បច្ចេកវិទ្យា៖ សារព័ត៌មាន Bangkok Post បានផ្សព្វផ្សាយឱ្យដឹងថា ទិន្នន័យរបស់អ្នកជំងឺចំនួនប្រមាណ ៣៩លាននាក់របស់មន្ទីរពេទ្យ Siriraj ត្រូវបានលួចទាញយក ហើយកំពុងតែត្រូវបានដាក់លក់នៅក្នុងប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម Telegram។

ទិន្នន័យដែលបានលួចទាញយកនោះមានដូចជា ឈ្មោះ អាសយដ្ឋាន លេខសំគាល់ខ្លួនសម្រាប់ជនជាតិថៃ លេខទូរសព្ទ ភេទ ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានផ្ទាល់ខ្លួនមួយចំនួនទៀត។ ជាងនេះទៅទៀតក្រុមជនខិលខូចក៏បានអះអាងផងដែរថា ទិន្នន័យទាំងនោះរួមមានទាំងទិន្នន័យរបស់អ្នកជំងឺលំដាប់ VIP របស់មន្ទីរពេទ្យ Siriraj Piyamaharajkarun ផងដែរ។

កាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលថៃបានសម្រេច ចំណាយទឹកប្រាក់ចំនួន ៥២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយការពារប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពេទ្យរដ្ឋទាំងអស់នៅក្នុងប្រទេសពីការវាយប្រហារតាមរយៈកម្មវិធីមេរោគ និងកម្មវិធីជំរិតទារប្រាក់ បន្ទាប់ពីមានការវាយប្រហារជាច្រើនលើកច្រើនសារទៅលើប្រព័ន្ធកុំព្យូទ័រ សម្រាប់បម្រើការងារសាធារណៈ ជាពិសេសទៅលើប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពេទ្យ Saraburi។