ខេត្តកណ្ដាល៖ ក្នុងឆ្នាំ ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ) បានព្យាករណ៍ថា នឹងទទួលបានបរិមាណកុងតឺន័រ ចំនួន ៣៩៤ ៦៧៩ TEUs កើនឡើង ១៣ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើតាមការលើកឡើងជារបាយការណ៍របស់លោក លោក ហ៊ឺ បាវី ក្នុងពិធីសាងសង់ឃ្លាំងស្តុកទុក ទំនិញត្រជាក់ ។
លោក ហ៊ឺ បាវី ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានគូសបញ្ជាក់បន្ថែមថា អំពីកំណើនកុងតឺន័រឆ្លងកាត់ផែ ជាមធ្យមប្រចាំឆ្នាំមានចន្លោះពី១៥-១៨% នៅក្នុងកំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ) ទោះបីជាមានវិបត្តិកើតឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។
លោកបន្តថា៖ ជាក់ស្ដែងនៅឆ្នាំ២០២០កន្លងទៅ ក.ស.ភ ទទួល បានបរិមាណកុងតឺន័រចំនួន២៩០ ៨៥៧ TEUs កើនចំនួន៣,៤៩% ធៀបនឹងឆ្នាំ២០១៩ និងនៅឆ្នាំ ២០២១ មានចំនួន៣៤៨ ៨៩៨ TEUs កើនឡើងចំនួនប្រមាណ២០% ធៀបនឹងឆ្នាំ២០២០។
ក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក សហការជាមួយក.ស.ភ សាងសង់ឃ្លាំងស្តុកទុក ទំនិញត្រជាក់នេះ នៅក្នុងបរិវេណចំណតផែកុងតឺន័រ LM១៧ របស់ ក.ស.ភ ដែលស្ថិតនៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល អាចជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការ ចូលរួមចំណែកលើកកម្ពស់ខ្សែសង្វាក់នៃវិស័យភស្តុភាកម្មក្នុងប្រទេសកម្ពុជា។
កំណើនចរាចរណ៍ទំនិញ ឆ្លងកាត់នឹងមានសន្ទុះតាមរយៈការផ្ដល់សេវាកម្មស្តុករក្សាទុកនូវទំនិញត្រជាក់ ទាំងសម្រាប់នាំចេញ និង នាំចូលដែលមានដូចជា៖ ត្រី សាច់ កសិផល ឱសថ គ្រឿងសំអាង និងទំនិញច្រើនប្រភេទទៀត។