មនុស្សកើតមកជាមួយនឹងពាក្យថារៀន ព្រោះតាំងពីកើតរហូតដល់ស្លាប់ទៅវិញ មនុស្សត្រូវតែរៀនគ្រប់យ៉ាងទើបអាចរស់បាន។ មនុស្សត្រូវរៀនរស់ រៀនសើច រៀនញ៉ាំ រៀនអភិវឌ្ឍន៍សមត្ថភាព និងរៀនជាច្រើនផ្សេងទៀតដើម្បីឱ្យជីវិតកាន់តែមានគុណភាព។
សម្រាប់អ្នកជំនួញ ទោះបីជាមានទ្រព្យធន និងជំនួញជាច្រើនហើយក៏ដោយ ក៏មិនអាចមើលរំលងការរៀន និងការអភិវឌ្ឍសមត្ថភាពបានដែរ ព្រោះកាលណាមិនអភិវឌ្ឍន៍សមត្ថភាពអាជីវកម្មនឹងជួបបញ្ហាជាក់ជាមិនខាន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សេង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន Anussa Event Planner បានលើកឡើងថាក្នុងការរកស៊ី ការបន្តអភិវឌ្ឍជំនាញ និងមូលដ្ឋានសំខាន់ណាស់។ ប៉ុន្តែសម្រាប់សហគ្រិនដែលទើបនឹងចាប់ផ្តើម ការរៀនបន្ថែមជារឿងពិបាកបំផុតព្រោះគ្មានពេល (រវល់ធ្វើការងារគ្រប់មុខ) គ្មានថាមពល (ហត់ជាមួយការងារច្រើនពេក) គ្មានអារម្មណ៍ (រៀនមិនចូល ព្រោះរបរកំពុងតែមិនសូវដំណើរការ និងមានបញ្ហាច្រើនត្រូវដោះស្រាយបន្ទាន់) ហើយសំខាន់បំផុតគ្មានទិសដៅ (មិនដឹងថាត្រូវពង្រឹងជំនាញអ្វី បច្ចេកទេស ឬទីផ្សារ ឬធនធានមនុស្សព្រោះមិនដឹងថាអ្វីជាបញ្ហាឲ្យប្រាកដដែលធ្វើឲ្យលក់បានតិចតួច)។
លោក សេង ពិសិដ្ឋ បានបញ្ជាក់ថា៖ «ជាធម្មតាពេលចាប់ផ្តើមរកស៊ីបានមួយរយៈ អ្នករកស៊ីខ្លះក៏ជួបបញ្ហាទៅមុខមិនរួចថយក្រោយមិនរួច មិនអាចទាំងឆ្លើយបានថា តើពេលណាដល់ពេលត្រូវបញ្ឈប់ទៅទៀត»។
ហេតុនេះហើយទើបមុននឹងចេញរកស៊ី លោកណែនាំឱ្យគួរកសាងមូលដ្ឋានឲ្យមាំទាំបន្តិចសិន ដូចជាជំនាញបច្ចេកទេស ជំនាញធុរកិច្ចនិងឥរិយាបថវិជ្ជមាន។ ហើយគ្រឹះសំខាន់បំផុតសម្រាប់ភាពគង់វង់យូរអង្វែងគឺគុណតម្លៃជាមនុស្ស។
លោកបានលើកឡើងផងដែរថា អ្នករកស៊ីមួយចំនួនពីដំបូងៗ អាចរកត្រូវរបរណាមួយដោយចៃដន្យល្អតែប៉ុន្មានឆ្នាំក្រោយមកក៏ប្រែជាក្រឡាប់ចក្រ ដោយសារការប្រកួតប្រជែងខ្លាំងរបរហួសសម័យ គ្រប់គ្រងហិរញ្ញវត្ថុមិនសូវហ្មត់ចត់និងជាពិសេសយកប្រាក់ចំណេញពីរបរជោគជ័យទៅខាតឡុងចុងនៅរបរ ៣ ៤ ៥ផ្សេង បន្តបន្ទាប់ដោយសារមោទនភាពថា ធ្លាប់ជោគជ័យលើរបរមុនៗ។ នេះហើយជារឿងគ្រោះថ្នាក់ ទោះបីជាពេលនេះ គេអាចនឹងកំពុងទទួលផលពីជំនួញណាមួយក៏ដោយ៕