Image

ពុំមែនមនុស្សគ្រប់គ្នាកើតមកសុទ្ធតែមានភាពទុកចិត្តលើសមត្ថភាពខ្លួនឯងទាំងអស់នោះទេ មានពេលខ្លះគឺជារឿងលំបាកក្នុងការអភិវឌ្ឍទំនុកចិត្តលើខ្លួនឯងផងដែរ ដោយហេតុថាបទពិសោធផ្ទាល់ខ្លួនណាមួយបានធ្វើឱ្យនរណាម្នាក់បាត់បង់ទំនុកចិត្តនោះឬមួយដោយសារការស្តីបន្ទោសខ្លួនឯង ឬមើលងាយសមត្ថភាព ឬមើលរំលងអ្វីដែលខ្លួនមានជាដើម។

មនុស្សដែលមានទំនុកចិត្តគេអាចសម្គាល់ឃើញថា ពួកច្រើនជឿនិងចេញធ្វើអ្វីដែលត្រឹមត្រូវទោះបីមិនមានការគាំទ្រក៏ដោយ។ បន្ថែមពីនោះពួកគេច្រើនមានឆន្ទៈត្រៀមទទួលយកហានិភ័យដែលកើតឡើង ទទួលស្គាល់កំហុស និងរៀនពីកំហុសព្រមទាំងទទួលយកការសរសើរ និងមានគំនិតវិជ្ជមាន។ ដូចនេះ ជាចំណុច៥ដែលជួយបង្កើនសមត្ថភាព និងទំនុកចិត្តលើខ្លួនឯង បទពិសោធមួយចំនួនបានលើកឡើងដូចខាងក្រោម៖

. ងាកមើលអ្វីដែលអ្នកសម្រេចបាន

វាជាការងាយស្រួលក្នុងការបាត់បង់ទំនុកចិត្តខ្លះដែរនៅពេលដែលអ្នកជឿថាអ្នកមិនបានសម្រេចកិច្ចការអ្វីសោះនោះ។ ធ្វើបញ្ជីមួយ ដែលមាននូវអ្វីដែលធ្វើឱ្យអ្នកមានមោទនភាពចំពោះជីវិតអ្នកមិនថាធ្លាប់សម្រេចបានគម្រោងកិច្ចការមួយ ឬមួយធ្លាប់ឡើងសួរសំនួរក្នុងវេទិកាណាមួយឬមួយធ្លាប់បានចេញដំណើរជាមួយមិត្តភក្តិ បានទៅដល់ទីកន្លែងដែលអ្នកប្រាថ្នាជាដើម។អាចមានបញ្ជីនោះជាប់ផ្ទាល់នឹងខ្លួន ហើយបន្ថែមវានៅពេលណាដែលអ្នកបានធ្វើអ្វីមួយដែលអ្នកមានមោទនភាព។នៅពេលណាមួយដែលអ្នកជួបអារម្មណ៍បាត់បង់ភាពទុកចិត្តខ្លួនឯង ចូរពិនិត្យនូវអ្វីដែលអ្នកធ្លាប់សម្រេចបានយ៉ាងល្អរំលឹករឿងល្អៗរបស់អ្នក រឿងអស្ចារ្យដែលអ្នកបានធ្វើ អ្នកប្រាកដជាត្រឡប់មកវិញថាមនុស្សគ្រប់គ្នាមានចំណុចល្អរៀងៗខ្លួន និងមានពេលវេលាជួបរឿងល្អៗ នៅពេលដែលវាឱ្យផល។ 

. ចំណុចពិសេសដែលអ្នកពូកែ

គ្រប់ៗគ្នាមានភាពពូកែនិងទេពកោសល្យរៀងខ្លួនៗ។ ហើយអ្នកក៏មានវាផងដែរ ក្នុងពេលមួយដែលអ្នកស្គាល់ខ្លួនឯងជួបវា និងចេះព្យាយាមសម្រួចដុសខាត់វាឡើង។ ចំណាយពេលខ្លះពិចារណាអ្វីជាភាពខ្លាំងរបស់អ្នកបង្កើតវាឡើង នោះវានឹងជួយអ្នកមានទំនុកចិត្តប្រសើរឡើងនូវអ្វីដែលជាភាពជាអ្នកពិតប្រាកដ។

. ដាក់ចេញនូវគោលដៅសកម្មភាព/១ថ្ងៃ

ដាក់ចេញនូវគោលដៅសកម្មភាពក្នុងមួយថ្ងៃរបស់អ្នកនិងគូសចេញជាជំហានដែលអ្នកអាចសម្រេចវាបាន។ វាមិនចាំបាច់ទាល់តែជាគោលដៅធំនោះឡើយវាអាចរឿងដូចជា ការរៀបចំចម្អិនម្ហូបឆ្ងាញ់ៗ ការរៀបដំណើរកម្សាន្តជាមួយគ្រួសារជាឧទាហរណ៍។ការដៅចេញចំណុចខ្លះប្រចាំថ្ងៃ ហើយសម្រេចវាក្នុងបញ្ជីមួយនឹងជួយបង្កើនទំនុកចិត្តអ្នកបានប្រសើរផងដែរ។

. និយាយប្រាប់ខ្លួនអ្នក

នៅពេលអារម្មណ៍អវិជ្ជមានរត់មកអារម្មណ៍គ្មានទំនុកចិត្តមកប្រាប់អ្នកថា អ្នកមិនល្អ អ្នកអាចប្រាប់ខ្លួនឯងវិញថាវាមិនដូចអារម្មណ៍អវិជ្ជមាននោះទាំងស្រុងទេ។ និយាយប្រាប់ខ្លួនអ្នកឱ្យដូចមិត្តភក្តិល្អម្នាក់ប្រាប់អ្នកថា អ្នកពិតជាអាចសម្រេចកិច្ចការនោះបានក្រឡេកមើលរឿងអស្ចារ្យដែលអ្នកធ្លាប់បានធ្វើ ធ្លាប់បានសម្រេចបាន ប្រាប់ខ្លួនអ្នកលើកទឹកចិត្តអ្នក អ្នកពិតជាអាចធ្វើបាន។

. អ្វីទៅដែលជាចំណង់ចំណូលចិត្តអ្នក

អ្វីដែលជាចំណូលចិត្តអ្នកហេតុអ្វីមិនធ្វើវាទៅ អ្វីដែលអ្នកពេញចិត្តនឹងធ្វើដោយមិនមានអារម្មណ៍ទើសទាល់ ឬនឿយណាយ។វាអាចជា ការថតរូបទេសភាព ការលេងកីឡាដែលអ្នកចូលចិត្តឬមួយការងារហត្ថកម្មផលិតសម្ភារៈដោយដៃ ឬអ្វីផ្សេងច្រើនទៀត។ នៅពេលអ្នកធ្វើអ្វីដែលជាទីពេញចិត្តអ្នកអ្នកបានរីករាយនឹងធ្វើវា មិនខ្លាចនឿយហត់ ឬលំបាក។ ឱកាសអាចមាន ហើយបើអ្នកចាប់អារម្មណ៍និងពេញចិត្តនឹងសកម្មភាពល្អៗដែលអ្នកចូលចិត្តនោះ អ្នកនឹងបង្កើតជំនាញមួយបានយ៉ាងល្អនិងរហ័ស ហើយទំនុកចិត្តក៏ល្អប្រសើរទៀតផង៕