ឧបករណ៍ចល័តដែលយើងប្រើប្រាស់សព្វថ្ងៃនេះ រួមទាំងស្មាតហ្វូន និងថេប្លេតជាដើម វាមិនត្រឹមតែជារបស់សំខាន់សម្រាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ឬក្រុមគ្រួសារនោះទេ ថែមទាំងប្រើសម្រាប់ជាការកម្សាន្ត ការងារ ព្រមទាំងអាចដំណើរការគណនីធនាគារបានទៀតផង។ ជាមួយនឹងការសម្រួលដល់ការរស់នៅប្រចាំថ្ងៃដោយឧបករណ៍បច្ចេកវិទ្យាទាំងនេះ វាក៏អាចក្លាយជាការគំរាមកំហែងជាទូទៅពីមេរោគ ឬការវាយប្រហារពីជនអនាមិកផងដែរ។

កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបានរកឃើញប្រភេទមេរោគ Trojan ដែលគេឱ្យឈ្មោះថា Cerberus។ កម្មវិធីមេរោគនេះគឺបង្កើតឡើងដើម្បីលួចយកទិន្នន័យអ្នកប្រើប្រាស់នៅពេលដែលពួកគេប្រើកម្មវិធីធនាគារណាមួយ។ ករណីនេះបានកើតឡើងចំពោះអ្នកប្រើប្រាស់នៅប្រទេសអេស្បាញ ដែលមេរោគ Trojan នេះបានបង្កប់ជាមួយកម្មវិធី “Calculadora de Moneda” ដែលជាកម្មវិធីសម្រាប់គណនារូបិយប័ណ្ណ ហើយដែលត្រូវបានគេទាញយកជាង ១ម៉ឺនដង ព្រោះតែវាមាននៅលើ Play Store។

ដំណើរការនៃការវាយប្រហាររបស់មេរោគនេះគឺ ក្រោយពីបានដំឡើងកម្មវិធីនេះរួចហើយ ជាដំបូងវាមានដំណើរការត្រឹមត្រូវធម្មតាជាមួយមុខងារផ្សេងៗរបស់ខ្លួន ប៉ុន្តែក្រោយពីបានដំណើរការប្រើប្រាស់មួយរយៈពេលមក អ្នកអភិវឌ្ឍន៍កម្មវិធីបានតម្រូវឱ្យធ្វើបច្ចុប្បន្នភាពលើកម្មវិធីដោយមានបង្កប់មេរោគ Cerberus ដែលគេអាចលួចយកទិន្នន័យ នៅពេលអ្នកប្រើប្រាស់បញ្ចូលអត្តសញ្ញាណគណនីដូចជាឈ្មោះ និងលេខសម្ងាត់របស់ពួកគេ ហើយបញ្ជូនទៅឱ្យអ្នកវាយប្រហារ។

កន្លងមកនាយកដ្ឋានប្រឆាំងបច្ចេកវិទ្យា បានធ្វើការណែនាំជាច្រើនដងរួចមកហើយដែរ ទាក់ទងទៅនឹងការទាញយកកម្មវិធីមកប្រើប្រាស់ សូមកុំធ្វើការទាញយកកម្មវិធីណាដែលមិនចាំបាច់ ឬទាញយកកម្មវិធីពីគេហទំព័រផ្សេងៗមកប្រើ ព្រោះវាអាចប៉ះចំកម្មវិធីដែលមានបង្កប់មេរោគច្រើនជាងពីការទាញយកកម្មវិធីពីក្នុង Play Store ឬ App Store ដែលក្រុមហ៊ុនបានពិនិត្យមុននឹងដាក់ឱ្យប្រើប្រាស់នោះ៕

ប្រភព៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា