ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន។
ដើម្បីគ្រប់គ្រងសភាពការណ៍ និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដូចខាងក្រោម៖
១៖ គ្រប់ផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
២៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះការទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន។
៣៖ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់
ត្រូវសហការចុះត្រួតពិនិត្យតាមបណ្តាគោលដៅផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ។ ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងផ្សារ ឬម្ចាស់អាជីវកម្មដ្ឋានណាមួយមិនព្រមអនុវត្ត ត្រូវធ្វើកិច្ចសន្យាណែនាំលើកទី១ ហើយប្រសិនបើនៅតែបន្តបំពាន ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ៕