រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានជួបប្រជុំជាមួយបណ្ដាក្រុមហ៊ុន ផ្គត់ផ្គង់និងផ្ដល់សេវាអ៉ិនធើណេត (ISP) ចំនួន ៤៩ កាលពីថ្ងៃទី ៧ កុម្ភៈ ដើម្បីពង្រឹងនិងសហការលើការអនុវត្តន៍អាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា អាជីវកម្មតាមអនឡាញ វិស័យអនឡាញ និងអ៉ិនធើណេត មានការបោះសន្ទុះយ៉ាងខ្លាំង និងកើនឡើងយ៉ាងគគ្រឹកគគ្រេង ខណៈសហគ្រាសមួយចំនួនបានចុះបញ្ជីពន្ធដារ និងបំពេញការតព្វកិច្ចសារពើពន្ធ ក៏ប៉ុន្ដែមានសហគ្រាសមួយចំនួនធំពុំទាន់បានចុះបញ្ជី និងយល់ដឹងពីកាតព្វកិច្ចសារពើពន្ធនៅឡើយ។ 

ឯកឧត្តមបន្តលើកឡើងថា៖ ការពង្រឹងនូវការគ្រប់គ្រងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជាការពង្រឹងការប្រកួតប្រជែងដោយស្មើភាព និងអនុលោមភាពសារពើពន្ធសម្រាប់វិស័យនេះ។

ក្នុងជំនួបនេះ ក៏មានការពិភាក្សារកធាតុចូលនិងរកនូវវិធីនានា ដើម្បីអនុវត្តន៍ការរាំងខ្ទប់ប្រតិបត្តិការតាមបណ្ដាញអេឡិចត្រូនិច ចំពោះសហគ្រាសដែលមិនបានចុះបញ្ជី និងមិនបានបំពេញកាតព្វកិច្ចបង់សារពើពន្ធ។

សូមជម្រាបជូនដែរថា អគ្គនាយកដ្ឋានពន្ធដារ បានពន្យាពេលនៃការអនុវត្តន៍ពន្ធ ចំពោះ វិស័យ​ E-Commerce រហូតដល់ថ្ងៃ​៣១ ខែមីនា ឆ្នាំ ២០២២ ដើម្បីទុកពេលវេលាដល់អ្នកជាប់ពន្ធក្នុងការស្វែងយល់បន្ថែម និងត្រៀមខ្លួនអនុវត្តន៍ចាប់ពីថ្ងៃទី ០១ មេសា ២០២២តទៅ៕