សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

អ្នក​លក់គឺ​ជា​មនុស្ស​ម្នាក់​ដែល​​បំពេញ​តម្រូវ​ការផ្តល់​គុណ​តម្លៃ បង្កើត​​ដំណោះ​ស្រាយ និង​ផ្តល់​ផល​ចំណេញ​​​ឬ​ជា​ប្រយោជន៍​ទៅ​ដល់​មនុស្ស​គ្រប់​គ្នា។ ជា​មួយ​គ្នា​នេះយើង​ក្រលេក​ទៅ​​មើល​​វិធី​នៃ​ការ​​​ផ្តល់​ទាំង​នោះ(ការ​​លក់​)គឺ​មាន​ច្រើន​​យ៉ាងដោយ​មាន​តាំង​ពី​ការ​លក់​អន​ឡាញ Live លក់ លក់​រាយ លក់​ដុំ-ល-។ តែ​យ៉ាង​ណា ឈ្មោះ​ជា​អ្នក​លក់ក៏​អាច​ស្វែង​យល់​នូវ​គ្រឹះ​នៃ​វិធី​សាស្រ្ត​លក់​ធំ​ៗ​៣ ដែល​បាន​​លើក​ឡើង​ដោយ លោក​ស៊ូ សាវឿន ជា​គ្រូ​បណ្តុះ​បណ្តាល​​​ផ្នែក​លក់ដើម្បី​ជា​​ការ​ពិចារណារ​សម្រាប់​អនុវត្ត​​ទៅ​តាម​កាលៈទេសៈ ​ឬ​ស្រប​តាម​លក្ខខណ្ឌ​បរិយាកាស​ដែល​ខ្លួន​នៅ​៖

.លក់​ដោយ​ផ្តោត​លើ​ផលិត​ផល​ជា​ធំ

តាំង​ពី​សម័យ​មុនរហូត​មក​ដល់​បច្ចុប្បន្ន​អ្នក​​លក់​ចូល​ចិត្ត​​វិធី​​​ពេញ​និយម​មួយ គឺ​​វិធី​ផ្តោត​​លើ​ផលិត​ផល​ជា​ធំ​មាន​ន័យ​ថា អ្នក​លក់​មិន​សូវ​សួរ មិន​សិក្សា ឬ​មិន​សូវ​ស្តាប់​អតិថិជន​​ច្រើន​។ កន្លែង​នេះ​ ​បាន​ន័យ​ថាគ្រាន់​តែ​ដឹង​ ឬ​ឮ​ថាអតិថិជន​​ចង់​ទិញ​​ផលិត​ផល ឬ​សេវាកម្ម គាត់​ក៏​ចាប់​ផ្តើម​​អួត​ពី​ផលិត​ផល ​ឬ​សេវាកម្ម​​ភ្លាមហើយ​ពួក​គាត់​ក៏​​​មិន​ខ្វល់​​ពី​អតិថិជន​​ថា​ចង់​បាន​អ្វីចង់​បាន​ក្នុង​កម្រិត​ណាឬ​​​​ក្នុង​លទ្ធភាព​ប៉ុណ្ណា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា ក៏​មក​ដល់​សម័យ​បច្ចុប្បន្នវិធីសាស្រ្ត​នេះ​នៅ​តែ​ពេញ​និយមនិង​គាំ​ទ្រ​ពី​សំណាក់​អតិថិជន​ដែល​មាន​តម្រូវ​ការ។

.លក់​ដោយ​ផ្តោត​លើ​តម្រូវ​ការ​​អតិថិជន​

នេះ​ជា​​វិធី​ថ្មី​មួយដែល​អ្នក​លក់​ដាក់​ចិត្ត​ពី​អ្នក​ពូកែ​បង្ហាញ​នូវ​សេវា​កម្ម​ ឬ​ផលិត​ផល​ មក​ជា​អ្នក​ពូកែ​សួរស្តាប់ និង​ផ្តល់​ជា​ដំណោះ​ស្រាយ​។ ជា​ទូ​ទៅ​ គេ​ហៅ​វិធី​នេះ​ថាវិធី​អ្នក​លក់​មិន​លក់​​ផលិត​ផល ​ឬ​សេវាកម្ម​គឺ​លក់​តែ​អ្វី​ដែល​អតិថិជន​ត្រូវ​ការឬ​ចង់​ទិញ​។ ពួក​​គេ​​មិន​និយាយ​អ្វី​ដែល​ពួក​គេ​ចង់​និយាយ​​ពួក​គេ​និយាយ​​តែ​អ្វី​ដែល​អតិថិជន​​ចង់​ស្តាប់ចង់​ដឹង និង​ចង់​យល់​ប៉ុណ្ណោះ​។

របៀប​​សំខាន់​នៃ​វិធី​នេះគឺ​អ្នក​​លក់​​ត្រូវ​សួរ​បណ្តើរស្តាប់​បណ្តើរដោយ​បញ្ជាក់​​ក្នុង​គោល​បំណង​ពីរ​យ៉ាង​៖

គោល​បំណង​ទី​១៖ ស្តាប់​ឱ្យ​យល់​ពី​អ្វី​ដែល​អតិថិជន​​និយាយ​ដើម្បី​កំណត់​បញ្ហា និង​តម្រូវ​ការ​របស់​ពួក​គេ។ក្រោយ​ពេល​កំណត់​​បញ្ហា​ និង​តម្រូវ​ការ​​អ្នក​​លក់​តែង​តែ​ចាក់​ជម្រុញ​​អតិថិជន​​ឱ្យ​មើល​កាន់​តែ​ច្បាស់​ពិសេស​ធ្វើ​ឱ្យ​​ពួក​គេ​ទទួល​ស្គាល់​​ថាបើ​មិន​ដោះ​ស្រាយ​បន្ទាន់គេ​នឹង​ខាត​បង់​។ សរុប​ខ្លឹម​សារ​គឺ​ស្តាប់​ដើម្បី​លក់​។

គោល​បំណង​ទី​២៖ ស្តាប់​ដើម្បី​បែង​ចែកកំណត់​​ចំណុច​មិន​ចាំ​បាច់ពិសេស​រឿ​ង​ក្នុង​ចិត្ត​អតិថិជន​។ គន្លឹះ​​នៃ​ចំណុច​នេះគឺ​​កំណត់​ឱ្យ​បាន​នូវ​អ្វី​ដែល​អ្នក​​លក់​​មិន​គួរ​និយាយព្រោះ​ចៀស​វាង​​ការ​ផ្តល់​ព័ត៌មាន​​ឱ្យ​អតិថិជន​​ច្រើន​ពេក​។ ការ​ផ្តល់​ព័ត៌មាន​​លើស​ភាព​ចាំ​បាច់អាច​បណ្តាល​ឱ្យ​អតិថិជន​ច្រឡំ និង​មិន​ច្បាស់​គន្លឹះ​សំខាន់​នៃ​ផលិតផល​​ ឬ​សេវាកម្ម​។

.លក់​ដោយ​ផ្តោត​លើ​បណ្តាញ

ប្រិយ​មិត្ត​ប្រហែល​ជា​ធ្លាប់​ឮ ពី​ពាក្យ​ថា Network Marketing។ វិធី​សាស្រ្ត​ផ្តល់​ផល​ល្អថែម​ទាំង​មាន​ភាព​យូរ​អង្វែង​បើ​អនុវត្ត​ត្រឹម​ត្រូវ​​តាម​ក្បួន​ខ្នាត​របស់​វា។ តែ​ផ្ទុយ​ទៅ​វិញ​ក្នុង​ផ្នត់​គំនិត​​មួយ​ភាគ​​យល់​ថាអ្នក​អនុវត្ត​ទ្រឹស្តី​នេះ​ជា​ក្រុម​បោក​ប្រាស់​។ វិធី​សាស្រ្ត​រក​ស៊ី​ជោគ​ជ័យ​​គឺ​ការ​រក​ស៊ី​តាម​បណ្តាញដូច្នេះ​បណ្តាញ​ទី​ផ្សារ​មិន​អាក្រក់​ទេអាក្រក់​គឺ​មនុស្ស​ដែល​ប្រើ​វិធី​នេះ​ដើរ​បោក​បញ្ឆោត​​​អ្នក​ដទៃ​។ វិធី​សាស្រ្ត​បណ្តាញ​ផ្តោត​សំខាន់​ពីរគឺ​​បង្ហាញ​ទំនុក​ចិត្ត​​លើ​ផលិតផល​ឬ​សេវាកម្ម​និង​បង្ហាញ​ផល​ចំណេញ​រយៈ​ពេល​វែង​ដែល​គេ​ចូល​ចិត្ត​ហៅ​​ថាចំណូល​អកម្ម​។ អតិថិជន​មួយ​ភាគ​​ធំ​ចាប់​អារម្មណ៍​វិធី​សាស្រ្ត​នេះមិន​ដោយ​សារ​ពួក​គេ​ចូល​ចិត្ត ឬ​ចង់​បាន​ផលិត​ផល ឬ​សេវាកម្ម​ប៉ុន្តែ​ផល​ប្រយោជន៍​រយៈ​ពេល​វែង​។ផល​ប្រយោជន៍​រយៈ​ពេល​វែង​​នេះគឺ​ជា​ផ្នែក​​មួយ​ដ៏​សំខាន់​​សម្រាប់​​ទាក់​ទាញ​អតិថិជន​។

សរុប​វិញ​នៃ​វិធី​សាស្រ្ត​ទាំង​បីអ្នក​លក់​ក៏​មិន​គួរ​ភ្លេច​សួរ​ខ្លួន​ឯង​ថា៖

-ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​អតិថិជន​ចូល​ចិត្ត?

-ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​អតិថិជន​​គោរ​ព​រាប់​អាន​?

-ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​អតិថិជន​ជឿ​ជាក់​?

-ធ្វើ​ដូច​ម្តេច​ដើម្បី​​ឱ្យ​អតិថិជន​​យល់​ថា​អ្នក​ជា​ទី​ប្រឹក្សា​?

-ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​អតិថិជន​​យល់​ថា​អ្នក​កំពុង​ជួយ​គេ​?

-ធ្វើ​ដូច​ម្តេច​​ដើម្បី​ឱ្យ​អតិថិជន​សម្រេច​ចិត្ត​រក​ស៊ី​ជា​មួយ​អ្នក​?

-ធ្វើ​ដូច​ម្តេច​ដើម្បី​​ឱ្យ​អតិថិជន​​ទិញ​ពី​អ្នក?

-ធ្វើ​ដូច​ម្តេច​​ដើម្បី​ឱ្យ​អតិថិជន​ពង្រីក​បណ្តាញ​សម្រាប់​អ្នក​?