បរទេស៖ របាយ​ការណ៍​មួយ​ចេញ​ផ្សាយ ​ដោយ​គណៈកម្មការ​​​​ពាណិជ្ជកម្ម​​​​លើ​ទំនិញ​អនាគត (CFTC)​ នៃ​សហរដ្ឋអាមេរិក​ បាន​​បង្ហាញ​នូវ​​បញ្ហា​​មួយ​​ចំនួន​ ដែ​ល​​បង្ក​ពី​បញ្ហា​ប្រែ​ប្រួល​ធាតុ​អាកាស ​ដែល​​​ឱ្យ​ផល​ប៉ះ​ពាល់​ទៅ​លើ​ប្រព័ន្ធ​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​។ បញ្ហា​នេះ​​ ដែល​​មន្ត្រី​គណៈកម្ម​ការ​ខាង​លើបាន​លើក​ឡើង​ថា ជា​រឿង​មួយ​គួរ​យក​ចិត្ត​ទុក​ដាក់ និង​មាន​​ចំណាត់​ការ​បន្ទាន់ព្រោះ​ថា បម្រែ​បម្រួល​​​ធាតុ​អាកាសអាច​បង្ក​ជា​ការ​រាំង​ស្ទះ​​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​​​​ក្នុង​ទំហំ​ធំ​ដែល​​គេ​អាច​ឃើញ​​ជាក់​ស្តែង។

ក្នុង​របាយការណ៍​​​​​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន​​ ដែល​​មាន​សមត្ថកិច្ច​​ចេញ​គោលនយោបាយ​​​មួយ​ចំនួន​ នៅ​លើ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ខាង​លើ​នេះ បាន​​​លើក​ឡើង​ពី​ចំនុច​ដ៏​គួរ​បារម្ភ​មួយ​ចំនួន ​​ដែល​បាន​កើត​ឡើង​ មាន​ដូច​ជាភ្លើង​ឆេះ​ព្រៃ​ ទឹក​ជំនន់​ធ្ងន់​ធ្ងរ​​​ និង​គ្រោះ​ខ្យល់​ព្យុះ ជា​ដើម​ដែល​​​​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ បាន​​​​កត់​សម្គាល់​ទៅ​លើ​ព្រឹត្តិការណ៍​​ប្រែ​ប្រួល​ធម្មជាតិ​ដែល​បាន​​កើត​ឡើង​នេះ។ ហើយ​​បម្រែ​​បម្រួល​ជា​កង្វល់​​ទាំង​​​​​​នេះ ​​គឺ​ពុំ​ទាន់​បាន​​រាប់​​បញ្ចូល​ទាំង​ព្រឹត្តិការណ៍​​​បម្រែ​បម្រួល​ធម្មជាតិ ​នៅ​​​ប្រទេស​ផ្សេង​ៗ​​នៅ​លើ​ពិភព​លោក​​​នៅ​ឡើយ ​ដោយ​រាប់​ត្រឹម​តែ​សហរដ្ឋអាមេរិក​មួយ​​ប៉ុណ្ណោះ។

“ច្រើន​ពេល​ទៅ​ហើយ ប្រសិន​បើ​​គ្មាន​​ចំណាត់​ការ​សំខាន់ ​​​សម្រាប់​ពិនិត្យ​​ទៅ​លើ​ការ​កើន​ឡើង​សីតុណ្ហភាព​ពិភព​លោក​ទេ​នោះ។ ឥទ្ធិពល​អវិជ្ជមាន​ពី​​ការ​ប្រែ​ប្រួល​​ធាតុ​អាកាស និង​អាច​ប៉ះ​ពាល់​​ទៅ​ដល់​​ប្រសិទ្ធិផល​នៃ​សេដ្ឋកិច្ច​និង​សក្តានុពល ​នៃ​​​​​​ចរន្ត​​ការងារ​នយោជិក​​ និង​នយោជក​ ​​ចំណូល​និង​ឱកាស​​​ផ្សេង​ៗ​"។ នេះ​ជា​​ផ្នែក​មួយ​ដែល​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​របាយ​ការណ៍។

តាម​ការ​លើក​ឡើង​របស់​ លោក Mindy Lubber នាយក​ប្រតិបត្តិ​នៃ​​អង្គការ​ ​មិន​ស្វែង​​​ប្រាក់​ចំណេញ Ceres ដែល​ជា​អង្គការ​​​ប្រឹក្សា​ផ្តល់​នូវ​ដំណោះ​ស្រាយ​ថ្មី​​ៗ បាន​​លើក​ឡើង​ថា​ សម្រាប់​​ក្រុម​​ដែល​ពាក់​ព័ន្ធ មិន​ថា​មក​ពី​​ផ្នែក​នយោបាយនិង​ឯកជន នឹង​អំពាវនាវ​​រក​នូវ​ចំណាត់​ការ​ផ្សេង​ៗ ​ទាក់​ទង​បញ្ហា​ខាង​លើ​ដែល​​នេះ​​ជា​ភស្តុតាង​ ​បង្ហាញ​ថា​ប្រព័ន្ធ​​វិស័យ​ហិរញ្ញវត្ថុ​បាន​​គំរាម​កំហែង​ដល់​​ ឥទ្ធិពល​​នៃ​ធាតុ​អាកាសហើយ​ជា​បញ្ហា​ទៅ​ដល់​ទី​ផ្សារ​ហិរញ្ញវត្ថុ​​របស់​សហរដ្ឋអាមេរិក។ហើយ​ក៏​​បង្ហាញ​ផង​ដែរ​ អំពី​​ការ​ព្រួយ​បារម្ភ​អំពី​អ្នក​នយោបាយ​​ដ៏​​មាន​ឥទ្ធិពល ​ក្នុង​ការ​សម្រេច​​ធំ​ៗ​ពាក់​ព័ន្ធ​​បញ្ហា​ខាង​លើ ដែល​​បង្ហាញ​ថា​បញ្ហា​នេះ​គឺ​ត្រូវ​ការ​វិធានការ​​ដោះ​ស្រាយ​បន្ទាន់​ផង​ដែរ​។

យ៉ាង​ណា​មិញ​ ទាក់​ទិន​នឹង​បញ្ហា​ខាង​លើ​នេះមាន​មតិ​ជា​ច្រើន​​ដែល​បាន​លើក​​ឡើង​នៅ​ក្នុង​របាយ​ការណ៍​​ដែល​ក្នុង​នោះ​សុទ្ធ​សឹង​ជា​អ្នក​ជំនាញ​​ក្នុង​វិស័យ​ពាក់​ព័ន្ធ​បាន​​​បង្ហាញ​​នូវវិធី​ដែល​អាច​ដោះ​ស្រាយ​ទៅ​​នឹង​បញ្ហា​បម្រែ​បម្រួល​ធាតុ​អាកាស​នោះគឺ​ការ​​បង្វិល​​​ប្រភព​ថវិកា​​ផ្តោត​សំខាន់​ទៅ​លើ ថាម​ពល​ស្អាត (Clean Energy) ដែល​មិន​ប៉ះ​ពាល់​ដល់​បរិស្ថានទន្ទឹម​នឹង​នោះ គឺ​​ក៏​ត្រូវ​មាន​ការ​ត្រៀម​​ថវិកា​បម្រុង​ ​ត្រៀម​សម្រាប់​ការ​ប្រែ​ប្រួល​នូវ​​​ការ​​ប្រើ​ប្រាស់​​នៃ​​ថាម​ពល​នេះ​ផង​ដែរ។

គួរ​រំលឹក​ដែរ​ថាក្នុង​របាយការណ៍​ស្រាវជ្រាវ​ផ្សេង​ៗ​ ក៏​បាន​បង្ហាញ​ដូច​ទៅ​នឹង​របាយការណ៍​ផង​ដែរពោល​គឺ​​មាន​បញ្ហា​ជា​ប្រព័ន្ធ​ជា​ច្រើន​ដែល​បណ្តាល​មក​ពី​​ការ​ប្រែ​ប្រួល​ធាតុ​អាកាស ហើយ​​ពិសេស​​វិបត្តិ​ទាំង​ពីរ មាន​ឥទ្ធិពល​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ឧទាហរណ៍​មួយតាម​រយៈ​ទិន្នន័យ​ពី​​អង្គការ​សម្រាប់​គាំទ្រ​​​បណ្តាញ​ការ​​វិនិយោគ​នៃ​អង្គការ​សហប្រជាជាតិ (PRI) បាន​បង្ហាញ​ថាត្រឹម​តែ​គោល​នយោបាយ​​សម្រាប់​​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​ធាតុ​អាកាស គឺ​មាន​ទំហំ​ចំណាយ​​​ច្រើន​​​រហូត​ដល់​​តម្លៃ ២,៣​លាន​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ($2.3Trillion) ពោល​គឺ​​ស្មើ​នឹង​តម្លៃ​នៃ​​ភាគ​ហ៊ុន​ក្នុង​ទីផ្សារ​​ពិភព​លោក ​ដែល​ត្រូវ​បាត់​បង់​​៕