Image
ប្រភេទនៃការដឹកនាំ មានពីរប្រភេទគឺការដឹកនាំបែបចៅហ្វាយនិងការដឹកនាំបែបណែនាំ។ ហើយនៅក្នុងអត្ថបទនេះ លោកអ្នកអាចស្វែងយល់បានពីប្រភេទដឹកនាំទាំងពីរនេះដែលលោក ពឹង គិមឆេន ជាគ្រូឧទ្ទេស នៃកម្មវិធីបណ្តុះបណ្តាលជាសាធារណៈក្រោមប្រធានបទស្តីពី“ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ”បានចែករំលែកដូចខាងក្រោមនេះ៖

*អ្នកដឹកនាំបែបចៅហ្វាយនាយ

.ត្រួតត្រា

ជាការដឹកនាំបែបត្រួត្រា ដោយអ្នកដឹកនាំមានផ្នត់គំនិតថាគាត់ជាម្ចាស់ ដូចនេះកូនចៅ បុគ្គលិកក្រោមឱវាទទាំងអស់ត្រូវតែស្តាប់បង្គាប់។

. បញ្ជា

ជាការដឹកនាំដោយការចាត់តាំង បង្គាប់បញ្ជាដោយពុំមានការសួរនាំដល់បុគ្គលិកក្រោមឱវាទនោះឡើយ។

. ផ្តាច់ការ

ចំណុចនេះ លោកគ្រូ គិមឆេន បានលើកឡើងថាជាការដឹកនាំធ្វើតាមផែនការ ហើយករណីដែលអ្នកក្រោមបង្គាប់ធ្វើមិនបាន គឺអាចត្រូវបានបណ្តេញចេញដោយការសម្រេចជោគវាសនាលើចៅហ្វាយនាយ។

.លាក់ការណ៍

ត្រង់ចំណុចនេះ មេដឹកនាំបែបចៅហ្វាយគឺច្រើនលាក់ការណ៍ ព័ត៌មានផ្សេងៗ ដោយមិនសូវបង្ហើបបង្ហាញរូបមន្ត ឬបច្ចេកទេសទៅអ្នកដទៃឬចែករំលែកទៅកូនចៅ បុគ្គលិកក្រោមឱវាទខ្លួនឡើយ។

. រើសជំនាញ

ការដឹកនាំបែបចៅហ្វាយ គឺច្រើនជ្រើសធនធានមនុស្សដោយមានជំនាញទៅលើផ្នែកណាមួយ។ករណីបើគ្មានជំនាញទេនោះ គឺមិនត្រូវបានរើស ឬបណ្តុះបណ្តាលបន្ថែមឡើយ។

Image

*អ្នកដឹកនាំបែបណែនាំ

.ម្ចាស់ការ

អ្នកដឹកនាំបែបណែនាំ តែងបណ្តុះគំនិត អ្នកក្រោមឱ្យចេះម្ចាស់ការដោយខ្លួនឯងពោលគឺកិច្ចការ បុគ្គលិកផ្ទាល់គឺជាម្ចាស់ ចេះស្វែងយល់ស្វ័យសិក្សា គ្រប់គ្រងដោយខ្លួនឯង។

.សហការ

ចំណុចនេះ លោកគ្រូ បានលើកឡើងពីមេដឹកនាំបែបណែនាំ គឺចេះធ្វើការសហការ ចេះសួរនាំទឹកចិត្ត​កូនចៅ បុគ្គលិកក្រោមបង្គាប់ថាតើអាចប្រើជំនាញ ឬសមត្ថភាពក្នុងផ្នែកណាមួយ ដូចនេះពួកគេអាចប្រើប្រាស់សមត្ថភាពត្រូវតាមផ្នែកនីមួយៗធ្វើត្រូវតាមជំនាញរៀងខ្លួន។

. ក្រុមវិន័យ

ក្នុងចំណុចនៃការដឹកនាំបែបណែនាំនេះ គឺសម្តៅលើ ការណែនាំឱ្យក្រុមបុគ្គលិកក្រោមបង្គាប់អាចបង្កើតបទបញ្ជាផ្ទៃក្នុងដែលក្រុមបុគ្គលិកផ្ទាល់ជាអ្នកបង្កើតចងក្រង សម្រាប់គ្រប់គ្រង ចាត់ចែងនិងអនុវត្តទៅលើក្រុមខ្លួនផ្ទាល់។

. ចែករំលែក

ត្រង់ចំណុចនេះ លោកគ្រូ គិមឆេន បានលើកឡើងពីការដឹកនាំបែបណែនាំគឺមានការចែករំលែក ផ្លាស់ប្តូរបទពិសោធគ្នា ជួយកែលម្អគ្នា ពិសេសបុគ្គលិកក្រោមឱវាទដែលមានសមត្ថភាពពូកែ អាចចែករំលែកគន្លឹះដល់អ្នកផ្សេងទៀត។

. បណ្តុះបណ្តាល

ចំណុចចុងក្រោយនៃការដឹកនាំបែបណែនាំ គឺមានការបណ្តុះបណ្តាលដល់បុគ្គលិកអ្នកគ្មានជំនាញទទួលបានការបណ្តុះបណ្តាល ពោលគឺទទួលបានចំណេះដឹងទាំងអស់គ្នានៃបុគ្គលក្រោមឱវាទ។ចំណុចនេះផងដែរ លោកគ្រូ គិមឆេន ក៏បានលើកឡើងអំពី ការបណ្តុះបណ្តាលនេះគឺមានជាទម្រង់បុគ្គលិកដែលពូកែ មានសមត្ថភាពខ្លាំងនូវផ្នែកណាមួយ អាចកាន់ឬដឹកនាំនៅផ្នែកនោះនិងអាចចែករំលែកចំណេះដឹង ទៅបុគ្គលិកផ្សេងៗបានចេះដឹងគ្រប់គ្នាក្នុងស្ថាប័នឬអាជីវកម្មទាំងមូល៕