បច្ចេកវិទ្យា៖ កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 15.2.1 ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពដែលអាចធ្វើឱ្យទូរសព្ទ iPhone ឈប់ដំណើរការ។ 

យោងតាមឯកសារផ្នែកសុវត្ថិភាពដែលបានផ្សព្វផ្សាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ជាមួយនឹងភាពចន្លោះប្រហោងនេះ ជនខិលខូចអាចបង្កើតឈ្មោះសម្រាប់ប្រើជាមួយកម្មវិធី HomeKit ដែលមានប្រវែងវែង ដែលធ្វើឱ្យកម្មវិធីបន្តដំណើរការរហូតដល់ទូរសព្ទឈប់ដំណើរការទាំងស្រុង។

ការធ្វើបច្ចុប្បន្នភាពនេះបន្ទាប់ពីអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័របានធ្វើការផ្សព្វផ្សាយជាសាធារណៈទាក់ទងទៅនឹងភាពចន្លោះប្រហោងកាលពីដើមខែមករា ដោយសារតែក្រុមហ៊ុន Apple មិនបានធ្វើការកែសម្រួលបញ្ហា ទោះជាគាត់បានធ្វើការជូនដំណឹងទៅឱ្យក្រុមហ៊ុនតាំងពីខែសីហា ឆ្នាំ២០២១។ 

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទ លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ឱ្យបានឆាប់រហ័សដើម្បីកែសម្រួលភាពចន្លោះប្រហោងនេះ៕