កន្លងមក នៅពេលនឹកឃើញដល់សៀវភៅយុទ្ធសាស្រ្តធ្វើជំនួញ ឬយុទ្ធសាស្រ្តលក់សំខាន់ៗប្រជាជនយើងតែងនឹកឃើញដល់អ្នកជំនាញពីបរទេស ឬសៀវភៅបរទេសល្បីៗជាដើមដែលសៀវភៅទាំងអស់នោះពេលខ្លះល្អ និងត្រឹមត្រូវសម្រាប់បរិបទសង្គមបច្ចឹមប្រទេសតែប៉ុណ្ណោះ។ក្រោយពេលយកវាមកអនុវត្តនៅក្នុងស្រុក ក៏ត្រូវជួបភាពបរាជ័យឬប្រើប្រាស់មិនចំកាលៈទេសៈជាដើម។
ដើម្បីដោះស្រាយបញ្ហានេះ លោក ស៊ូ សាវឿន ដែលជាអ្នកនិពន្ធ និងជាអ្នកអប់រំមួយរួបបានស្រាវជ្រាវ និងប្រើប្រាស់បទពិសោធន៍ការងារជិត20ឆ្នាំ ដើម្បីបង្កើតសៀវភៅមួយក្បាលដើម្បីជាក្បួនខ្នាត (tool) សម្រាប់ការលក់និងសហគ្រិននៅកម្ពុជា។ លោកថា វាជារឿងល្អដែលយើងសិក្សាពីឯកសារសំខាន់ៗពីបរទេសតែទន្ទឹមនឹងនោះ យើងក៏ត្រូវការស្វែងយល់ឱ្យបានច្បាស់ផងដែរពីបរិបទ វប្បធម៌និងស្ថានភាពនៃអាជីវកម្មនៅក្នុងស្រុកផងដែរ។ ហេតុនេះ ប្រសិនបើយើងយកក្បួនរបស់គេ ពីខាងក្រៅមកអនុវត្តទាំងស្រុងដោយគ្មានភាពបត់បែននោះយើងអាចនឹងមានអត្រាបរាជ័យខ្ពស់បំផុត។ ហេតុនេះហើយទើបលោកលើកទឹកចិត្តឱ្យប្រជាជនខ្មែរ ចាប់ផ្តើមសិក្សាពីស្ថានភាពជាក់ស្តែងហើយច្នៃប្រឌិតចំណេះដឹងឱ្យត្រូវនឹងបរិបទដែលយើងកំពុងរស់នៅ។
លោក ស៊ូ សាវឿន បាននិយាយថា៖ «ដោយយល់ឃើញបែបនេះហើយទើបលោកព្យាយាមដកបទពិសោធន៍ក្នុងនាមជាអ្នកលក់និងអ្នកបណ្តុះបណ្តាលផ្នែកលក់ដែលលោកធ្លាប់ធ្វើការឱ្យក្រុមហ៊ុនហ៊ុនបរទេសធំៗមកច្នៃឱ្យចេញជាសៀវភៅថ្មីមួយដែលជាក្បួនច្បាប់សម្រាប់ធ្វើអាជីវកម្មក្នុងស្រុកដោយមិនបាច់ស្វែងរកឯកសារខាងក្រៅទាំងស្រុង»។
អ្នកនិពន្ធខាងលើបានពន្យល់ពីសារសំខាន់នៃសៀវភៅ យុទ្ធសាស្រ្តលក់ CABLE ថា ពាក្យថា CABLE នេះមានន័យថាជាខ្សែពួរដែលវាមកពីពាក្យថា ទំនាក់ទំនង (Connection) ការខិតខំប្រឹងប្រែង (Assessment) បង្ហាញចំបញ្ហា (Beating the pain point) បង្ហាញដំណោះស្រាយ (Landing the solution) និង បិទការលក់ (Enclosing the deals)។
បើតាមក្បួនCABLE នេះ លោកបានបញ្ជាក់ថាដំណាក់កាលនៃការចាប់ផ្តើមការលក់ដំបូងគឺចាំបាច់ត្រូវផ្តល់ភាពកក់ក្តៅដល់អតិថិជនជាមុនសិនមានន័យថា យើងត្រូវចេះវិធីសាស្រ្តទំនាក់ទំនង (Connection) ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនបើកចិត្តជជែកជាមួយយើងសិន។ចំណុចនេះជាការចាប់ផ្តើមដ៏សំខាន់ ព្រោះប្រសិនបើយើងគ្មានវិធីជំរុញឱ្យអតិថិជនមិនបើកចិត្តឱ្យទូលាយស្តាប់យើងនោះទេយើងក៏មិនអាចទៅជំហានបន្ទាប់បានដែរ។ បន្ទាប់មកទៀតក្រោយពេលដែលអតិថិជនបើកចិត្តជជែកជាមួយយើងយើងទើបយើងត្រូវទៅជំហានបន្ទាប់គឺស្វែងរកចំនុចដែលគាត់ព្រួយបារម្ភ ឬបញ្ហាពិតប្រាកដរបស់អតិថិជន។
លោកថា អ្នកលក់ពិតប្រាកដមិនមែនជាអ្នកដែលចង់បានតែប្រាក់ចំណេញនោះទេ តែចាំបាច់ត្រូវតែជាបុគ្គលសំខាន់មួយរូបក្នុងការជួយដោះស្រាយបញ្ហារបស់អតិថិជនឱ្យបានល្អបំផុត។ ហេតុនេះប្រសិនបើយើងរកឃើញបញ្ហារបស់គាត់ ហើយយើងអាចនឹងជំរុញគាត់ឱ្យកាន់តែច្បាស់ទៅដល់កំពូលនៃបញ្ហា។
ដំណាក់កាលទី៣ ក្រោយពេលអតិថិជនមើលឃើញបញ្ហាជាក់ស្តែង ដែលគាត់កំពុងជួបប្រទះហើយអ្វីដែលយើងអាចធ្វើបានគឺជំរុញគាត់ឱ្យមើលឃើញកាន់តែច្បាស់ ពីបញ្ហានានានៅជុំវិញអ្វីដែលគាត់កំពុងជួបប្រទះថាវាពិតជារឿងដែលចាំបាច់ត្រូវការដោះស្រាយ បើមិនដូច្នោះទេគាត់អាចនឹងប្រឈមជាមួយបញ្ហាមួយចំនួនដែលយើងជាអ្នកជំនាញធ្លាប់បានជួបប្រទះ។ នៅពេលនោះ គាត់នឹងមើលឃើញថា រឿងដែលគាត់ធ្វេសប្រហែស ឬគិតថាជារឿងកំប៉ិកកំប៉ុកអាចនឹងក្លាយជាបញ្ហាប្រឈមសម្រាប់គាត់ប្រសិនបើគាត់បន្តមើលរំលងវា។
បន្ទាប់មកទៀតចំណុចទី៤ គឺបង្កើតភាពជឿជាក់សម្រាប់គាត់ ដោយដំណាក់កាលនេះជាដំណាក់កាលដែលយើងអាចបង្ហាញពីគុណសម្បត្តិនៃផលិតផល ឬសេវាកម្មដែលយើងផ្តល់ឱ្យ។ លោកថាសហគ្រិនពិតប្រាកដ គេបង្កើតផលិតផល ឬសេវាកម្មទាំងអស់ដើម្បីដោះស្រាយបញ្ហាមនុស្សមិនមែនដើម្បីតែប្រាក់ចំណេញទេតែប្រសិនបើគាត់មិនចេះលក់ទេនោះ គាត់នឹងមិនអាចចែករំលែកបំណងល្អនេះទៅមនុស្សទូទៅបានទេ។ហេតុនេះដំណាក់កាលទី4 នេះជាដំណាក់កាលសំខាន់ដែលគាត់អាចបញ្ចេញបានដើម្បីចូលរួមដោះស្រាយបញ្ហានានា និងផ្តល់ទំនុកចិត្តដល់អតិថិជន។
ចំនុចចុងក្រោយ ទើបយើងផ្តល់ជម្រើសសម្រាប់អតិថិជនថាគាត់អាចទិញបានដោយវិធីណាខ្លះនិងព័ត៌មានលម្អិតសម្រាប់ទាក់ទងដើម្បីទទួលបានសេវាកម្ម ឬផលិតផលដែលយើងកំពុងតែលក់នេះ។បន្ទាប់មកទៀតយើងចាំបាច់ត្រូវរក្សាទំនាក់ទំនងល្អជាមួយអតិថិជនដោយការបង្កើនភាពស្និទ្ធស្នាល ឬជួយគាត់ឱ្យអស់ពីលទ្ធភាពដើម្បីធានាថាផលិតផលឬសេវាកម្មដ៏ល្អរបស់យើងពិតជាអាចដោះស្រាយបញ្ហារបស់មនុស្សទូទៅប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព៕