យើងគ្រប់គ្នា ប្រាកដជាមានពេលខ្លះធ្លាប់ជួបអារម្មណ៍ហត់នឿយនឹងការប្រឹងប្រែងដើម្បីឈានទៅពន្លឺនៃភាពជោគជ័យ។ ក៏ប៉ុន្តែយើងក៏នៅអាច រៀនសូត្រពីគំរូបុគ្គលមួយចំនួនដែលនៅតែអាចតស៊ូមិនបោះបង់គោលដៅ ហើយខិតទៅដល់ភាពជោគជ័យប្រកបដោយហេតុផលត្រឹមត្រូវ និងភាពប្រសើរជាងមុន។ តួយ៉ាងយើងអាចក្រឡេកទៅមើលបុគ្គលជោគជ័យ៤រូបដែលមកពីប្រទេសក្នុងតំបន់អាស៊ានហើយសុទ្ធសឹងជាសហគ្រិនស្រ្តី ដែលជម្នះនឹងឧបសគ្គជុំវិញខ្លួនប្រឡូកក្នុងវិស័យអាជីវកម្ម ដោយផ្សារភ្ជាប់គំនិតថ្មីរួមទាំងបច្ចេកវិទ្យា អភិវឌ្ឍ និងសម្រួលដល់ការរស់នៅរហូតទទួលបានជោគជ័យ និងក្លាយជាសេដ្ឋីនីទាំងនៅវ័យក្មេង៖
កញ្ញា Esther Nguyen
ពីមុនមកមានការពិបាកច្រើនក្នុងការស្វែងរក ប្រភពនៃការកម្សាន្តតាមប្រភេទខ្លួនពេញចិត្តនៅលើអ៊ិនធើណេតដូចជាការស្វែងរកបទចម្រៀងដែលខ្លួនពេញចិត្ត ឬកម្មវិធីកម្សាន្តផ្សេងៗ។បើទោះជារកបាន គឺត្រូវប្រឈមនឹងមេរោគលើអ៊ីនធើណេតឬតាមរយៈគេហទំព័រលួចលាក់។
ដោយឃើញពីបញ្ហាខាងលើនេះ កញ្ញា Esther Nguyen បានប្រែក្លាយបញ្ហានោះទៅជាឱកាសនៃការរីកចម្រើនវិញ
បទពិសោធខ្លះៗពីកញ្ញា Esther Nguyen
Nguyen មានដើមកំណើតពីឪពុកម្តាយជនជាតិវៀតណាមប៉ុន្តែនាងបានរស់នៅ និងធំធាត់នៅឯសហរដ្ឋអាមេរិក។ នៅលើទឹកដីនិយាយភាសាអង់គ្លេសនេះដែលនាងបានចាប់ផ្តើមដំណើរការអាជីវកម្មរបស់នាងលើកដំបូងតាមរយៈការលក់ផលិតផលថែសម្ផស្សនៅលើអនឡាញ ប៉ុន្តែមិនបានជោគជ័យឡើយ។
ក្រោយពេលអាជីវកម្មមិនដំណើរការនោះនាងក៏ចាប់ផ្តើមរកមើលវិនិយោគពីវិស័យបច្ចេកវិទ្យាប៉ុន្តែពេលនោះពុំមានអ្នកវិនិយោគច្រើនឡើយចាប់អារម្មណ៍ទៅលើគំនិតនៃបច្ចេកវិទ្យា។ យ៉ាងណាមិញពន្លឺនៃភាពជោគជ័យបានកើតឡើង ក្រោយពេលNguyen បានដំណើរការអាជីវកម្មដោយផ្អែកលើការបូកផ្សំវិធីសាស្រ្តនៃប្រព័ន្ធផ្សព្វផ្សាយ ទៅនឹងឧស្សហកម្មបច្ចេកវិទ្យា។
នៅពេលមួយដែលនាងសិក្សាពីទីផ្សារនៅប្រទេសដើមកំណើតរបស់ខ្លួននាងក៏បានឃើញពីបញ្ហាដូចដែលបានរៀបរាប់ពីខាងលើ។ ដូចនេះ Nguyenបានផ្តើមគំនិតដំណើរការ Pops Worldwide ដែលជាក្រុមហ៊ុនផ្តល់នូវមាតិកាកម្សាន្តដ៏សំបូរបែបនិងជាលក្ខណៈក្នុងតំបន់ ទៅដល់មនុស្សគ្រប់វ័យ រាប់តាំងពីចម្រៀងនិងវីដេអូកម្សាន្តដល់កុមារ។
ដោយទទួលបានការគាំទ្រច្រើន Nguyenបានសម្រេចចិត្តទៅប្រទេសកំណើតខ្លួនវិញ (វៀតណាម) ដើម្បីជម្រុញដំណើរអាជីវកម្មបើទោះជាមានការជំទាស់ខ្លះពីឪពុកម្តាយនាង។ យ៉ាងណាមិញ មកទល់ពេលនេះក្រុមហ៊ុន Pops Worldwide បានក្លាយជាម្ចាស់ដែលចែកចាយសិទ្ធិផ្សាយបន្តនូវចម្រៀង៩០%ក្នុងប្រទេសវៀតណាម ដែលធ្វើឱ្យក្រុមហ៊ុននេះទទួលបានជោគជ័យខ្លាំងក្នុងកម្រិតប្រទេសក្នុងតំបន់។
ជាគំនិតពី Nguyen បានបង្ហាញថាអ្នកពុំចាំបាច់ត្រូវតែបង្កើតអ្វីដែលថ្មីបំផុតនោះទេប៉ុន្តែការលាយគំនិតបញ្ចូលគ្នាព្រមទាំងសមស្របទៅនឹងកាលៈទេសៈនៃបញ្ហា គឺជាឱកាសដែលយើងអាចចាប់យកនិងក្លាយជាភាពជោគជ័យ។
កញ្ញា Sylvia Yin
ការលក់ផលិតផលលើអនឡាញ កើតមានច្រើនហើយបណ្តាវិបសាយលក់ទំនិញអនឡាញធំៗ មានដូចជា Amazon វិបសាយ eBay ឬ Alibaba ដែលកើតមានសំនួរជាច្រើនថាតើបង្កើតអាជីវកម្មក្នុងវិស័យនេះ នឹងជោគជ័យដែរទេ?
ប៉ុន្តែជាមួយបញ្ហានេះ សហស្ថាបនិកនៃ App Shoppr គឺ Sylvia Lin ជនជាតិម៉ាឡេស៊ី បានប្រែបញ្ហានោះទៅជារឿងជោគជ័យទៅវិញ។
បទពិសោធខ្លះៗពី កញ្ញា Sylvia Lin
ជំនួសឱ្យការដែលត្រូវស្វែងរកទិញទំនិញប្រភេទផ្សេងៗតាមរយៈការបើក Apps និងតាមវិបសាយលក់ទំនិញជាច្រើន កញ្ញា Sylvia និងសហការីរបស់ខ្លួន បានអភិវឌ្ឍចេញជាកម្មវិធី (App)Shoppr ដែលឱ្យភាពងាយស្រួលដល់អ្នកស្វែងរកទិញមុខទំនិញគ្រប់ប្រភេទដោយលឿនរហ័ស និងមានភាពងាយស្រួល។ ភាពងាយស្រួលនោះ គឺ Shoppr មានលក្ខណៈសម្រួលដល់អ្នកស្វែងរកទំនិញ តាមរយៈការបញ្ចេញលទ្ធផលដោយផ្អែកលើការស្វែងរកពីមុនៗនិងព័ត៌មានពីទំនោរចូលចិត្តរបស់អ្នកស្វែងរកទិញទំនិញដូចនេះហើយធ្វើឱ្យការស្វែងរកមានភាពរហ័សនិងទទួលបានលទ្ធផលចំតម្រូវការអ្នកស្វែងរកទំនិញ។ ហើយនោះ បានធ្វើឱ្យសហគ្រិនស្រ្តីម៉ាឡេស៊ីរូបនេះ ទទួលបានជោគជ័យ៕