ប្រទេសធំៗជាច្រើនលើពិភពលោកបច្ចុប្បន្ននេះ ហាក់កំពុងប្រកួតប្រជែងគ្នាចំណាយស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួនដើម្បីទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ ការណ៍នេះ អាចជួយឱ្យប្រទេសទាំងអស់នោះទទួលផលចំណេញកាន់តែច្រើនផ្នែកហិរញ្ញវត្ថុ ខណៈពេលដែលវាក៏បានផ្តល់ផលប៉ះពាលច្រើនគួរសមដែរដល់ការធ្វើការងាររបស់មនុស្ស។
យោងតាមការនបញ្ជាក់របស់អង្គការសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ថា បណ្តាប្រទេសអភិវឌ្ឍជាច្រើនដូចជា ប្រទេសអ៊ីស្រាអែល កូរ៉េខាងត្បូង ស្វីស ស៊ុយអែត និងជប៉ុនជាដើម កំពុងចំណាយផ្នែកយ៉ាងច្រើននៃផលទុនសរុបក្នុងស្រុក (GDP) ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍគ្រឿងយន្តស្វ័យប្រវត្តិ ដែលបម្រើឱ្យវិស័យឧស្សាហកម្មនិងបច្ចេកវិទ្យា។
ស្ថាប័នខាងលើបានបញ្ជាក់ថា ប្រទេសជប៉ុនបានចំណាយថវិការប្រមាណ 3.26% នៃផលិតផលក្នុងស្រុកសរុបដើម្បីអភិវឌ្ឍបច្ចេកវិទ្យារថយន្តនិងឧបករណ៍ពេទ្យ ខណៈប្រទេសស៊ុយអែតកំពុងផ្តោតសំខាន់លើការអភិវឌ្ឍបច្ចេកវិទ្យាផ្នែកវិទ្យាសាស្រ្តបរិស្ថាននិងដំណោះស្រាយបញ្ហានៃការរស់នៅប្រចាំថ្ងៃដោយប្រើបច្ចេកវិទ្យា។
ទន្ទឹមនឹងនេះផងដែរប្រទេសស្វីសត្រូវបានគេរាយការណ៍ថា ចំណាយថវិការប្រមាណ 3.37% នៃផលិតផលក្នុងស្រុកសរុបដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងឈានទៅដល់ការបង្កើតថ្មីយ៉ាងច្រើនក្នុងប្រទេសរបស់ខ្លួន។ ងាកមកតំបន់អាស៊ីវិញ នៅកូរ៉េខាងត្បូង បានចំណាយរហូតដល់ទៅ 4.81% នៃផលិតផលក្នុងស្រុកសរុប ដើម្បីនាំមុខគេផ្នែកវិទ្យាសាស្រ្តជាពិសេផ្នែកគ្រឿងយន្តស្វ័យប្រវត្តិ (robot) ក្នុងឧស្សាហកម្ម។
ចំណុចទាំងអស់នេះ នឹងធ្វើឱ្យចង្វាក់ផលិតកម្មក្នុងប្រទេសទាំងអស់នោះមានភាពជឿនលឿន ផលិតបានច្រើន ចំណាយតិច និងមានភាពច្នៃប្រឌិតខ្ពស់។ តែទោះជាយ៉ាងនេះក្តី អ្នកជំនាញជាច្រើនក៏បានព្រមានផងដែរពីផលប៉ះពាល់នៃបច្ចេកវិទ្យាចំពោះការរស់នៅរបស់មនុស្ស។ វាអាចធ្វើឱ្យអ្នកធ្វើការងារនៅក្នុងចង្វាក់ផលិតកម្មឧស្សាហកម្មនានាត្រូវបាត់បង់ការងារ។ ហេតុនេះហើយតើពួកគេណែនាំឱ្យមនុស្សទាំងអស់ ក្នុងសម័យថ្មីនេះ ព្យាយាមអភិវឌ្ឍសមត្ថភាពរបស់ខ្លួនលើជំនាញទន់ឱ្យបានច្រើន៕