កីឡាករប្រដាល់សេរីកម្ពុជាមួយរូប តែងតែឡើងអង្រួនសង្វៀនដែលធ្វើឲ្យអ្នកទស្សនា និងអ្នកគាំទ្រព្រឺព្រួចចង់តាមដានមិនហ៊ានព្រិចភ្នែក ព្រមទាំងដាក់រហ័សនាមថា ជាមនុស្សយន្តគុនខ្មែរនោះគឺកីឡាករ ឯម សុធី។
ថ្ងៃនេះផងដែរ ក្រមា ប៉ុស្ដិ៍ សូមនាំអារម្មណ៍ប្រិយមិត្តមកជ្រាបច្បាស់ ពីផលលំបាក និងការតស៊ូនៅពីក្រោយអាជីពជាអ្នកប្រដាល់របស់កីឡាករគុនខ្មែរ ឯម សុធី។
កីឡាករប្រដាល់ខាងលើបានរៀបរាប់ថា ក្រោយផ្អាកការសិក្សាត្រឹមថ្នាក់ទី៥ ដោយមានចំណង់ចំណូលចិត្ត និងស្រលាញ់ខាងវិស័យកីឡាប្រដាល់ខ្លាំង រូបគេបានសម្រេចចិត្តសុំឪពុកម្តាយដើម្បីចូលហ្វឹកហាត់ ប៉ុន្តែត្រូវពួកគាត់មិនអនុញ្ញាត ដោយសារពួកគាត់មិនចូលចិត្តប្រដាល់និងមិនចង់ឲ្យកូនលំបាក។
សិស្សគុនក្លឹបនិរោធមានជ័យរូបនេះបញ្ជាក់ថា៖ « ខ្ញុំស្រលាញ់ប្រដាល់ តែគាត់អត់ស្រលាញ់ ដល់ពេលហើយ ខ្ញុំប្រាប់ថា សុំទៅហាត់ប្រដាល់ប៉ុន្តែពួកគាត់ថាមិនឲ្យទៅទេ »។
ដោយសារតែចិត្តស្រលាញ់ ទោះបីជាឪពុកម្តាយហាមឃាត់យ៉ាងណាក្តី អ្នកប្រដាល់គុនខ្មែររូបនេះ មិនអាចដកចិត្តបានក៏សម្រេចចិត្តចាកចេញពីផ្ទះ ក្នុងគោលបំណងទៅរកកន្លែងហ្វឹកហាត់ ដើម្បីចាប់ផ្តើមអាជីពដែលខ្លួនស្រលាញ់ទោះបីជាត្រូវឆ្ងាយខ្លួនពីគ្រួសារ ទៅហ្វឹកហាត់នៅឆ្ងាយពីស្រុកកំណើត និងមិនមានទំនាក់ទំនងពីគ្រួសារក៏ដោយ។
អ្នកប្រដាល់មានដើមកំណើតពីខេត្តកំពង់ចាមរូបនេះថា៖« ពួកគាត់មិនឲ្យខ្ញុំហាត់ប្រដាល់ទេ តែខ្ញុំលួចរត់ចេញពីផ្ទះ មកដើម្បីរកកន្លែងហាត់ មកភ្នំពេញអត់ឃើញ ទៅរហូតដល់បាត់ដំបងទៀត ដើម្បីសុំគេហាត់។ ខ្ញុំចេញពីផ្ទះបាត់រយៈពេល៣ឆ្នាំ ហើយពួកគាត់គិតថាខ្ញុំស្លាប់បាត់ហើយ ទាល់តែឃើញខ្ញុំតាមទូរទស្សន៍បានគាត់ដឹងថាខ្ញុំនៅរស់ទេ»។
អ្នកស្នងគុនខ្មែររូបនេះបន្តថា អាជីពជាអ្នកប្រដាល់ ដែលត្រូវប្រើកម្លាំងនៅលើសង្វៀវនេះ ពេលខ្លះខ្លួនគិតចង់ឈប់ម្តងៗដែរ ដោយត្រូវចំណាយកម្លាំងច្រើន និងត្រូវប្រឈមនឹងរបួសថ្លោះដៃជើង បែកមុខមាត់ជាដើម តែដោយចិត្តនៅតែស្រលាញ់ទើបខ្លួនតស៊ូមកដល់បច្ចុប្បន្ននេះ។
អ្នកប្រយុទ្ធដែលអ្នកគាំទ្រដាក់រហ័សនាមមនុស្សយន្តគុនខ្មែរ បន្ថែមថា៖« ពេលខ្លះខ្ញុំចង់ឈប់ម្តងៗ ដោយសារយើងរត់ទៅវាក្តៅ សម្រកគីឡូទៅវាអស់កម្លាំង ហើយពេលខ្លះត្រូវអត់បាយ ដល់ពេលអង្គុយមួយសន្ទុះបាត់ហត់ បន្តរត់ទៀតព្រោះគិតថាត្រូវតែតស៊ូយើងដើរមកដល់ចំណុចនេះហើយ »។
កីឡាករមកពីស្រុកព្រៃឈរបញ្ជាក់ផងដែរថា រហ័សនាមដែលអ្នកគាំទ្រដាក់ឲ្យថា មនុស្សយន្តគុនខ្មែរ ដោយសារមើលទៅខ្លួនធន់ វាយមិនងាយឈឺ និងវាយសម្រុកមិនសូវថយ។ អ្នកប្រយុទ្ធរូបនេះថា គិតមកទល់បច្ចុប្បន្នខ្លួនធ្លាប់ឡើងសង្វៀនប្រកួតចំនួនជាងមួយរយដង ដោយបូករួមទាំងការប្រកួតទាំងក្នុង និងក្រៅប្រទេស៕
ប្រភព៖ Preah Chan Media