ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ប្រទេសប្រមាណ១១៥ បានប្រជុំគ្នាស្វែងរកផលប៉ះពាល់ និងវិធីសាស្ត្រក្នុងការដោះស្រាយ។ ជាលទ្ធផលកិច្ចប្រជុំស្តីពីការបម្រែបម្រួលអាកាសធាតុ ត្រូវបានបង្កើតជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុដើម្បីធ្វើឱ្យបរិស្ថានពិភពលោកប្រសើរឡើង។
ខាងក្រោមនេះជាចំណុចសំខាន់ៗចំនួន ៣ដែលកម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិ (UNDP-United Nation Development Program) បានលើកឡើងជុំវិញចំណុចសំខាន់ជាគោលនៃកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ។
១. រក្សាកំណើតសីតុណ្ហភាពកុំឱ្យខ្ពស់ពេក
ដោយសារតែសកម្មភាពឧស្សាហកម្មនិងការបំពុលបរិស្ថានភពលោក បានធ្វើឱ្យផែនដីឡើងកម្តៅជារៀងរាល់ឆ្នាំ។ ហេតុនេះប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុបានព្យាយាមគ្រប់លទ្ធភាពដើម្បីកំណត់កំណើនសីតុណ្ហភាពឱ្យនៅត្រឹម១.៥អង្សាសេប៉ុណ្ណោះក្នុងមួយឆ្នាំ។
២.ពិនិត្យលើការប្តេជ្ញាចិត្តដើម្បីកាត់បន្ថយការបំភាយឧស្ម័ន
សកម្មភាពឧស្សាហកម្មបានបង្កើតឱ្យមានឧស្ម័នមិនល្អជាច្រើនលើភពផែនដីដែលវាជាកត្តាសំខាន់ដែលធ្វើឱ្យផែនដីឡើងកម្តៅ និងប៉ះពាល់យ៉ាងខ្លាំងដល់ការររស់់នៅតែទោះជាយ៉ាងនេះក្តី មនុស្សក៏មិនអាចរស់នៅបានស្រួលនោះដែរប្រសិនបើគ្មានឧស្សាហកម្មសោះនោះ។ ហេតុនេះ អ្វីដែលអាចធ្វើបាន គឺព្យាយាមគ្រប់គ្រងឱ្យឧស្សាហកម្មធំៗទាំងអស់នោះត្រូវបានអភិវឌ្ឍដោយយកចិត្តទុកដាក់ពីការបង្រួមផលប៉ះពាល់ឱ្យតូចឬគិតគូរឱ្យបានច្រើនបំផុតពីបរិស្ថានពិភពលោក។
ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបម្រែបម្រួលអាកាសធាតុវិញគឺចាំបាច់ត្រូវពិនិត្យឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងការកាត់បន្ថយការបំភាយឧស្ម័នរៀងរាល់៥ឆ្នាំម្តង។
៣. ផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍
ប្រទេសកំពុងអភិវឌ្ឍជាតំបន់ដែលមានធនធានធម្មជាតិនិងការអភិវឌ្ឍឧស្សាហកម្មផងដែរ។ ហេតុនេះប្រទេសទាំងអស់មានគោលដៅក្នុងការផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណាជំរុញប្រទេសទាំងអស់នោះរក្សាឱ្យបាននូវធនធានដែលជាផ្នែកយ៉ាងសំខាន់ ក្នុងការជួសជុលស្ថានការណ៍និងធ្វើការអភិវឌ្ឍក្នុងកម្រិតសមល្មមដោយប៉ះពាល់តិចបំផុតលើពិភពលោក៕