ភ្នំពេញ ៖ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា កម្ពុជានៅត្រូវការលំនៅឋានជាង 1លានខ្នងបន្ថែមទៀតក្នុងឆ្នាំ2030។ ទន្ទឹមនឹងតម្រូវការលំនៅឋាននេះ អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា តម្រូវការទីស្នាក់អាស្រ័យដែលមានលក្ខណៈជាផ្ទះជាប់ដី នៅតែទាក់ទាញ និងមានតម្រូវការខ្ពស់ពីសំណាក់ទីផ្សារក្នុងស្រុក។

ស្របទៅនឹងប្រធានបទខាងលើនេះ អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋាននៅតែបង្ហាញពីភាពសុទិដ្ឋិនិយមជាមួយនឹងវិស័យលំនៅឋានដដែល ជាពិសេសលំនៅឋានជាប់ដី បើទោះជាក្នុងរយៈពេល៥ទៅ១០ឆ្នាំខាងមុខទៀតក៏នៅតែមានតម្រូវការដដែល។ 

លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMUIM Group ដែលជាអ្នកអភិវឌ្ឍន៍វិស័យលំនៅឋានយ៉ាងសកម្មនាពេលបច្ចុប្បន្ននេះបានមានប្រសាសន៍ មិនថាពេល ឬថ្ងៃខាងមុខទៀតនោះទេ តម្រូវការលំនៅឋានជាប់ដីនៅតែមាន ជាពិសេសលំនៅឋានដែលមានតម្លៃសមរម្យ។ 

លោកបានបញ្ជាក់ថា “ពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់តែរាជធានីភ្នំពេញគឺមានកំណើនមនុស្សចូលមករស់នៅ និងប្រកបអាជីវកម្មជាប់ជាប្រចាំ ដែលយ៉ាងហោចសម្រាប់តែនិស្សិតដែលឡើងមកបន្តការសិក្សា មានមិនក្រោម១ម៉ឺននាក់នោះទេ ដែលសុទ្ធតែមានតម្រូវការស្នាក់នៅ។ ជាមួយគ្នានេះក៏មានមនុស្សដែលជាអ្នកចំណាកស្រុក មកស្វែងរកការងារ ក៏ដូចជាប្រកបអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ។ ជាការពិត ភាគច្រើនចំណូលថ្មីនៃចំនួនប្រជាជន ក៏ដូចជាសិស្សនិស្សិតភាគច្រើន មិនអាចមានលទ្ធភាពជួលផ្ទះនៅកណ្តាលក្រុងបាននោះទេ ប៉ុន្តែពួកគេអាចមានជម្រើសស្នាក់នៅផ្ទះដែលស្ថិតនៅតំបន់ក្រុងទី២ ឬតំបន់ជាយក្រុង”។ 

លោកបានបន្តថា “ដោយមើលឃើញពីតម្រូវការទាំងអស់នេះ បច្ចុប្បន្ន អ្នកអភិវឌ្ឍន៍បានជ្រើសរើសតំបន់ជាយក្រុងសម្រាប់សាងសង់លំនៅឋានសម្រាប់ផ្គត់ផ្គង់ទៅផ្សារ ដែលលក់នៅក្នុងតម្លៃចាប់ពីប្រមាណ៥ម៉ឺនដុល្លារ ឬ៧ម៉ឺនដុល្លារ អាស្រ័យទៅតាមទីតាំង និងទំហំលំនៅឋានដែលត្រូវបានដាក់លក់ ហើយម៉្យាងទៀតតម្លៃដីនៅតាមតំបន់ជាយក្រុងនៅធូរថ្លៃនៅឡើយ ដែលអនុគ្រោះដល់ការអភិវឌ្ឍន៍ និងអាចទទួលបានចំណេញច្រើនជាងការអភិវឌ្ឍន៍នៅក្នុងតំបន់ក្រុង”។ 

ពាក់ព័ន្ធនឹងការលើកឡើងពីតម្រូវការលំនៅឋានជាប់ដី ពីសំណាក់អ្នកអភិវឌ្ឍន៍លំនៅឋានខាងលើនេះ  លោក ច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច រួមជាមួយនឹងការកើនឡើងនៃចំនួនប្រជាជនកម្ពុជា បាននិងកំពុងជំរុញការអភិវឌ្ឍឧស្សាហកម្មអចលនទ្រព្យរបស់កម្ពុជា។

មិនតែប៉ុណ្ណោះ ក្នុងរយៈពេល 1ទសវត្សរ៍កន្លងមកនេះ វិស័យអចលនទ្រព្យរបស់កម្ពុជាទទួលបានកំណើនយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ជាពិសេសនៅរាជធានីភ្នំពេញ និងនៅតំបន់ជាយក្រុងនានា។

លោក ច្រឹក សុខនីម បានសង្កេតឃើញថា តម្រូវការលំនៅឋានជាប់ដីនៅកម្ពុជា កំពុងមានកំណើនគួរឱ្យកត់សម្គាល់ ហេតុដូច្នេះហើយ ទើបអ្នកវិនិយោគក្នុងស្រុកបានសម្លឹងឃើញថា ទីផ្សារលំនៅឋានជាប់ដីជាគោលដៅទាក់ទាញមួយពីសំណាក់ទីផ្សារក្នុងស្រុក ទើបអ្នកវិនិយោគវិស័យអចលនទ្រព្យ ជាពិសេសអ្នកអភិវឌ្ឍន៍តែម្ដង បានបោះទុនទៅលើវិស័យលំនៅឋានជាប់ដីនេះច្រើន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុរូបនេះ បានសង្កត់ធ្ងន់ទៀតថា ៖“លំនៅឋានជាប់ដី ត្រូវបានគេអភិវឌ្ឍន៍ទៅកាន់តំបន់ជាយរាជធានី ដោយសារតែតម្លៃដីធ្លីនៅកណ្ដាលក្រុងកាន់តែឡើងថ្លៃ ដូច្នេះគេទុកដីនៅកណ្ដាលក្រុងសម្រាប់អភិវឌ្ឍន៍ជាខុនដូ និងអគារខ្ពស់ៗ វាចំណេញជាង តែសម្រាប់អ្នកដែលចង់បានផ្ទះជាប់ដីនៅកណ្ដាលក្រុង ត្រូវចំណាយលុយច្រើន ដើម្បីទិញដី និងសាងសង់ដោយខ្លួនឯង បើមិនដូច្នេះទេ ពួកគាត់ត្រូវផ្លាស់ប្តូរទៅនៅតំបន់ជាយរាជធានីបន្តិចហើយ”៕