​ភ្នំពេញ​៖ លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ និង​ជា​ប្រធាន​ក្រុម​ដឹកនាំ​រួម​ក្រុមគ្រូពេទ្យ​សម្តេច​តេ​ជោ​ប្រឆាំង​កូ​វីដ​-១៩ បានលើកឡើង សុំអោយ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​សហ​ការណ៍​ទើប​យើង​អាច​ឆ្លងកាត់​ការលំបាក​នេះ​ជាមួយគ្នា​បាន​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី បាន​សរសេរ​យ៉ាងដូ​ច្នេះ​ថា «​សុំ​បញ្ចេញ​អារម្មណ៍​ពិត​របស់ខ្ញុំ​: សួរថា​តើ​ពេលដែល​រៀបចំ​មន្ទីរពេទ្យ​ព្យាបាល​អ្នក ជំងឺ Covid ម្តងៗ​តើ​ខ្ញុំ​មាន​អារម្មណ៍​បែបណា​?

​ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល​ចិត្ត អាណិត​ដល់​រដ្ឋាភិបាល ​ដែល​ខំ​ចំណាយ​ប្រាក់​ក្នុង​ការរៀបចំ​មន្ទីរពេទ្យ​អោយ​អ្នកជំងឺ​មាន​កន្លែង​ព្យាបាល អាណិត​ដល់​សម្តេច​តេ​ជោ ​ដែល​លោក​ខិតខំ​ប្រឹង​គិតគូរ​និង​ផ្តល់​គំនិត​គ្រប់បែបយ៉ាង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ ជំងឺ​Covid ជាពិសេស គឺ​ការពារ​ជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​។ 

អាណិត​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំងអស់ ​ដែល​កំពុង​ប្រយុទ្ធ​ជាមួយនិង​សត្រូវ​មិនឃើញ​ស្រមោល​នេះ​។ អាណិត​និង​ខ្លោចចិត្ត​ដល់​ក្មេង​តូចៗ​ដែល​ឆ្លង​នៅ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​ ​ខ្ញុំ​តែងតែ​បួងសួង ​សុំ​មន្ទីរពេទ្យ​ដែល​ខ្ញុំ​កំពុង​រៀប​នេះ​គ្មាន​មនុស្ស​មក​សំរាក និង​ជា​មន្ទីរពេទ្យ​ចុងក្រោយ​។

​សម្តេច​តេ​ជោ រាជរដ្ឋាភិបាល និង​ក្រុមគ្រូពេទ្យ​យើងខ្ញុំ​បាន​ខំប្រឹង​ពេញទំហឹង​ហើយ​តែ​ខ្ញុំ​សុំអោយ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​សហ​ការណ៍​ទើប​យើង​អាច​ឆ្លងកាត់​ការលំបាក​នេះ​ជាមួយគ្នា​បាន​»៕