វៀតណាម៖  Google នឹងផលិតស្មាតហ្វូន Pixel របស់ខ្លួននៅក្នុងប្រទេសវៀតណាមជាលើកដំបូងក្នុងឆ្នាំ 2023 ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យ និងការពឹងផ្អែកលើប្រទេសចិន។

សារព័ត៌មាន DigiTimes បាននិយាយថា Google ដែលមានស្មាតហ្វូន Pixel 6 ភាគច្រើនផលិតនៅក្នុងប្រទេសចិន នឹងផ្លាស់ប្តូរផ្នែកតូចមួយនៃផលិតកម្មទៅកាន់ប្រទេសវៀតណាម សម្រាប់គោលបំណងបណ្តុះបណ្តាលជំនាញ។

វិធានការនេះគឺដើម្បី "ជៀសវាងហានិភ័យពីភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលកំពុងបន្ត និងការចាក់សោរ Covid-19"។

ដៃគូផលិតចំនួនពីររបស់ Google គឺក្រុមហ៊ុន FIH របស់ Foxconn និងក្រុមហ៊ុន Compal Electronics មានរោងចក្រនៅក្នុងប្រទេសវៀតណាម ដែលនេះនឹងផ្ដល់នូវភាពកាន់តែងាយស្រួល ដល់ការបញ្ជាទិញបានគ្រប់ពេល។

ក្រុមហ៊ុន Google មានគម្រោងពង្រីកផលិតកម្មទៅកាន់ប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងឆ្នាំ 2019 សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា ក្រុមហ៊ុន Google បានចាប់ផ្តើមផ្លាស់ប្តូររោងចក្រ Nokia ចាស់នៅខេត្ត Bac Ninh ភាគខាងជើង មកជាការផលិតទូរស័ព្ទ Pixel ។

កាលពីចុងខែឧសភា ក្រុមហ៊ុន Xiaomi របស់ប្រទេសចិន បានប្រកាសពីការចែកចាយស្មាតហ្វូនដំបូងរបស់ខ្លួនដែលផលិតនៅវៀតណាមផងដែរ៕