សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានព័ត៌មានខ្លីរហ័ស

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអំពីការប្រមូលសំណាករបស់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ដ្រ «តំបន់ក្រហម»។ ការប្រមូលនេះ គឺដើម្បីកាត់ផ្តាច់ប្រភពចម្លង និងឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ ។ នេះបើតាមសេចក្ដីណែនាំដែលបានចុះផ្សាយ យប់ថ្ងៃទី២៣មេសា ដែលការយកសំណាកនេះ ត្រូវបានដាក់ជាកំហិត៕

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅយកសំណាកនៅ៖

ទី១៖ ទីលានចាក់សំរាមចាស់ ក្នុងភូមិដំណាក់ធំ
ទី២៖ ទីតាំងបណ្តោយផ្លូវលេខ ១០១៩ (ផ្លូវទ្រុងមាន់) ក្នុងភូមិទ្រា
ទី៣៖ វិហារព្រះយេស៊ូ ទំល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំង ដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យទៅយកសំណាកនៅ៖

ទី១៖ សាលាបឋមសិក្សាសុភមង្គម ក្នុងភូមិបប៉ែកខាងជើង
ទី២៖ ផ្សារ K-Mall ក្នុងភូមិត្រពាំងថ្លឹង១
ទី៣៖ ដីឡូតិ៍ខាងក្រោយផ្សារឯករាជ្យ ក្នុងភូមិត្រពាំងថ្លឹង១។

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម នៃភូមិ១៤ ភូមិ១៦ និងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទូលគោក ទៅយកសំណាកនៅ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ចេនឡា។

ក្នុងករណីប្រជាពលរដ្ឋណាម្នាក់មិនព្រមសហការ ឬគេចវេះមិនទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមការណែនាំនេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

លោក គឹម សនិ្តភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងដែរថា បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល