បច្ចេកវិទ្យា៖ Telegram ដែលមានអ្នកប្រើជាប្រចាំខែជាង 700 លាននាក់ កំពុងដាក់ចេញនូវសេវាកម្រិតព្រីមៀម Premium (បង់លុយបន្ថែម) សម្រាប់អ្នកដែលចង់ប្រើប្រាស់មុខងារបន្ថែម ដែលតម្លៃប្រចាំខែ ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃចន្លោះពី $4.99 ទៅ $6។

អ្នកប្រើសេវាព្រីមៀមនេះ នឹងទទួលបានមុខងារបន្ថែម និងការកែលម្អផ្សេងទៀត។ Telegram Premium អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើឯកសារដែលមានទំហំធំរហូតដល់ 4GB និងទាញយកឯកសារបានលឿនជាងមុន ទៀតផង។

អតិថិជនដែលបង់ប្រាក់ក៏នឹងអាចចូលដល់ 1,000 Channel (ដែលកើនឡើងពី 500 Channel) និងបង្កើតឈ្មោះថត(Folder) នៃការជជែករហូតដល់ 20 Folder(ក្នុង 1 Folder អាចជជែកបានដល់ 200 ឆាតផ្សេងគ្នា) ។ អ្នក​ប្រើ Telegram Premium ក៏​នឹង​អាច​បន្ថែម​គណនី​( Account ) រហូត​ដល់​ទៅ 4 ក្នុង​កម្មវិធីតែមួយ និង​ Pin (កំណត់ឲ្យនៅលើគេ) នៃ​ការ​ជជែក ​រហូត​ដល់ 10  Pin ។