រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចរៀបចំពិធីមង្គលការឡើងវិញបាន ប៉ុន្តែមង្គលការនោះ ត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមច្រើនបំផុតត្រឹម ២០០នាក់ប៉ុណ្ណោះ ហើយក្នុងនោះមិនរាប់បញ្ចូលទាំងអ្នកផ្តល់សេវានានា ដូចជាចុងភៅ អ្នករត់តុ អ្នកលេងភ្លេងជាដើម។

នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដែល សម្តេចតេជោ អញ្ជើញសម្ពោធ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីនៃស្ថាបត្យកម្មរបស់ជាតិ ដែលការសាងសង់នេះ ត្រូវចំណាយពេលជាង១ឆ្នាំ និងប្រើថវិការជាង ២៨លានដុល្លារអាមេរិក។

សូមរំលឹកជូនដែរថា សម្ដេចតេជោ បានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ និងការរៀនរស់នៅជាមួយកូវីដ១៩ កាលពីថ្ងៃទី១វិច្ឆិកា២០២១ កន្លងទៅ ហើយក៏បានអនុញ្ញាតឲ្យមានពិធីមង្គលការឡើងវិញដែរ តែមានអ្នកចូលរួមត្រឹម៥០នាក់ប៉ុណ្ណោះ៕