សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

​របប​អាហារ​​ពុំ​គ្រប់​គ្រាន់និង​​មិន​មាន​គ្រប់​ជីវជាតិ​​​ គឺ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​កម្ពស់​​របស់​​យុវជន ​​​​ពិសេស​​ក្នុង​វ័យ​សិក្សា​ នេះ​បើ​តាម​ការ​សិក្សា​ធ្វើ​ឡើង​ដោយ​ប្រទេស​អង់គ្លេស។

ក្នុង​របាយការណ៍​​ចេញ​ផ្សាយ​ដោយព្រឹត្តិបត្រ​​វេជ្ជសាស្រ្ត​The Lancet ល្បី​របស់​អង់គ្លេស បាន​​បង្ហាញ​ពី​​បញ្ហា​ខាង​លើ ​​ដោយ​ផ្អែក​​​តាម​​លទ្ធផល​សិក្សា​របស់​អង់គ្លេស​​ក្នុង​កម្រិត​សកលចាប់​ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​២០១៩។ ការ​សិក្សា​បាន​ផ្តោត​ទៅ​លើ​​ទំនាក់​ទំនង​រវាង​របប​អាហារ និង​​ការ​លូត​លាស់​​កម្ពស់ និង​ទម្ងន់​​របស់​​កុមារ​ដែល​មាន​​វ័យ​ចាប់​ពី​៥​ឆ្នាំ​រហូត​ពួក​គេ​មាន​វ័យ​​ដល់​១៩​ឆ្នាំ​។

ជា​លទ្ធផល​ពី​ការ​វិភាគ​​លើ​ការ​សិក្សា​ជិត​២​ពាន់​ករណី ​បាន​បង្ហាញ​ថា​គុណភាព​នៃ​របប​អាហារ​ដែល​ជីវជាតិ​​នៅ​តាម​ប្រទេស​នី​មួយ​ៗ​ដែល​គេ​រស់​នៅ​​​​មាន​ឥទ្ធិពល​​ទៅ​ការ​លូត​លាស់​​រាង​កាយ​របស់​ពួក​គេជាក់​ស្តែង​នៅ​ត្រឹម​ឆ្នាំ​២០១៩ គេ​បាន​រក​ឃើញ​ថាក្មេង​ប្រុស​ជំទង់​​នៅ​អឺរ៉ុប​(ប្រទេស​ហូឡង់និង​​ម៉ុងតេណេហ្គ្រូ) នៅ​វ័យ​​​១៩​ឆ្នាំពួក​គេ​មាន​កម្ពស់​​​ជា​មធ្យម​ប្រហែល​១៨៣cm​ ចំណែក​ក្មេង​ស្រី​​​ក្នុង​វ័យ​ដដែល​នោះមាន​កម្ពស់​ប្រហែល​ ១៧០cm។ បើ​ធៀប​នឹងបណ្តា​​យុវជន​វ័យ​ជំទង់​នៅ​តំបន់​ប្រទេស​​អាស៊ី​អាគ្នេយ៍ និង​តំបន់​អាស៊ីកណ្តាលកម្ពស់​ក្មេង​ប្រុស​​ជា​មធ្យម ​ប្រហែល​១៦២ cmនៅ​ក្នុង​វ័យ​១៩​ឆ្នាំ ចំណែក​ក្មេង​ស្រី​​នៅ​អាយុ​១៩​ឆ្នាំ មាន​កម្ពស់​ប្រហែល ១៥២cm។​​​​​

ការ​ស្រាវជ្រាវ​ក៏​បាន​​គូស​បញ្ជាក់​ផង​ដែរ​នូវ​បញ្ហា​សំខាន់​មួយ ​គឺបើ​​ទោះ​បី​ជា​កត្តា​ហ្សែន​ពី​ធម្មជាតិ​​មាន​ឥទ្ធិពល​ទៅ​កម្ពស់​​និង​ការ​លូត​លាស់​របស់​​ក្មេង​ៗ ប៉ុន្តែ​​របប​អាហារ និង​បរិស្ថាន​រស់​នៅ​ នៅ​តែ​​ជា​​កត្តា​ចូល​រួម​សំខាន់​​ក្នុង​រឿង​នេះ​ ជាក់​ស្តែង​​គេ​​​អាច​ឃើញ​លទ្ធ​ផល​កម្ពស់​របស់​ក្មេង​ជំទង់​នៅ​​អាស៊ី​មក​ពី​ប្រទេស​ចិន និង​កូរ៉េ​ខាង​ត្បូងដែល​សុទ្ធ​សឹង​ជា​ប្រទេស​ផ្តល់​អាហារូបត្ថម្ភ​​​​គ្រប់​គ្រាន់​ដល់​កុមារ​ៗ​តាំង​ពី​នៅ​វ័យ​ក្មេង ដែល​ធ្វើ​ឱ្យ​លទ្ធផល​​កម្ពស់​ក្មេង​ៗ​ នៅ​ប្រទេស​​ទាំង​នេះមាន​ភាព​​ល្អ​ប្រសើរ​​​ឡើង​នៅ​​ត្រឹម​២០១៩។ ​​​

ជា​មួយ​​ការ​សិក្សា​ខាង​លើលោក​ស្រី​វេជ្ជបណ្ឌិត AndreaRodriguez Martinez ជា​អ្នក​ស្រាវជ្រាវ​មក​ពីមហាវិទ្យាល័យ ImperialCollege London និង​ជា​អ្នក​ដឹក​នាំ​សំខាន់​ក្នុង​ការ​សិក្សា​ខាង​លើ​បាន​និយាយ​ថា៖ "លទ្ធផល​សិក្សា​របស់​ពួក​យើងអាច​​ជម្រុញ​ឱ្យ​​មាន​គោល​នយោបាយ​បង្កើន​​នូវ​ឱកាស​ទទួល​បាន​របប​អាហារ​ជីវជាតិ​ដែល​រឿង​នេះ​​នឹង​ជួយ​ដល់​ក្មេង​ៗដើម្បី​​​ទទួល​បាន​ការ​លូត​លាស់​កម្ពស់​​ពួក​គេ​"

ជា​មួយ​គ្នា​​នោះលោក​សាស្រ្តាចារ្យ AlanDangour មក​ពី​សាកលវិទ្យាល័យ London School of Hygiene &Medicine ក៏​បាន​លើក​ឡើង​បន្ថែម​ថានេះ​ជា​លើក​ទី​មួយដែល​មាន​ការ​វិភាគ​​ទិន្ន័យ​ជា​លក្ខណៈ​សកលអំពី​ការ​លូត​លាស់​របស់​កុមារ​ក្នុង​អាយុ​​រៀន​នៅ​សាលា​ ហើយ​​នេះ​គឺ​ជួយ​​​ចង្អុល​បង្ហាញ​ពី​បញ្ហា​ដែល​​រដ្ឋាភិបាល​​គួរ​​​យក​ចិត្ត​ទុក​ដាក់​​​ផង​ដែរ​លើ​ ពិសេស​នៅ​វ័យ​ដែល​ពួក​​គេ​កំពុង​លូត​លាស់​ដែល​ជា​ប្រយោជន៍​​​រយៈ​ពេល​វែង​នៃ​សុខាមាល​ភាព​អ្នក​ជំនាន់​​ក្រោយ​ៗ​៕