ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថាអត្រានៃកំណើនតម្លៃទីផ្សារអចលនទ្រព្យព្រមទាំងតម្រូវការប្រើប្រាស់សំណង់អាគារនានានៅចុងឆ្នាំ២០២១ខាងមុខនេះទំនងជាមិនអាចធ្វើទៅបាននោះទេ ខណៈដែលស្ថានភាពនៃការទប់ស្កាត់ការរីករាលដាលជំងឺ នៅតែស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ទាំងនៅកម្ពុជាក៏ដូចជាបណ្តាប្រទេសនានានៅក្នុងតំបន់ ដែលសូម្បីតែប្រទេសចិនក៏កំពុងមានក្ដីព្រួយបារម្ភផងដែរនោះ។
ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ការរំពឹងទៅលើកំណើននៃតម្លៃអចលនទ្រព្យក៏ដូចជាតម្រូវការប្រើប្រាស់សំណង់អគារបន្ថែមក្នុងទ្រង់ទ្រាយធំនៅត្រឹមចុងឆ្នាំ២០២១ខាងមុខនេះ វាដូចជានៅឆ្ងាយមើលមិនទាន់ឃើញនៅឡើយនោះទេ ខណៈដែលការទប់ស្កាត់នៃជំងឺឆ្លងទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសនានាក្នុងតំបន់រហូតមកដល់ពេលនេះក៏ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយដូចគ្នា។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា “សម្រាប់រូបខ្ញុំ ដូចជានៅមិនទាន់មើលឃើញពីសញ្ញាវិជ្ជមានណាមួយនៅឡើយសម្រាប់វិស័យសេដ្ឋកិច្ច ក៏ដូចជាការវិលត្រឡប់នៃភាពល្អប្រសើរនៃវិស័យអចលនទ្រព្យនោះទេ”។
ឯកឧត្តមបញ្ជាក់ទៀតថា “យើងទទួលស្គាល់មួយរយៈចុងក្រោយនេះ ឃើញមានវត្តមានជនជាតិចិនក៏ដូចជាក្រុមហ៊ុនមួយចំនួនតូចបានវិលត្រឡប់មកកាន់កម្ពុជាវិញ ក្រោយស្ថានភាពជំងឺកូវីដហាក់បានស្រាកស្រាន្តបន្តិច ប៉ុន្តែវានៅមិនទាន់បានជះឥទ្ធិពលធំដុំណាមួយដល់ទីផ្សារអចលនទ្រព្យនៅឡើយ។ ភាគច្រើនជនជាតិចិនដែលវិលត្រឡប់មកទាំងនោះ សុទ្ធតែជាអតីតអ្នកដែលធ្លាប់មកបម្រើការងារនៅកម្ពុជាកាលពីមិនទាន់មានជំងឺកូវីដ។
ពួកគេមានអគារចាស់ដែលធ្លាប់បានជួលមិនទាន់ដាច់កុងត្រា ដូច្នេះនៅពេលដែលគេមកវិញពួកគេស្នាក់នៅ ឬប្រកបអាជីវកម្មនៅអគារដែលពួកគរបានជួលក្នុងកុងត្រាចាស់តែប៉ុណ្ណោះដូច្នេះវាហាក់មិនបានជះឥទ្ធិពលអ្វីជួយដល់តម្រូវការទីផ្សារអចលនទ្រព្យថ្មីបន្ថែមនោះទេ”។
គួរកត់សម្គាល់ថាសម្រដៀងគ្នា នឹងការលើកឡើងខាងលើនេះ កាលពីពេលកន្លងទៅថ្មី ក្រុមហ៊ុនជំនាញសិក្សានិងស្រាវជ្រាវអចលនទ្រព្យអន្តរជាតិ CBRE Cambodia ធ្លាប់បានបង្ហាញពីទិន្នន័យថានៅដើមឆមាសទី២ ឆ្នាំ២០២១នេះ ស្ថានភាពរួមនៃទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែបន្តរងគ្រោះ ដែលបន្សល់ទុកតាំងពីដើមឆមាសទី១ដែលក្នុងនោះរាប់ទាំងផ្នែកសំណង់អគារការិយាល័យ សំណង់អគាអាផាតមិនក៏ដូចជាសំណង់អគារខុសដូ ។
ស្ថានភាពបែបនេះ អាចនឹងបន្តរហូតដល់ដល់ដំណាច់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ខាងមុខនេះ ទើបអាចមានភាពល្អប្រសើរឬមានកំណើនតម្រូវការប្រើប្រាស់អគារថ្មីបន្ថែម ខណៈដែលកំណើននៃការផ្គត់ផ្គង់នៅតែបន្តកើនឡើងតាំងពីពាក់កណ្តាលឆ្នាំ២០២១មកម៉្លេះ៕