វាគឺជាវិធីសាស្រ្តមួយសម្រាប់ជីវិត ដែលចូលចិត្តគំនិតច្នៃប្រឌិតជាជាងការធ្វើតាម និងមានភាពសកម្ម ច្រើនជាងភាពអសកម្ម។ លោក James Altucher ដែលជាអ្នកនិពន្វ អ្នកវិនិយោគ ក៏ជាសហគ្រិនម្នាក់ដែរនោះបាននិយាយថា «ចំពោះគាត់ ការធ្វើជា សហគ្រិន មិនមែនមានន័យថាជាការធ្វើ Facebook ថ្មី ឬចាប់ផ្តើមអាជីវកម្មណាមួយនោះទេប៉ុន្តែវាគឺជាការស្វែងរកបញ្ហាប្រឈម ដែលអ្នកមាននៅក្នុងជីវិតនិងកំណត់វិធីសាស្រ្តដែលពោរពេញដោយគំនិតច្នៃប្រឌិត ដើម្បីយកឈ្នះលើបញ្ហាប្រឈមទាំងនោះ»
ខាងក្រោមនេះ ជាទិដ្ឋភាព ៨ ចំនុច ដែលសហគ្រិនធ្វើខុសៗគ្នា ដែលនឹងធ្វើឲ្យគុណភាពនៃការងារនិងជីវិតរបស់អ្នក មានភាពប្រសើរឡើង។
១. ក្លាហានក្នុងប្តេជ្ញាចិត្តចំពោះសុបិន្តរបស់ពួកគេ
សហគ្រិនងាកចេញពីដែនសុវត្ថិភាព និងភាពស៊ាំនៃការងារធម្មតា មករករចនាបថនៃជីវិត ដែលមានភាពមិនច្បាស់លាស់ និងគ្មានសុវត្ថិភាព។សហគ្រិន ត្រូវការភាពក្លាហានយ៉ាងខ្លាំង ក្នុងការធ្វើការសម្រេចចិត្ត ជ្រើសរើសបែបនោះប៉ុន្តែសម្រាប់មនុស្សល្បីល្បាញ ដូចជា Walt Disney ជម្រើសនេះផ្តល់មកនូវរង្វាន់ដ៏មានសក្តានុពលបំផុត។
២. គិតអំពីអតិថិជន ច្រើនជាងខ្លួនឯង
សហគ្រិនកម្រចេញទៅរកភាពល្បីល្បាយ សម្រាប់ខ្លួនឯងណាស់។ ផ្ទុយមកវិញពួកគេខ្វល់អំពីអ្នកដែលពួកគេចង់ជួយ ឬបញ្ហាដែលពួកគេចង់ដោះស្រាយច្រើនជាង។ការធ្វើបែបនេះ អាចធ្វើឲ្យមានភាពខុសប្លែកគ្នា រវាងភាពជោគជ័យ និងភាពបរាជ័យនៅពេលដែលជួបប្រទះរឿងរ៉ាវលំបាកៗ។
អ្នកនិពន្ធ APE ជាអ្នកបោះពុម្ពផ្សាយ និងជាសហគ្រិនម្នាក់បានសរសេរថា “នៅក្នុងពិភពដ៏ខ្មៅងងឹត និងនៅពេលដែល អ្នកមានអារម្មណ៍ដុនដាបជាទីបំផុតចូរចងចាំអំពីតម្លៃដែលអ្នកកំពុងព្យាយាម បន្ថែមឲ្យជីវិតអ្នកដទៃ អារម្មណ៍នៃសេចក្តីពេញចិត្តឬមូលហេតុដែលធ្វើឲ្យអ្នក នឹងបន្តដំណើរទៅមុខទៀត”។
៣. រៀនមិនចេះចប់
ចាប់តាំងពីពេលដែលសហក្រិនទាំងនោះ ចូលទៅកាន់អាជីវកម្មនៃការបង្កើតផលិតផលថ្មីៗនិងបង្កើតវិធីសាស្រ្តថ្មីៗសម្រាប់ការបង្កើតវត្ថុផ្សេងៗអ្វីៗជាច្រើនដែលសហគ្រិនធ្វើ មិនមានបង្រៀននៅក្នុងថ្នាក់រៀនឡើយ។ ពួកគេដឹងថា មេរៀនដែលសំខាន់ៗបំផុតត្រូវបានរៀនសូត្រតាមរយៈការរស់នៅ ដូច្នេះពួកគេនៅតែបើកចំហរ បត់បែន និងចង់ដឹងចង់ឮដើម្បីស្រូបយកចំណេះដឹង ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ពេញមួយជីវិត។
លោក Richard Branson ស្ថាបនិកក្រុមហ៊ុន Virgin Group បានចាប់ផ្តើមអាជីវកម្មពីទស្សនាវដ្តីឈ្មោះ Student ដ៏តូចតាចមួយ មុនពេលដែល ក្រុមហ៊ុនគាត់បានរីកចម្រើនជាបន្តបន្ទាប់ ទៅជាហាងថតសម្លេងក្រុមហ៊ុនថតសម្លេងតន្រ្តី ក្រុមហ៊ុនអាកាសចរណ៍ហើយនៅពេលនេះថែមទាំងក្លាយទៅជាក្រុមហ៊ុនាសាជីវកម្មផ្នែកលំហអាកាសទៀតផង។លើសពីការក្លាយជាអ្នកជំនាញលើផ្នែកណាមួយ គាត់នៅតែបន្តរៀនសូត្រ និងបន្តរៀនសម្របខ្លួនពេញមួយជីវិតរបស់គាត់។
៤. មិនធ្លាប់បោះបង់
វិនិយោគិន ឬសហគ្រិន កម្រទទួលបានភាពជោគជ័យណាស់ នៅពេលសាកល្បងជាលើកទីមួយ។ ដើម្បីបង្កើតអ្វីមួយដែលគង់វង្ស និងមានតម្លៃតាមធម្មតាពួកគេត្រូវចំណាយពេលជាច្រើនឆ្នាំ ធ្វើការខិតខំប្រឹងប្រែងផ្តោតលើអាជីវកម្មអ្វីមួយ និងធ្វើការលះបង់។
គំនិត គឺគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ Kelly Zen-Yie ជាកវីផ្នែកតែងកំណាព្យ និងជាស្ថានិកនៃផលិតកម្មមួយ ជឿជាក់ថា កម្រិតនៃការតស៊ូជំនះគ្រប់ឧបសគ្គគឺជាធាតុដ៏សំខាន់មួយនៃភាពជាសហគ្រិន។ គាត់និយាយថា «នេះគឺជាអត្ថន័យនៃការក្លាយជាសហគ្រិនម្នាក់៖ ផ្តោតការយកចិត្តទុកដាក់ខ្លាំង ទៅលើអ្វីមួយដែលមិនទាន់មាននៅឡើយនិងបន្តធ្វើការងារឆ្ពោះទៅរកវា រហូតដល់វាក្លាយជាការពិត»។
៥ ស្រលាញ់ភាពបរាជ័យ
ភាពភ័យខ្លាចចំពោះការបរាជ័យ តែងតែស្ថិតនៅជុំវិញខ្លួនយើងជានិច្ច ប៉ុន្តែសម្រាប់សហគ្រិន ពួកគេស្វាគមន៍ភាពបរាជ័យ។ វាគឺជាការងារចង្អុលបង្ហាញ អំពីការដាក់កម្រិត ហើយវាមិនអាចជៀសផុតឡើយ នៅពេលដែលមនុស្សម្នាក់ កំពុងព្យាយាមបង្កើតអ្វីដែលថ្មីៗ ជាបន្តបន្ទាប់មិនឈប់មិនឈរ។
៦. ស្វែងរកនិងបំពេញតម្រូវការរបស់ពិភពលោក
សហគ្រិនចង់ធ្វើអ្វី លើសពីការបណ្តាយតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ពួកគេមានបំណងដោះស្រាយបញ្ហា និងបង្កើតផលិតផល ដែលអាចបំពេញតាមសេចក្តីត្រូវការណាមួយ។ មនុស្សមួយចំនួនបានចាប់ផ្តើមអាជីវកម្មដោយសារតែការមិនពេញចិត្តនឹងប្រព័ន្ធ ដែលគ្មានប្រសិទ្ធភាព ឬមានចំណុចខ្វះខាត។អ្នកខ្លះទៀតត្រូវបានជម្រុញ ដោយការជួបប្រទះនឹងភាពក្រីក្រ ឬសំណាងមិនល្អដោយខ្លួនឯង។
៧. ប្រើប្រាស់គំនិតចាស់ៗ និងយកវាជា ផ្លូវដែលនាំទៅកាន់ចំនុច ដែលប្រសើរជាងនេះ
ខណៈពេលមនុស្សម្នាក់អាចគិតថា សហគ្រិនផ្តោតយ៉ាងសំខាន់ទៅលើ គំនិតដែលមិនធ្លាប់បានឃើញពីមុនមកនោះពួកគេតែងតែធ្វើការកែតម្រូវ គំរូដែលមានស្រាប់និងបង្កើនកម្រិតនៃផលិតផលដែលហួសសម័យទៅហើយ។ ពេលខ្លះគំនិតដែលត្រូវបានបង្កើតឡើងវិញទាំងនេះ នឹងកែប្រែវិធីដែលយើងរស់នៅ អាន ឬញ៉ាំ។
លោក Ben Cohen និង Jerry Greenfield អ្នកបង្កើតរួមគ្នានូវការ៉េម Ben & Jerry’sដែលពួកគេបានចាប់ផ្តើមវានៅស្ថានីយ៍ប្រេងឥន្ធនៈ ដែលត្រូវបានជួសជុលឡើងវិញនៅក្រុង Burlington, Vermont មុនពេលដែលវាបានរីកចម្រើនទៅជាម៉ាកសញ្ញា ដែលត្រូវបានទទួលស្គាល់ជាសកលដែលមានរសជាតិពិសេសៗ។ ពួកគេក៏ជាអ្នកចាប់ផ្តើមមុនគេ នូវចលនាអាជីវកម្មដែលមានទំនួលខុសត្រូវចំពោះសង្គមផងដែរពួកគេតែងតែនិយាយ អំពីអ្វីដែលពួកគេអាចផ្តល់ទៅឲ្យសហគមន៍វិញ ។
៨. លើសពីចំនុចខាងលើ គេធ្វើសកម្មភាពខ្លាំងខា្ល
សហគ្រិនអនុវត្តការងារនៅពេលដែលអ្នកដទៃទៀតយល់ថាគំនិតមួយត្រូវបានសាបរលាបទៅកាន់អតីតកាលរួចហើយ។ពួកគេមានភាពជំនាញក្នុងការកែប្រែភាពអរូបី ទៅជាអ្វីដែលមានរូបរាងច្បាស់លាស់ដែលនេះជាការដោះស្រាយបញ្ហាប្រឈម ក្នុងជីវិត៕