រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានហាមដាច់ខាតមិនត្រូវបណ្ដែតបណ្ដោយ មានមនោសញ្ចេតនា ជាមួយឈ្មួញរកស៊ីគ្រឿងញៀននោះទេ។ មានប្រសាសន៍នាពេលនេះ ក្នុងឪកាសដែល សម្ដេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី26 ខែមិថុនា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា៖ យើងបង្គ្រាបបានច្រើន (សារធាតុញៀន និងសារធាតុផ្សំ) តែយើងនៅមិនទាន់ស្រាវជ្រាវបានដល់រឹះគល់ ឈានដល់ការរឹបអូសនៃទ្រព្យសម្បត្តិអ្នករកស៊ីគ្រឿងញៀននៅឡើយទេ។ បើកាលណាយើងបណ្ដែតបណ្ដោយឲ្យធនាគារធ្លាក់ក្នុងបញ្ជីខ្មៅ នោះនឹងប៉ះពាល់ដល់សេដ្ឋកិច្ច នយោបាយនៅកម្ពុជា។ 

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកទឹកចិត្ត មាតិបិតា ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្ត នូវពាក្យស្លោក ៣កុំ ១ រាយការណ៍ ពិសេសចំណុច ១រាយការណ៍ ធ្វើយ៉ាងណាឱ្យពួកគាត់មានភាពក្លាហានក្នុងការរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរមានមត្ថកិច្ច នូវរាល់ព័ត៌មានពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀន រួមមានដូចជា ការដាំដុះ ការផលិត ការចរាចរ ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់។

ជាងនេះទៀត សម្ដេចក្រឡាហោម ណែនាំឲ្យចូលរួមអនុវត្តសេចក្តីណែនាំ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការធ្វើអាជីវកម្ម ស៊ីហ្សា បារីអេឡិចត្រូនិច (អ៊ីស៊ីហ្ការ៉ែត) និងការប្រើប្រាស់ផលិតផល អេចស៍ ធី ភី (HTPs) ព្រោះការធ្វើអាជីវកម្ម និងការប្រើប្រាស់របស់ទាំងនេះ អាចធ្វើជារបាំង និងជាច្រកចូល នៃការប្រើប្រាស់គ្រឿងញៀន ឬអាចជាកត្តាដែលនាំទៅប្រើប្រាស់គ្រឿងញៀន៕