រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាដែលមានសមាសភាពជាមន្រ្តីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៦ តាមប្រព័ន្ធវីដេអូ Zoom នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រាជធានីភ្នំពេញ។
កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៦ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ Prawit Wngsuwon ឧបនាយករដ្ឋមន្រ្តី និងជាសមាជិកក្រុមប្រឹក្សា MRC តំណាងនៃព្រះរាជាណាចក្រថៃ ដែលទទួលវេនជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០២១ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្រ្តីនៃប្រទេសជាសមាជិក MRC បីផ្សេងទៀត រួមមាន៖ ឡាវ ថៃ និងវៀតណាម តំណាងនៃប្រទេសដៃគូអភិវឌ្ឍន៍ ប្រទេសដៃគូសន្ទនា (ចិន មីយ៉ាន់ម៉ា) និងអង្គការតំបន់ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការដ្ឋាន MRC សរុប ចំនួន ១៤៣ រូប។
កិច្ចប្រជុំខាងលើ បានពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការការងាររបស់ MRC ឆ្នាំ២០២១ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការតំបន់, ការលើកកម្ពស់កិច្ចដំណើរការស្ថាប័ននិងការអនុវត្តការងារ, ការជ្រើសរើសនាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ពីប្រទេសឡាវ សម្រាប់ឆ្នាំ២០២២-២០២៤, ការត្រៀមរៀបចំកិច្ចប្រជុំកំពូល MRC លើកទី៤ ក្នុងឆ្នាំ២០២៣ ដែលប្រទេសឡាវជាម្ចាស់ផ្ទះ, ការពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងការប្រើប្រាស់ទឹកនិងការពិនិត្យតាមដានទន្លេ, ស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម, ផែនការងារបច្ចុប្បន្នភាពរបស់ MRC សម្រាប់ឆ្នាំ២០២២ និងកិច្ចការសំខាន់មួយចំនួនទៀត ។
កិច្ចប្រជុំ ក៏បានពិនិត្យ អនុម័តលើវិធានផ្ទៃក្នុងបច្ចុប្បន្នភាពរបស់ក្រុមប្រឹក្សា និងគណៈកម្មាធិការរួម MRC និងឯកសារយុទ្ធសាស្រ្តអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គក្រោម ។
នៅក្នុងកិច្ចប្រជុំ ប្រទេសជាសមាជិក MRC ក៏ដូចជាដៃគូអភិវឌ្ឍន៍ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារនិងសមិទ្ធផល ដែល MRC សម្រេចបានក្នុងឆ្នាំ២០២១ ក្នុងបរិបទនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ និងបានប្តេជ្ញាចិត្តបន្តធ្វើការរួមគ្នាឲ្យកាន់តែសកម្មថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែរឹងមាំ គាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០២៣ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ៕