ក្រុងប៉េកាំង​៖ ក្រុមហ៊ុនផលិតកុំព្យូទ័រផ្ទាល់ខ្លួន Lenovo Group គ្រោងនឹងចំណាយប្រាក់ច្រើនជាង 100 ពាន់លានយន់ (15.7 ពាន់លានដុល្លារ) ក្នុងរយៈពេល 5 ឆ្នាំខាងមុខលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដែលងាកចេញពីការផលិតផ្នែករឹង (Hardware ) ទៅផ្ដោតលើផ្នែក សេវាកម្មបច្ចេកវិទ្យាជាន់ខ្ពស់វិញ។

ក្រុមហ៊ុន Lenovo នឹងជួលបុគ្គលិក R&D បន្ថែមចំនួន 12,000 នាក់ក្នុងរយៈពេលបីឆ្នាំខាងមុខ។ ក្រុមហ៊ុននេះមានមនុស្សប្រហែល 10,000 នាក់នៅក្នុងនាយកដ្ឋានក្នុងអំឡុងឆ្នាំសារពើពន្ធ ដែលបញ្ចប់ក្នុងខែមីនា ឆ្នាំ 2021 នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន។

ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Lenovo លោក Yang Yuanqing បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុន Lenovo នឹងពង្រីកលើផ្នែក R&D ទ្វេដង ក្នុងរយៈពេលបីឆ្នាំខាងមុខ ដែលបង្ហាញពីមហិច្ចតាដ៏ធំ។ ក្រុមហ៊ុន Lenovo នឹងជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យា និងបង្កើនល្បឿនដើម្បីផ្លាស់ប្តូរទៅជាគំរូអាជីវកម្មថ្មី ដែលផ្តោតលើសេវាកម្មវិញ។ 

ផែនការរយៈពេលខ្លី ក្រុមហ៊ុន Lenovo នឹងឆ្ពោះទៅមុខជាមួយនឹងការច្នៃប្រឌិតផលិតផល ដែលកំពុងដំណើរការបច្ចុប្បន្ន។ ក្នុងរយៈពេលមធ្យម ក្រុមហ៊ុននឹងផ្តោតលើផ្នែកដូចជា ទិន្នន័យ, AR (Augmented Reality ), VR (virtual reality) និង សេវា Cloud ។ ផែនការរយៈពេលវែងរបស់ក្រុមហ៊ុន Lenovo គឺដើម្បីចូលរួមក្នុងបច្ចេកវិទ្យាស្នូល ដោយឆ្ពោះទៅរក AI( បញ្ញាសិប្បនិម្មិត) និងផ្នែកទំនាក់ទំនង៕