បច្ចេកវិទ្យា៖ កាលពីថ្ងៃចន្ទ Google បានប្រកាសជាផ្លូវការពីម៉ូដែលទូរស័ព្ទថ្មីដែលមានឈ្មោះថា Pixel 6 និង Pixel 6 Pro។ ម៉ូដែលថ្មីនេះ មានប្រើបន្ទះឈីបTensor (ថេនស័រ) ។ នៅក្នុងដំណើរការនេះ ក្រុមហ៊ុន Google បានបោះបង់ចោលក្រុមហ៊ុន Qualcomm ដែលជាអ្នកផ្គត់ផ្គង់បន្ទះឈីបដល់ ក្រុមហ៊ុន Google ជាច្រើនឆ្នាំមកហើយ។

នេះប្រហែលជាការផ្លាស់ប្ដូរដ៏ធំបំផុតមួយ ដើម្បីជម្រុញទូរស័ព្ទស្មាតហ្វូនដែលផលិតដោយក្រុមហ៊ុន​ Google ឲ្យដល់កម្រិតដ៏អស្ចារ្យមួយ ហើយក៏អាចធ្វើឲ្យមានការប្រែប្រួលក្នុងវិស័យស្មាតហ្វូនផងដែរ។

ការណែនាំពីបន្ទះឈីប Tensor គឺពិតជាការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ Google ដែលកំពុងបង្ហាញថា ជាការត្រៀមខ្លួន ដើម្បីប្រកួតប្រជែងជាមួយ Apple និង Samsung។ ការផលិតបន្ទះឈីបផ្ទាល់ខ្លួន អាចដើរតួយ៉ាងសំខាន់ ក្នុងការបង្កើតស្មាតហ្វូន ព្រោះវាផ្តល់ឱ្យក្រុមហ៊ុននូវការគ្រប់គ្រងស្ទើរតែទាំងស្រុងលើការផលិត និងតម្លៃ។

បន្ទះឈីប Tensor (TPU) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google ទាំងស្រុង ហើយនឹងផ្តល់ថាមពល ល្បឿនដល់ស្មាតហ្វូន Pixel ជំនាន់ថ្មី។ បន្ទះឈីប Tensor គឺការផ្តោតលើ​បច្ចេកវិទ្យាAI (Artificial Intelligent) និង ML (Machine Learning) ដើម្បីផ្តល់នូវបទពិសោធន៍ល្អប្រសើរដល់អ្នកប្រើប្រាស់ ។

បន្ទះឈីប Tensor អាចធ្វើការបកប្រែភាសាបានរហ័ស បញ្ចូលនូវការកែលម្អដល់គុណភាពកាមេរ៉ា, បំប្លែងការសរសេរអក្សរទៅជាសម្លេង (text-to-speech) និងមុខងារច្រើនទៀត ដោយមិនត្រូវការតភ្ជាប់អ៊ីនធឺណិត។ អ្នកអាចដឹងពីសមត្ថភាពផ្សេងទៀត នៅលើស្មាតហ្វូន Pixel ដែលចេញលក់ចុងក្រោយនេះ ច្បាស់ណាស់វានឹងលឿនជាងឧបករណ៍ជំនាន់មុន៕