ខេត្តកំពង់ធំ៖ ថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស រួមដំណេីរដោយលោក ឈុន ពុទ្ធារិទ្ធ អគ្គនាយករង និងលោកប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធមួយចំនួន សហការជាមួយលោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរចុះពិនិត្យមើលសំណង់ស្ទាក់ទឹកស្ទឹងជីនិត និងសំណង់លូជ្រុង ជាសមិទ្ធផលថ្មីមួយទៀតដែលរាជរដ្ឋាភិបាល និងក្រសួងធនធានទឹក និងឧតុនិយមទើបសម្រេចបាន និងផ្តល់ជូនជាចំណងដៃដល់ប្រជាកសិករស្ថិតនៅ ស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រុមការងារនាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តេីមការងារសាងសង់នៃគម្រោងខាងលើនេះកាលពីខែកុម្ភ: ឆ្នាំ២០២២ ហើយគិតរហូតមកដល់បច្ចុប្បន្នសម្រេចបានរួចរាល់ជាស្ថាពរ ១០០%។ ទំហំការងារដែលអនុវត្តក្នុងនោះរួមមាន៖
១-សាងសង់ទំនប់ប្រវែង ១៥០ម៉ែត្រ
២-ជីកប្រឡាយប្រវែង ១៣៥ម៉ែត្រ
៣-សាងសង់សំណង់ស្ទាក់ទឹក(ទ្វារធំ១៣ ទ្វារតូច០៣) ចំនួន០១កន្លែង
៤-សាងសង់សំណង់លូជ្រុង(ទ្វារ២) ចំនួន០១កន្លែង
សមត្ថភាពនៃសំណង់ស្ទាក់ទឹកនេះ គឺអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយទឹកជូនដល់ប្រជាកសិករក្នុងតំបន់នោះព្រមទាំងអាចបង្កេីនបរិមាណទឹកសម្រាប់ស្រោចស្រពបន្ថែមលេីផ្ទៃដីបង្កបង្កេីនផលកសិកម្មស្រូវរដូវវស្សាចំនួន ១.១៥០ហិកតា ស្រូវរដូវប្រាំងចំនួនចំនួន ១.៣៦០ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា រួមទាំងសម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ១៥ភូមិ ដែលមានគ្រួសារចំនួន ២.៣២៩ ផងដែរ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គនាយក ក៏បានធ្វេីការកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនាយកដ្ឋានវិស្វកម្មដែលអនុវត្តការងារសាងសង់សម្រេចបានតាមផែនការកំណត់ បើទោះបីជាឆ្នាំនេះព្រះរាជាណាច្រកកម្ពុជា បាននិងកំពុងតែទទួលរងនូវឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប និងព្យុះជាបន្តបន្ទាប់តាំងពីអំឡុងខែមីនាយ៉ាងណាក៏ដោយ ក៏ក្រុមការងារនៅតែបានពុះពារព្យាយាមខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអនុវត្តគម្រោង ដោយសម្រេចបានលទ្ធផលជោគជ័យគួរជាទីមោទន: និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានទាន់ពេលវេលាសម្រាប់ការងារបង្កបង្កេីនផលស្រូវរដូវវស្សា និងការប្រេីប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករនៅក្នុងតំបន់។
នាពេលរសៀលថ្ងៃដដែល ឯកឧត្តមអគ្គនាយក និងក្រុមការងារ ក៏បានចុះពិនិត្យមេីលស្ថានភាពទឹកនៅត្រង់ចំណុចទីតាំងចំនួន ០២ ដែលរួមមាន៖
១-ស្ទឹងស្លាប់ ត្រង់ចំណុចនៅផ្នែកខាងចុងនៃប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក ដែលអាចនាំទឹកសម្រាប់ស្រោចស្រពដំណាំស្រូវប្រមាណ ១០.៤៦០ហិកតា និងហូរចូលចាក់ទៅទន្លេសាបផងដែរ។
២-កម្ពស់ទឹកស្ទឹងសែន ត្រង់ចំណុចឃុំកំពង់គោ ស្រុកកំពង់ស្វាយ។ តាមការរាយការណ៍ពីលោកប្រធានមន្ទីរ និងការចុះពិនិត្យជាក់ស្តែងលើទីតាំងមួយចំនួន ជារួមស្ថានភាពទឹកនៅតាមបណ្តាស្ទឹងសំខាន់ៗនៅក្នុងខេត្តកំពង់ធំ មិនទាន់ហក់ឡើងដល់កម្រិតគួរឲ្យព្រួយបារម្ភនៅឡើយនោះទេ គិតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នេះ៕