ព័ត៌មានជាច្រើន​បានបង្ហាញពីការផ្លាស់ប្តូរជីវិត ពីស្រ្តីមេផ្ទះមកធ្វើតំណាងចែកចាយ ហើយក្លាយជាសេដ្ឋី ឬផ្លាស់ប្តូរពីអ្នកក្រមកក្លាយជាអ្នកមាន ដោយវិធីងាយៗ បានជំរុញឱ្យ​យុវជនជាច្រើនចាប់ផ្តើមចង់ផ្លាស់ប្តូរ​ជីវិត លក់ទ្រព្យសម្បត្តិឬ​យកថវិកាសន្សំយ៉ាងលំបាក មករកស៊ីដោយគ្មានមូលដ្ឋានគ្រឹះ។ ការធ្វើបែបនេះ​ បានបង្ករជា​វិបត្តិជាច្រើនដល់​ប្រជាជន ជាពិសេ​សអ្នកខ្លះ ត្រូវចាញ់បោក​គេអស់លុយកាក់​រាប់ម៉ឺនដុល្លារក៏មាន។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាង លីម វីរិយា សាស្ត្រាចារ្យនិងជាសហគ្រិនមួយរូប បានលើកឡើងថា មនុស្ស​យើង​ បើគ្រាន់តែទម្លាក់ចបចោល​ ហើយរត់ទៅរកស៊ីទាំងទទឹងទិស ​ទម្លាក់​វែកឆាចោល​ រត់ទៅកាត់ស្ដុកពីព្រះម៉ែ​ ហើយជោគជ័យភ្លាមៗ ដូចពាក្យឃោសនារបស់គេមែននោះ​ គេមិនបង្កើតមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មទេ។

បច្ចុប្បន្ន​ មហាវិទ្យាល័យ​នេះ​ ត្រូវ​បានគេធ្វើបន្ទាន់សម័យ ហៅថា​មហាវិទ្យាល័យ​គ្រប់គ្រងធុរកិច្ច​ (Faculty of Business)​ ដែលមានបង្រៀនទ្រឹស្ដីជាច្រើន ទាក់ទងនឹងរបៀបគ្រប់គ្រង​ដឹកនាំមុខរបរជំនួញ​ ចាប់ពីកំប៉ិកកំប៉ុក​ រហូតដល់លំដាប់អន្តរជាតិ។

អ្នកនាង លីម វីរិយា បាននិយាយថា៖ «ក្នុងនាមខ្ញុំជាសាស្ត្រាចារ្យបង្រៀនក្នុងមហាវិទ្យាល័យធុរកិច្ច​ រយៈ​ពេល​យូរជាង១២ឆ្នាំ​ និងប្រឡូកក្នុងវិស័យជួញដូរតាំងពីក្មេង​ ក្រោមការដឹកនាំរបស់ឪពុកម្ដាយ​និងបងស្រី ​ខ្ញុំ​សូមចែករំលែកមាតិកាចំណេះដឹង​ខ្លះ ជូនដល់​ស្ត្រីខ្មែរក្មេងៗដែលកំពុងឈ្លក់វង្វេងនឹងទ្រឹស្ដីផ្ដេសផ្ដាស របស់អ្នកជោគជ័យឥតគុណធ៌ម ​រហូតផុងខ្លួនរើលែងរួច​ និងខ្លះកំពុងត្រដរខ្យល់​ ត្រៀមខ្លួន​ស្លាប់»។

ហេតុអ្វី​អ្នកត្រូវវិនិយោគលើការសិក្សា មុននឹងចាប់ផ្ដើមហក់ចូលការវិនិយោគសាច់ប្រាក់ពិតប្រាកដ?

នៅក្នុងថេរវេលា៤ឆ្នាំ ​នៃការបណ្ដុះបណ្ដាលនៅមហាវិទ្យាល័យធុរកិច្ច​ អ្នកនឹងបានក្រេបចំណេះដឹងដែលអ្នកត្រូវប្រើជាចាំបាច់ពេលចេញរកស៊ី។ វារួមមានដូចជា៖ ​ការធ្វើទីផ្សារមុនចេញលក់​ ការគ្រប់គ្រង​ទីផ្សារ​អំឡុងពេលលក់​ សិល្បៈ​ប្រកួតប្រជែង​គ្នា ការដឹកនាំក្រុមការងារ​ និង​ការគ្រប់គ្រង​ក្រុមហ៊ុន​ របៀបជ្រើសរើសធនធានមនុស្ស ​វិធីគ្រប់គ្រងហានិភ័យ​ ការប្រឈមនឹងភាពផ្លាស់ប្ដូរ​វិធីសាស្ត្រ​ដោះស្រាយសម្រាប់អាជីវកម្មឆ្លងខេត្តឬក្រុង ​លំហូរវប្បធម៌ចម្រុះនិងការប្រឈម​ ដំណោះស្រាយ​ហិរញ្ញវត្ថុ​ ការគ្រប់គ្រង​គណនី​ក្រុមហ៊ុន​តូចធំ​ការគ្រប់គ្រង​ពន្ធដារ​ ការគ្រប់គ្រង​ជម្លោះរបស់បុគ្គលិក​ ភាពជាសហគ្រិនធុរកិច្ច​សេដ្ឋកិច្ច​ ច្បាប់​កិច្ចព្រមព្រៀង​ផ្សេងៗ ក្នុងជំនួញ​និងមេរៀនតូចៗរាប់រយផ្សេងទៀតដែលរៀបរាប់មិនអស់។ អ្វី​ដែលពិសេស​ មុខវិជ្ជា​នីមួយៗ​នឹងញែកដល់យុទ្ធសាស្ត្រ​ និងដំណោះស្រាយ​សម្រាប់​ផលិតផល​ជាក់លាក់ទៀតផង។

ក្នុងនោះ​ មានមុខវិជ្ជាមួយដែលគេបង្រៀន​នៅឆ្នាំចុងក្រោយ ​មុននិស្សិតប្រលងបញ្ចប់​ គឺ​ “អភិសមាចារ្យធុរកិច្ច​“ (Business Ethic) ដែលពេញមួយឆមាស​ និស្សិត​ត្រូវ​រៀនសូត្រ​ពីក្រមសីលធម៌មុខជំនួញ។ អ្នកចេញរកស៊ីដើម្បីរកប្រាក់ចំណេញពិតមែន​ ប៉ុន្តែ​អ្នកក៏មិនអាចល្មើសសីលធ៌ម​ និង​គុណធម៌​ជាដាច់ខាត​ ទោះក្នុងកាលទេសៈពិបាកដល់កម្រិតក្រោមសូន្យក៏ដោយ។

យ៉ាងណា​មិញ​ បើសិនជាអ្នកមិនបានរៀនដោយផ្ទាល់ទេ ​សូមស្វែងរកក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកជំនួញ​ មុនចេញរកស៊ី​ បើគ្មានបទពិសោធទាល់តែសោះ។ អ្នកផ្ដល់សេវាប្រឹក្សានោះ​ គឺជាអ្នកបានរៀន​ផ្ទាល់​ ហើយគេនឹងផ្ទេរចំណេះដឹងជូនអ្នកឆ្ងល់តាមរយៈការពិគ្រោះ។

សង្ឃឹម​ថាសារខ្លីនេះ​ នឹងអាចដាស់ស្មារតីមនុស្សឱ្យព្រមជឿថា ​គ្មាន​កិច្ច​ការ​ណាមួយដែលមិនចេញពីការអប់រំជាមុនទេ។ សូមទាត់ចោលឱ្យអស់ពីខួរក្បាល នូវទ្រឹស្ដីពពួកមនុស្សជោគជ័យត្បាញអាយ​ ដែលនិយមលើកឈ្មោះមហាសេដ្ឋីគេចសាលាពីរបីនាក់ ​ដើម្បី​បញ្ឆោតដួងចិត្តអ្នកឱ្យផុងជ្រៅក្នុងរណ្ដៅងងឹតក្នុងរយៈកាលកន្លងមក!