ខេត្តព្រះវិហារ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម​ សេរី​ បណ្ឌិត​ អនុរដ្ឋលេខាធិការ​នៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញប្រចាំខេត្តព្រះវិហារ ​​និង​ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ដោយមានការចូលរួមពីប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ សហការជាមួយលោក​ ចាប​ កុយ​ ប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តព្រះវិហារ​ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​ និងមន្ទីរចុះពិនិត្យមើលទំនប់អាងស្តុកទឹក"រក្សា​"​ស្ថិតនៅលើដងស្ទឹងសែន ក្នុង​ព្រំប្រទល់ឃុំពុទ្រា​ និងឃុំរក្សា ស្រុកជ័យសែន​ ​និង​​ស្រុករវៀង​ ខេត្តព្រះវិហារ។ 

ទំនប់អាងស្តុកទឹកនេះ បានសាងសង់ចាប់តាំងពី​ដេីមខែវិច្ឆិកា​ ឆ្នាំ២០១៩​ និងបានបញ្ចប់រួចរាល់ជាស្ថាពរចុងខែ​កក្កដា​ ឆ្នាំ២០២២ នេះ។ ទំនប់អាងស្តុកទឹក"រក្សា​"នេះ​ មានប្រវែងសរុប​ ២.៩៥៦ម៉ែត្រ​ អាចស្តុកទឹកបានប្រមាណ​ ២៥៧លានម៉ែត្រគូប​ ដោយមានទ្វារទឹកធំ​ចំនួន​ ២០ទ្វារ​ ​(ទ្វារទឹកនីមួយៗមានទំហំ១០ម៉ែត្រ និងទម្ងន់ប្រមាណជាង​ ៦០តោន)​ ព្រមទាំងមានបម្រុងទុកនូវទ្វារទឹក និងបំពង់សម្រាប់តួប៊ីនចំនួន​ ០៣ កន្លែង ដែលអាចផលិតថាមពលវារីអគ្គិសនីបាន ១,៥០មេហ្គាវ៉ាត់។

ទំនប់អាងស្តុកទឹកនេះ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់ដំណាំកសិកម្មរបស់ប្រជាកសិករនៅរដូវវស្សាបាន​ចំនួន ១៤៣.៣២៣​ ហិកតា និងនៅរដូវប្រាំងបានចំនួន​ ២២.៨៧៨ហិកតា​ ព្រមទាំងជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត​ និងជួយកាត់បន្ថយទឹកជំនន់និងគ្រោះរាំងស្ងួតតាមរយ:យន្តការបច្ចេកទេសច្បាស់លាស់នៃការគ្រប់គ្រងធនធានទឹកចម្រុះរបស់ស្ទឹងសែនដែលគ្របដណ្តប់ភាគច្រើនលើទឹកដីនៃខេត្តព្រះវិហារ និងខេត្តកំពង់ធំផងដែរ។

ឆ្លៀតក្នុងឱកាសនេះផងដែរ​ ក្នុងនាមថ្នាក់ដឹកនាំក្រសួងដែលកាន់មុខព្រួញក្នុងខេត្តព្រះវិហារ ឯកឧត្តមអនុរដ្ឋលេខាធិការ​ និងឯកឧត្តមអគ្គនាយក​ ព្រមទាំងក្រុមការងារ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ព្រមទាំងកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអនុវត្ត និងត្រួតពិនិត្យគម្រោងរបស់ភាគីចិន​ ដែលបានបញ្ចប់ការងារសាងសង់តាមកាលកំណត់ដែលបានគ្រោងទុក។ 

ជាមួយគ្នានេះ​ ផងដែរក្រុមការងារ​ក្រសួង ក៏បានស្នេីដល់គាគីចិនឲ្យបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លីអំពីបច្ចេកទេសប្រើប្រាស់លើឧបកណ៍ សម្ភារបំពាក់ និងការបញ្ជាបិទ-បើកទ្វារដល់មន្រ្តីនៃនាយកដ្ឋានជំនាញពាក់ព័ន្ធ​ និងមន្ត្រីនៃមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តព្រះវិហារ និងខេត្តកំពង់ធំផងដែរ មុនពេលបញ្ចប់សុពលភាព និងប្រគល់-ទទួល​ជាផ្លូវការមកភាគីកម្ពុជា។

នាពេលរសៀលថ្ងៃដដែល​ ឯកឧត្តមអនុរដ្ឋលេខាធិការ​ និងឯកឧត្តមអគ្គនាយក​ ព្រមទាំងក្រុមការងារ​ ក៏បានចុះពិនិត្យជាក់ស្តែង​ស្ថានភាពទឹកស្ទឹងសែន និងប្រព័ន្ធធារាសាស្រ្ត ព្រមទាំងការដ្ឋានមួយចំនួនស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ​ រួមមានដូចខាងក្រោម ៖

១.ប្រព័ន្ធធារាសាស្រ្តទំនប់៩៥ ស្ថិតក្នុងសង្កាត់ប៉ាលហាល​ ក្រុងព្រះវិហារ​ ដែមានលទ្ធភាពស្រោចស្រពស្រូវវស្សា​ ១.៥០០ហិកតា​ ស្រូវប្រាំង​ ៥០០ហិកតា​ សម្រាប់ភូមិចំនួន​ ០៤។

២. ស្ថានភាពទឹកស្ទឹងសែនត្រង់ចំណុចស្ពានកំពង់ចម្លង​មានកម្ពស់១០,៥០ ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន១១.៥០ ម៉ែត្រ) ស្ថិតក្នុងសង្កាត់កំពង់ប្រណាក​ ក្រុងព្រះវិហារ​។

៣.ត្រង់ទីតាំងស្ថានីយដោះទឹកចេញពីក្រុង​ដែលជាជំនួយជប៉ុន JICA​​ រួមទាំងទំនប់សណ្តផ្លូវវាងក្រុង​ ដែលជាថវិការដ្ឋបាលខេត្ត ស្ថិតក្នុងសង្កាត់កំពង់ប្រណាក​ ក្រុងព្រះវិហារ​ គ្រោងនឹងសាងសង់នាចុងឆ្នាំនេះផងដែរ។

៤. ស្ថានភាពទឹកស្ទឹងសែនត្រង់ចំណុចស្ពាន​កំពុងសាងសង់ពុទ្រា​ ស្ថិតក្នុងភូមិពុទ្រា​ ឃុំពុទ្រា​ ស្រុកជ័យសែន​​។ បន្ទាប់ពីការងារសាងសង់ស្ពាននេះ​ បានចប់រួចរាល់ជាស្ថាពរ​ នាយកដ្ឋានជលសាស្ត្រ​ និងការងារទន្លេ​ នឹងសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ធ្វេីការដំឡេីងក្តារម៉ែត្រ​ និងស្ថានីយវាស់កម្ពស់ទឹកស្វ័យប្រវត្តិ​ ដើម្បីទទួលបាននូវព័ត៌មាន និងទិន្នន័យបន្ថែមទៀត ដែលជួយបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងទឹកក្នុងអាងស្ទឹងសែន​ ដែលមានវិសាលភាពធំជាងគេក្នុងចំណោមបណ្តាអាងស្ទឹង/អាងទន្លេទាំងអស់នៅក្នុងប្រទេសកម្ពុជា។

៥. ការដ្ឋានសាងសង់នៃប្រព័ន្ធធារាសាស្ត្រ​អូរកំបោរ​ ​ស្ថិតក្នុងភូមិប៉ាលហាល​ ឃុំរីករាយ​ ស្រុករវៀង ដែលជាជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង​ (AFD)​​ ដែលសម្រេចបានប្រមាណ៤៥%​។ ប្រព័ន្ធធារាសាស្ត្រនេះ​ មានប្រឡាយមេចំនួន២ខ្សែ​ និងអាចស្តុកទឹកបានប្រមាណ​ ៦០ម៉ឺនម៉ែត្រគូប​ សម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃ​ និងស្រោចស្រពស្រូវប្រមាណ​ ២៥២ហិកតាក្នុងតំបន់ផងដែរ​។

ជារួម ស្ថានភាពទឹកស្ទឹងសែនស្ថិតនៅក្នុងខេត្តព្រះវិហារ គឺមិនទាន់ហក់ឡើងដល់កម្រិតគួរឲ្យព្រួយបារម្ភ​ និងប្រកាសអាសន្ននៅឡើយនោះទេ បេីគិតត្រឹមល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នេះ។​ ​

ឯកឧត្តមអនុរដ្ឋលេខាធិការ​ និងឯកឧត្តមអគ្គនាយក​ ក៏បានបញ្ជាក់ថា ៖ ដោយប្រទេសកម្ពុជា​ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់ បាននឹងកំពុងតែទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប​ និងវិសម្ពាធជាបន្តបន្ទាប់នាពេលកន្លងមក​ និងបច្ចុប្បន្ន​ ដែលបង្កឲ្យមានភ្លៀងធ្លាក់ច្រើនគ្របដណ្តប់នៅផ្នែកខាងលើនៃអាងស្ទឹងសែន​ ដូចនេះនាយកដ្ឋានជំនាញពាក់ព័ន្ធ​ ត្រូវសហការជាមួយមន្ទីរ​ធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ ក្នុងការចែករំលែកនូវព័ត៌មាន និងទិន្នន័យ (ជាពិសេសបរិមាណទឹកភ្លៀង កម្ពស់ និងធារទឹក​) បង្កភាពងាយស្រួលក្នុងការគ្រប់គ្រងទឹកនៅតាមដងស្ទឹងសែនចាប់ពីផ្នែកខាងលើដល់ផ្នែកខាងក្រោមមុននឹងហូរធ្លាក់ចូលទៅបឹងទន្លេសាប ដេីម្បីអាចបង្ការទប់ស្កាត់ហានិភ័យ​ និងចាត់វិធានការបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះមហន្តរាយនានាដែលអាចកេីតមានឡេីងជាយថាហេតុផងដែរ ៕