបពីលើសក់។

២.ទម្លាប់ចេញក្រៅមិនពាក់មួក

សក់ជាតំបន់ដែលងាយជួបជាមួយបាក់តេរីខ្លាំងណាស់ ជាពិសេសនៅពេលចេញក្រៅ ដែលមានខ្យល់អាកាសខ្លាំង ធ្វើឱ្យបក់ដោយធូលីដីជាច្រើនមកប៉ះជាមួយសក់របស់អ្នក ដែលធូលីទាំងនោះនិងធ្វើឱ្យស្បែកក្បាលស្ងួត ព្រមទាំងឆាប់ឡើងអង្គែ និងរមាស់ស្បែកក្បាលទៀតផង។

៣.ទម្លាប់ចងសក់តឹងពេក

មនុស្សមួយចំនួននិយមចងសក់តឹងៗ និងលើកឡើងខ្ពស់ ដែលការចងសក់តឹងបែបនេះធ្វើឱ្យរឹបស្បែកក្បាល សក់លូតលាស់មិនល្អ ជាពិសេសធ្វើឱ្យសក់របស់អ្នកឆាប់បាក់ មិនរលាស់ និងងាយបែកចុង។ ដូច្នេះហើយអ្នកគូរកាត់បន្ថយ ការចងសក់តឹងពេក មកចងឱ្យធូរ ទម្លាក់សក់ កៀបដង្គៀបជំនួសវិញ។

៤.ទម្លាប់មិនកាត់សក់បែកចុង

ទម្លាប់បែបនេះភាគច្រើនជានារីៗ ដែលគាត់ចង់បានសក់វែង ដូច្នេះហើយគាត់មិនហានកាត់សក់បែកចុងនោះឡើយ។ ក៏ប៉ុន្តែការមិនកាត់សក់បែកចុង គឺអាចធ្វើឱ្យសក់របស់អ្នកមិនលូត មើលទៅសំពោងខ្លាំង ហើយថែមទាំងអាចធ្វើឱ្យសក់ខូចទៀតផង។ 

៥.ទ​ម្លាប់យកដៃលេងសក់

ការយកដៃមកប៉ះពាល់ជាមួយសក់ ដោយមិនបានលាងសម្អាតឱ្យបានស្អាតជាមួយសាប៊ូ ធ្វើឱ្យមេរោគដែលជាប់ជាមួយដៃ ឆ្លងមកដល់សក់របស់អ្នក បង្កជាបាក់តេរីធ្វើឱ្យសក់ខូច និងធ្វើឱ្យសក់របស់អ្នកជ្រុះតាមដៃដោយមិនដឹងខ្លួន។

៦.ទម្លាប់កក់សក់ញឹកញាប់ពេក

មនុស្សមួយចំនួនប្រាកដជាគិតថា ការកក់សក់ញឹកញាប់ នឹងអាចធ្វើឱ្យសក់ទទួលបាននូវសុខភាពល្អ មានសំណើម និងមិនងាយបែកចុង ឬក៏ជ្រុះជាដើម។ យ៉ាងណាមិញការកក់សក់ញឹកញាប់ពេក ដោយកក់មួយថ្ងៃពីរដង ឬក៏មួយថ្ងៃបីដង អាចធ្វើឱ្យសក់របស់អ្នកទាំងអស់គ្នា ស៊ាំជាមួយការបញ្ចេញប្រេងលឿន ដែលងាយធ្វើឱ្យស្បែកឡើងអង្គែ ប្រឈមនឹងការជ្រុះសក់។

៧.ទម្លាប់សឹតសក់ខ្លាំង និងសង្កត់ធ្ងន់ៗ

ការសឹតសក់លើស្បែកក្បាលខ្លាំងពេក អាចធ្វើឱ្យសក់នឹងស្បែកក្បាលរបស់អ្នកប្រឈមនឹងការកកឹតខ្លាំង ជាពិសេសស្បែកក្បាលរបស់អ្នកនឹងមានក្រមរ ហើយថែមទាំងអាចធ្វើឱ្យសក់មិនងាយដុះថែមទៀតផង។

៨.ទម្លាប់បរិភោគអាហារមិនមានប្រយោជន៍ដល់សក់

ការបរិភោគអាហារមិនមានប្រយោជន៍ដល់សក់ ប្រៀបដូចជាការបរិភោគអាហារដែលមិនមានប្រយោជន៍ចំពោះសុខភាពដូចគ្នា។ ដោយសារតែសក់របស់យើងគ្រប់រូប គឺត្រូវការសារជាតិដើម្បីជួយបំប៉នដល់សក់ឱ្យលូតលាស់ល្អដូចជា ប្រភេទប្រូតេអ៊ីន គ្រាប់ធញ្ញជាតិជាដើម។

អ្នកគម្បីកែប្រែទម្លាប់អាក្រក់ទាំង៨ចំណុចធំៗខាងលើ ដើម្បីធ្វើឱ្យសក់របស់អ្នកត្រឡប់មកស្រស់ស្អាត មិនទទួលរងនូវបញ្ហានានា ដែលបណ្ដាលមកពីការប្រើប្រាស់ទម្លាប់មិនល្អទាំង៨យ៉ាងនោះ។​ ដូច្នេះហើយអ្នកត្រូវចាប់ផ្ដើមថែរក្សាសក់ឡើងវិញ ដោយរក្សានូវរាល់ទម្លាប់ល្អៗ ដូចជាការសម្ងួតសក់ក្រោយពេលលាងសម្អាត ទទួលទានអាហារមានជីវជាតិ និងមិនកក់សក់ញឹកញាប់ពេកជាដើម៕