នៅអត្ថបទមុនៗ ប្រិយ៍មិត្តបានស្វែងយល់អំពីចំណុចជាច្រើននៃស្មារតីនៃអ្នកដឹកនាំ។ សម្រាប់អត្ថបទនេះ ក្រមាក៏សូមបង្ហាញពីចំណុចជាមេរៀនអំពីវិញ្ញាណជាអ្នកដឹកនាំ ដែលគួរមាននិងស្ថិតនៅក្នុងបេះដូង និងស្មារតីមនុស្សដែលជាអ្នកដឹកនាំ។ “១មិន ៥មានជាវិញ្ញាណនៃអ្នកដឹកនាំ” ចំណុចទាំងនេះត្រូវបានលើកឡើងដោយលោកគ្រូឧទ្ទេសពឹង គិមឆេន នៅក្នុងវគ្គទី៣ស្តីពី “កាយសម្បទានិងបេះដូងអ្នកដឹកនាំ” នៃកម្មវិធីបណ្តុះបណ្តាលជាសាធារណៈក្រោមប្រធានបទស្តីពី“ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ”។ វិញ្ញាណនៃអ្នកដឹកនាំនេះ លោកគ្រូ ពឹង គិមឆេន បានប្រៀបប្រដូចទៅនឹងបេះដូង ដែលជាអ្នកច្របាច់ឈាមបញ្ចូនសព្វសារពាង្គកាយពោលគឺជាដូចស្មារតី សតិ វិញ្ញាណដែលនៅក្នុងខ្លួនអ្នកដឹកនាំនោះឯង ដែលមានដូចជា៖

១មិន (មិនអាត្មានិយម)

ចំណុចនេះ លោកគ្រូ គិមឆេនបានលើកឡើងថាជាអ្នកដឹកនាំគេ គឺមិនគួរមានចរិតអាត្មានិយមនោះទេ ដោយលោកបានប្រដូចវាដូចនឹងមេរោគ ព្រោះថាកាលណាភាពអាត្មានិយមវាយលុកនៅក្នុងខ្លួនមនុស្សនោះការដឹកនាំក៏មិនសម្រេចបានជោគជ័យនោះទេ។ ដូច្នេះជាអ្នកដឹកនាំមិនគួរទុកភាពអាត្មានិយមនៅក្នុងខ្លួនឡើយ ដោយត្រូវមានថ្នាំលេបសម្រាប់បំបាត់ភាពអត្មានិយមនេះគឺ៥មាន។

៥មាន (ជា៥ចំណុចមានដូចជា)៖

. ឆន្ទៈ

ប្រាកដណាស់ ជាអ្នកដឹកនាំមួយរូបត្រូវមានឆន្ទៈ ក្នុងការដឹកនាំ។ឆន្ទៈ ជាថ្នាំមួយសំខាន់សម្រាប់បំបាត់ភាពអាត្មានិយមដូចដែលបានលើកឡើងខាងលើ។ ព្រោះថាអ្នកដឹកនាំដែលមានឆន្ទៈ គឺជាមនុស្សដែលពុំសម្លឹងមើលផលប្រយោជន៍ផ្ទាល់ខ្លួន និងជាមនុស្សដែលចេះសម្រួចបេះដូងនិងទឹកចិត្ត ឈ្មុសឈ្មុលដឹកនាំបំពេញកិច្ចការឱ្យដល់គោលដៅទោះជាជួបនឹងឧបសគ្គយ៉ាងណាក៏ដោយ។

.អត់ធ្មត់

ជាអ្នកដឹកនាំគឺត្រូវតែមានភាពអត់ធ្មត់។ ព្រោះថាក្នុងឋានៈជាអ្នកដឹកនាំគេ គឺចៀសមិនរួចឡើយ នឹងកពាក្យនិន្ទា ការរិះគន់មិនថាក្នុងទំហំតូច ឬធំ ពីសំណាក់អ្នកក្រោមបង្គាប់ ហើយនេះជាច្បាប់ធម្មជាតិ។ លោក បានលើកឧទាហរណ៍ថានៅពេលខ្លះ ទោះបីជាអ្នកដឹកនាំធ្វើត្រូវ និងជោគជ័យក៏ដោយ ក៏នៅតែមានការរិះគន់ពីបុគ្គលមួយចំនួនដោយសារតែភាពច្រណែនជាដើម…។ ដូច្នេះ ការអត់ធ្មត់សម្រាប់អ្នកដឹកនាំ គឺត្រូវតែមាន។

.ព្យាយាម

សេចក្តីព្យាយាម គឺតម្រូវឱ្យមានក្នុងខ្លួនអ្នកដឹកនាំព្រោះថា ការព្យាយាម ប្រៀបជាវិញ្ញាណប្រឹងប្រែង ដើម្បីសម្រេចគោលដៅ។ ការព្យាយាមគឺសម្តៅទៅលើសកម្មភាព ដែលត្រូវធ្វើបន្តិចម្តងៗ ដោយប្រឹងប្រែង ទោះករណីខ្លះត្រូវបរាជ័យប៉ុន្តែការព្យាយាម ធ្វើឡើងវិញដោយឆ្លាតវៃ មិនចុះចាញ់ នឹងនាំមកអ្វីដែលប្រសើរជាងមុននិងសម្រេចជោគជ័យ។ ដូចនេះ ការព្យាយាម គឺត្រូវមានសម្រាប់អ្នកដឹកនាំ។

Image

. ស្មោះត្រង់

ភាពស្មោះត្រង់គឺជាមូលដ្ឋាន ជាផ្នែកមួយនៃវិញ្ញាណរបស់អ្នកដឹកនាំមួយរូប។បើគ្មានវាទេនោះ អ្នកដឹកនាំនោះនឹងបាត់បង់តម្លៃ ដែលអាចឱ្យបុគ្គលក្រោមឱវាទមិនផ្តល់ទំនុកចិត្តចូលរួមជាមួយក៏ដូចជាការតិះដៀលពីមជ្ឈដ្ឋានផ្សេងៗផងដែរ។

.លះបង់

ការលះបង់ ប្រៀបដូចជាថ្នាំដែលអ្នកដឹកនាំត្រូវតែមានសម្រាប់លេប។ក្នុងចំណុចនេះ លោកក៏បានលើកឡើងដែរថា អ្នកដឹកនាំដែលគិតតែប្រយោជន៍ខ្លួន មិនបានលះបង់អ្វីសោះគឺពុំអាចមានជាតម្លៃបានទេ។ ជាឧទាហរណ៍ ជាមេដឹកនាំគេ តែមិនបានជួយឈឺឆ្អាល ខ្លាចឈឺខ្លាចលំបាកក្នុងកិច្ចការជាងកូនចៅ ពិតណាស់ គឺមិនអាចក្លាយជាមេដឹកនាំគេបាននោះឡើយ។ដូចនេះ ជាអ្នកដឹកនាំមួយរូបដែលអាចដឹកនាំកិច្ចការណាមួយជោគជ័យ ក៏តម្រូវឱ្យមានការលះបង់ផងដែរ។ហើយសរុបមក ១មិន និង៥មាន នេះជាវិញ្ញាណនៃអ្នកដឹកនាំដែលបុគ្គលជាអ្នកដឹកនាំគួរពិចារណាស្វែងយល់៕