រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ ពិធីក្រុងពាលីបញ្ចុះសីមា សាងសង់អាគារសិក្សាមួយខ្នង ដែលមានកម្ពស់៦ជាន់​ រួមទាំងជាន់ក្រោមដី ចែកចេញជា ៥៤បន្ទប់ ដែលត្រូវចំណាយពេលសាងសង់២ឆ្នាំ និងរំពឹងថាអាចនឹងបញ្ចប់សព្វគ្រប់នៅចុងឆ្នាំ២០២៣។

 អគារសិក្សាថ្មីនេះ និងត្រូវបានបំពាក់ទៅដោយថ្នាក់រៀនវ័យឆ្លាត បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត សាលប្រជុំ សាលសហសិក្សា បន្ទប់សាស្រ្តាចារ្យ បន្ទប់សិល្បៈ បន្ទប់សុខភាព អាហារដ្ឋាន និងហាងកាហ្វេ នឹងក្លាយជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការជំរុញកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ក៏ដូចជាកំណែទម្រង់សាលារៀន និងការពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន។

សូមជម្រាបថា អគារសិក្សាថ្មី ក្នុងវិទ្យាស្ថានជាតិអប់រំគឺជាអគារសិក្សាទី២ហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង គណៈគ្រប់គ្រង មន្រ្តី និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំ និងភាគីពាក់ព័ន្ធទាំងអស់៕