ស្រុកបន្ទាយស្រី៖ «កសិទេសចរណ៍» និងការចិញ្ចឹមសត្វតាមបែបអ្នកតំបន់ភ្នំនេះជាប្រធានបទដែលលោក អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានលើកឡើង។លោកក៏បានបង្ហាញពីបំណង នៃការបង្កើតអត្តសញ្ញាណថ្មីនៃម្ហូបអាហារប្រចាំតំបន់និងបង្ហួតបង្ហាញពីចំនុចពិសេសនៃទំនៀមទម្លាប់របស់អ្នករស់នៅតាមតំបន់ភ្នំនៅក្នុងស្រុកបន្ទាយស្រីដើម្បីជាមូលដ្ឋានដណ្តើមយកឧត្តមភាពនៃការប្រកួតប្រជែងខាងផ្នែកទេសចរណ៍។

ខាងក្រោមនេះជាការអធិប្បាយរបស់លោកអភិបាលស្រុក៖

បើធៀបជាមួយនឹងក្រុងសៀមរាប ដែលជាតំបន់ទំនាបកណ្តាលអ្នកបន្ទាយស្រីអាចចាត់ទុកថាជាអ្នកលើរឺអ្នកភ្នំ ចំណែកឯអ្នករស់នៅតាមបឹងទន្លេសាបអាចហៅថាអ្នកក្រោម រឺអ្នកទន្លេ។ ការសិក្សាពីប្រវត្តិសាស្ត្រ និងភូមិសាស្ត្របង្ហាញថាទំនៀមទម្លាប់របស់ពួកគាត់ទាំងពីរក្រុមនេះមានលក្ខណៈខុសគ្នាឆ្ងាយណាស់ជាពិសេសទៅលើការប្រកបរបរចិញ្ចឹមជីវិត ដោយអ្នកទន្លេពឹងផ្អែកខ្លាំងទៅលើការនេសាទនិងវារីវប្បកម្ម ចំណែកឯអ្នកតំបន់ភ្នំច្រើនផ្តោតលើការធ្វើចម្ការនិងការចិញ្ចឹមសត្វទៅវិញ។ ហេតុដូច្នេះហើយ បានជាខ្ញុំយល់ឃើញថាអ្នកបន្ទាយស្រីគួរផ្តោតយកចិត្តទុកដាក់ទៅលើមុខរបរដែលអាចផ្តល់ភាពមានប្រៀបដោយកត្តាអំណោយផលពីធម្មជាតិដែលមានស្រាប់ជាជាងប្រឹងជម្នះ និងប្រដូចខ្លួនទៅនឹងតំបន់ដទៃព្រោះការសម្របខ្លួនទៅតាមលក្ខខណ្ឌធម្មជាតិ ងាយស្រួលនឹងទទួលបានឧត្តមភាពប្រកួតប្រជែងខាងផ្នែកសេដ្ឋកិច្ចបានឆាប់រហ័ស។

ស្ថានភាពភូមិសាស្ត្រនៃស្រុកបន្ទាយស្រីស័ក្តិសមនឹងការធ្វើចម្ការនិងការចិញ្ចឹមសត្វយ៉ាងខ្លាំងប៉ុន្តែបន្ទាយស្រីក៏ជាស្រុកដែលមានសក្តានុពលធំខាងផ្នែកទេសចរណ៍មួយដែរ ដូច្នេះហើយប្រជាកសិករនៅក្នុងស្រុកគួរចាប់យកការចិញ្ចឹមសត្វប្រភេទណា ដែលចំនេញផងនិងបម្រើអោយវិស័យទេសចរណ៍ផង។ កន្លងមក“ការចិញ្ចឹមមាន់ស្រែ”បានបង្កើតទីផ្សារយ៉ាងធំទូលាយរួចមកហើយដល់កសិករនៅក្នុងស្រុកហើយការងារនេះក៏នឹងនៅតែបន្តផងដែរ ក៏ប៉ុន្តែខ្ញុំពិតជាចង់ឃើញរមណីយដ្ឋាននិងតំបន់ទេសចរណ៍នានា មានចំនុចខ្លាំងខាងផ្នែកម្ហូបអាហាររបស់ខ្លួនផ្សេងៗគ្នាទៅតាមតំបន់នីមួយៗមិនមែនទៅកន្លែងណាក៏មានតែ”មាន់ដុត”ដូចៗគ្នានោះទេ។

ជាឧទាហរណ៍ “ជ្រូកកណ្តុរ”គឺជាប្រពៃណីចិញ្ចឹមសត្វមួយរបស់អ្នកភ្នំគូលែន ដោយយកជ្រូកស្រុកបង្កាត់នឹងជ្រូកព្រៃរួចហើយចិញ្ចឹមនៅក្នុងព្រៃមុននឹងយកវាមកធ្វើជាម្ហូបអាហារហើយជ្រូកកណ្តុរមានរសជាតិគួរអោយទាក់ទាញខ្លាំងណាស់ ថែមទាំងមានតម្រូវការច្រើននិងតម្លៃទីផ្សារខ្ពស់ទៀតផង។ ក្រៅពីនេះ គេសង្កេតឃើញការចិញ្ចឹមសត្វប្រភេទខ្លះទៀតក៏មានភាពសមស្របខ្លាំងនឹងតំបន់ចម្រាក់ភ្នំដែរ ដូចជាការចិញ្ចឹមសត្វពពែរឺសត្វចៀមជាដើម ព្រោះតំបន់ទាំងនេះពិបាកក្នុងការដាំដំណាំរឺធ្វើចម្ការ។ រដ្ឋបាលស្រុកនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រក្រោមរូបភាពផ្សេងៗ ក៏ដូចជាសហការជាមួយអង្គការដៃគូនានាផ្តល់ជាជំនួយជំនាញបច្ចេកទេស ស្វែងរកទីផ្សារនិងផ្សព្វផ្សាយអោយបានទូលំទូលាយជូនកសិករទាំងឡាយណាដែលចាប់អារម្មណ៍លើការងារចិញ្ចឹមសត្វប្រភេទទាំងនេះផងដែរ។

ភាពប្លែកបង្កើតភាពទាក់ទាញដែលជាហេតុផលចម្បងដែលជំរុញអោយមានការរីកលូតលាស់នៃវិស័យទេសចរណ៍ហើយបើយើងអាចបង្កើតភាពទាក់ទាញនៅក្នុងតំបន់នីមួយៗបាននោះវានឹងផ្តល់ហេតុផលរឹតតែច្រើនអោយអ្នកទេសចរដែលមកកាន់ខេត្តសៀមរាបទៅទស្សនាតំបន់ផ្សេងៗគ្នានៅក្នុងខេត្ត។សង្ឃឹមថាថ្ងៃណាមួយ យើងនឹងមានអត្តសញ្ញាណនៃម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់នីមួយៗច្បាស់លាស់ដើម្បីបម្រើអោយភាពសម្បូរបែបនៃវិស័យទេសចរណ៍ ហើយយើងនឹងអាចនាំគ្នានិយាយថា “តោះ!ទៅញ៊ាំជ្រូកកណ្តុរនៅបន្ទាយស្រី! តោះ! ទៅញ៊ាំពពែអាំងនៅជើងភ្នំគូលែន!”ដូចដែលយើងធ្លាប់និយាយថា “តោះ! ទៅញ៊ាំក្តាមនៅកំពត!” រឺ “តោះ! ទៅញ៊ាំនំបញ្ចុកនៅព្រះដាក់!”ដូច្នោះដែរ៕