សូមចុចចូល=>  Telegram  ក្រមាប៉ុស្ដិ៍ទទួលបានអត្ថបទឆាប់រហ័ស

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីករណីស្លាប់ថ្មី ដោយសារកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត និងករណីរកឃើញអ្នកឆ្លងថ្មីចំនួន ៦១៨នាក់ ​ដែលនេះជាតួលេខឆ្លងខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីមានករណីវិជ្ជមានកូវីដ១៩នៅកម្ពុជា។ ក្នុងថ្ងៃនេះផងដែរក៏មានអ្នកជាសះស្បើយ ៧០នាក់។

អ្នកដែលទទួលមរណភាពថ្មីនេះ វ័យ៤១ឆ្នាំស្ថិតក្នុងខណ្ឌសែនសុខ និងអាយុ ៨២ឆ្នាំស្ថិតក្នុងខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ។

ចំនួនអ្នកឆ្លងកូវីដ១៩នៅកម្ពុជាត្រូវបានកត់ត្រាកើនឡើងជាបន្តបន្ទាប់ពីករណីឆ្លងសហគមន៍២០កុម្ភៈ ​ដែលមានទ្រង់ទ្រាយធំ និងមិនទាន់បានត្រូវបិទបញ្ចប់នៅឡើង ខណៈពេលនេះក្រុងភ្នំពេញកំពុងស្ថិតក្នុងវិធានការបិទខ្ទប់។

សូមជម្រាបដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន៣ប្រភេទគឺពី Sinopharm(១.៣លានដូស), Astra Zeneca(ជាង៣សែនដូស) និង Sinovac(២លានដូស) ហើយរដ្ឋាភិបានបញ្ជាក់ថា នឹងមានមកជាបន្តបន្ទាប់ទៀត។

គិតត្រឹមថ្ងៃនេះ សរុបអ្នកកំពុងសម្រាកព្យាបាលមានចំនួន ​ ៣៨៦៥នាក់ និងអ្នកដែលបានជាសះស្បើយ ២៤៧៦នាក់ ហើយទីតាំងដែលត្រូវកំណត់ថា មានហានិភ័យខ្ពស់ជាងគេគឺរាជធានីភ្នំពេញ  ខេត្តកណ្ដាល ស្វាយរៀង ខេត្តព្រះសីហនុ​និងខេត្តព្រៃវែង។ ទីតាំងឆ្លងខ្លាំងដែលជាបណ្ដុំមនុស្សបានកើតមានគឺនៅផ្សារអូឬស្សី និងរោងចក្រ ឌីន ហាន ក្នុងពេលចុងក្រោយនេះគឺផ្សារលើខេត្តព្រះសីហនុ និងផ្សារដើមគរក្រុងភ្នំពេញ។

ករណីស្លាប់ដោយសារកូវីដ១៩នៅកម្ពុជា មានចំនួនសរុប៤៣នាក់៕