រាជធានីភ្នំពេញ៖ យើងពិតជាមានភព្វសំណាង ដោយយើងទាំងអស់គ្នាទទួលបាននូវការការពារ និងភាពកក់ក្តៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃរបស់សម្តេចតេជោ។ នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសដែលឯកឧត្តម នាំយកអំណោយជាស្បៀងអាហារ អាវភ្លៀង និងថ្នាំពេទ្យមួយចំនួន ដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានរំលេចចេញនៅ បេសកកម្មដ៏ថ្លៃថ្លាក្នុងការថែររក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម របស់កងកម្លាំងនគរបាលជាតិ ដោយសកម្មភាពទាំងនេះ ពិតជាមានតម្លៃណាស់សម្រាប់ភាពសុខសាន្តរបស់ប្រជាជនទាំងអស់គ្នា។ 

ឯកឧត្តម ហ៊ុន ម៉ានី ៖ កងកម្លាំង នគរបាលជាតិរបស់យើង មិនថាក្នុងដំណាក់កាលមុនកូវីដ ១៩ ក្នុងពេល កូវីដ ១៩ ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេលស្ងប់ស្ងៀម ឬពេលចលាចលណាមួយក្នុងការអនុវត្តការងារដើម្បីជួយសម្រួលចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនា សម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម​ ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ និងកងកម្លាំង ទោះជាស្ថិតក្នុងការលំបាក នៃការប្រឈមនឹងវិបត្តិកូវីដ១៩ក្ដី ដោយបានលើកឡើងថា៖ ការទទួលបាននូវវ៉ាក់សាំងបង្ការកូវីដ ១៩ ជូនដល់អ៊ុំ ពូមីង បងប្អូន និងក្រុមគ្រួសារបានបង្ហាញពីការគិតគូរយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ ទោះបីជាស្ថិតក្នុងការលំបាក ក៏ជីវភាពរបស់បងប្អូនត្រូវបានដាក់ជាអាទិភាព ពោលគឺប្រាក់បៀវត្ស និងប្រាក់បំណាច់នានារបស់កងកម្លាំងទាំងអស់ត្រូវបានរក្សាស្ថានភាពដដែល។ 

ការដើរឆ្លងនូវវិបត្តិនេះ ដោយខ្មែរខ្លួនឯង ឆ្លុះបញ្ចាំងថា យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា ទោះតូច ឬធំ ឲ្យតែយើងទាំងអស់គ្នា រួមចិត្ត រួមគំនិត និងមាននូវបេះដូងខ្មែរតែមួយដូចគ្នា៕