ភាពឆ្លាតវៃ ជាបុគ្គលិកលក្ខណៈមួយ ដែលកម្រនឹងរកបានក្នុងចំណោមបុគ្គលិកលក្ខណៈនៃមនុស្សទូទៅ។ពិតមែនហើយ ភាពជោគជ័យកាន់តែខ្លាំង និងទេពកោសល្យកាន់តែច្រើនដែលអ្នកមាននឹងធ្វើឲ្យអ្នកកាន់តែលំបាកក្នុងធ្វើអាជីវកម្ម។
AlphaGamma

ខណៈពេលដែលអ្នកប្រហែលជាអាចគិតថាភាពឆ្លាតវៃ និងទេពកោសល្យ នឹងធ្វើឲ្យ​មនុស្សម្នាក់ក្លាយជាបេក្ខជនដ៏ល្អបំផុត សម្រាប់សហគ្រិនភាពតែជាអកុសល នេះមិន​មែនជាករណីដែលតែងតែកើតឡើងនោះទេ។

គេតែងគិតថា ខ្ញុំធ្វើការងារគ្រប់យ៉ាងបានល្អជាងអ្នកដទៃ

ក្នុងវិធាន ៨០/២០ សម្រាប់ការ​ធ្វើការ (៨០% នៃកិច្ចការទាំងអស់ ត្រូវបានធ្វើដោយមនុស្ស២០%) តើនឹងមានអ្វីកើតឡើងពេលអ្នកធ្វើកិច្ចការជាមួយអ្នកឆ្លាត? មនុស្សដែលឆ្លាតនិងមានទេសកោសល្យខ្ពស់ នៅក្នុងក្រុម​នីមួយៗច្រើនសម្រេចចិត្តថា គេនឹងធ្វើកិច្ចការមួយភាគធំ។ គេមិនចង់ឲ្យចំណាត់ថ្នាក់ត្រូវធ្លាក់ចុះ ដោយសារការបែងចែកការងារស្មើៗគ្នា ជាមួយអ្នកដែលតែងមិនយកចិត្តទុកដាក់ឬអវត្តមានក្នុងថ្នាក់ ហើយបែរជាត្រូវទទួលបានការសរសើរដូចគ្នា។ មនុស្សឆ្លាតវៃ តែងតែទទួលយកគម្រោងទាំងមូលធ្វើដោយខ្លួនឯង។

មនុស្សដែលឆ្លាតវៃបំផុត ធ្វើការងារ​គ្រប់យ៉ាងបានល្អជាង មនុស្សភាគច្រើនធ្វើដូចជា សរសេរបានល្អជាង ធ្វើផែនការបានល្អជាង និងមានហេតុផលល្អជាង តែពេលដែលពួកគេដំណើរការ​អាជីវកម្មពួកគេធ្វើមិនល្អប្រសើរជាងអ្នកដទៃឡើយ ពួកគេនឹងធ្វើឲ្យគ្រប់យ៉ាងធ្លាក់ក្នុងភាព​អាក្រក់ឡើង។

នៅក្នុងមួយថ្ងៃៗ មានតែ ២៤ ម៉ោងប៉ុណ្ណោះ ហើយមនុស្សត្រូវការគេង ញ៉ាំងូតទឹក និងធ្វើការងារ​ជាក់លាក់ផ្សេងៗទៀត។ ដូច្នេះ ជារៀងរាល់ថ្ងៃ មនុស្សឆ្លាតវៃនេះ ព្យាយាមធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងពីព្រោះគាត់មិនអាចទ្រាំទ្រនឹងការធ្វើការងារមិនបានល្អរបស់អ្នកដទៃបានឡើយ។ នៅពេលនោះគាត់​នឹងជាប់គាំងនឹងការធ្វើការងារគ្រប់យ៉ាងក្នុងពេលតែមួយ ហើយនៅចុងបញ្ចប់ គាត់​នឹងមិនអាចរីកចម្រើនបានឡើយ។

កាន់តែឆ្លាត នឹងនាំអោយកាន់តែបង្កបញ្ហា

បញ្ហាមួយផ្សេងទៀតរបស់មនុស្សឆ្លាតវៃក្នុងការចាប់ផ្តើមអាជីវកម្មនោះគឺពួកគេតែងតែខាតបង់ច្រើន ឬបង្កជាបញ្ហា។ ប្រសិនបើអ្នកកាន់តែឆ្លាតវៃ អ្នកនឹងមានជម្រើសកាន់តែច្រើន។អ្នកនឹងអាចរកចំណូលបានប្រាក់ជាច្រើននៅក្នុងវិស័យខុសៗគ្នាហើយ​មានឱកាសជាច្រើនក្នុងការឡើងតំណែងនៅក្នុងអាជីពរបស់អ្នកនិងទទួលបានប្រាក់កាន់តែច្រើន។ នេះមានន័យថា នៅពេលដែលអ្នកចាប់ផ្តើមធ្វើអាជីវកម្មមួយអ្នកត្រូវប្រឈមនឹងហានិភ័យច្រើនជាង​អ្នកដែលរកបានប្រាក់ចំណូលតិចនិងមានជម្រើសការងារតិចតួចជាងអ្នក។

កុំមានភាពភ្ញាក់ផ្អើលនៅពេលដែលបុគ្គលដែល “ទំនង​ជាទទួលបានជោគជ័យច្រើនបំផុត”ជាសិស្សវិទ្យាល័យ ដែលជាម្ចាស់សាជីវកម្មធំ ហើយគេគឺជាសិស្សកម្រិតមធ្យម ដែល​ទទួលបានជោគជ័យនៅក្នុងអាជីវកម្មផ្ទាល់ខ្លួន។

មនុស្សដែលគេចវេសពីកាតព្វកិច្ច អាចក្លាយជាសហគ្រិនល្អ

វាគឺជាចំណុចគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែជាក់ស្តែង ជនដែលគេចវេសពីកាតព្វកិច្ចមួយចំនួនស័ក្តិសមនឹង​សហគ្រិនភាពជាងមនុស្សឆ្លាតវៃ។ ហេតុអ្វី? ពួកគេស្វែងរកដំណោះស្រាយជាមុន ដោយប្រើមនុស្សឆ្លាតវៃ ជុំវិញខ្លួនពួកគេដែលមានបំណងធ្វើការងារនោះ។ ពួកគេដឹងអំពីវិធីផ្ទេរការងារ និងប្រើប្រាស់អ្នកដទៃក្នុងការធ្វើការងារនានាដែលពួកគេមិនចង់ធ្វើ។

អ្នកត្រូវឆ្លាតវៃ អោយដូចរៀបប្រព័ន្ធស្វ័យប្រវត្តិ

អ្វីដែលល្អបំផុតនោះគឺ មនុស្សឆ្លាតវៃអាចផ្ទេរទេពកោសល្យរបស់ពួកគេទៅឲ្យអ្នកដទៃប៉ុន្តែ​ដោយសារតែមនុស្សឆ្លាតវៃទម្លាប់នឹងការធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងពួកគេមិនបានរៀនសូត្រនូវ​ជំនាញសំខាន់ៗ ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេទទួលបានជោគជ័យឡើយរួមទាំងការធ្វើ​ស្វ័យប្រវត្តិកម្មនិងការផ្ទេរសិទ្ធិនូវការងារឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

ក្នុងនាមជាមនុស្សឆ្លាតវៃ​មួយរូប អ្នកត្រូវប្រើប្រាស់ភាពឆ្លាតវៃនិងទេពកោសល្យរបស់អ្នក ដើម្បីសង្ខេបចំណុចសំខាន់ៗ​នៃការងា ក្នុងទម្រង់ដែលងាយស្រួលដែលមនុស្សម្នាក់​ផ្សេងទៀតអាចអនុវត្តតាមបាន។

ប្រើភាពឆា្លតវៃ អោយមានប្រយោជន៍សម្រាប់ខ្លួនឯង

ប្រសិនបើអ្នកគិតអំពីខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រដ៏មួយឬវត្តមានជាសកលរបស់ McDonald’s ខ្សែសង្វាក់ផលិតកម្មទាំងនោះហាក់ដូចជាមានភាពស្មុគស្មាញប៉ុន្តែជាក់ស្តែង ខ្សែសង្វាក់​ផលិតកម្មទាំងនោះគឺជាសេរ៊ីមុខងារដ៏សាមញ្ញដែលមិនគួរឲ្យជឿ។ រាល់កិច្ចការនីមួយ ត្រូវបែងចែក​ជាដំណាក់កាលដែលងាយស្រួលក្នុងការអនុវត្តតាម។បុគ្គលិកនៅក្នុងខ្សែសង្វាក់ផលិតកម្មអនុវត្តការងារ ដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់ ដដែលៗ។ចុងភៅ បេឡាករ និងអ្នកទទួលការកម្មង់អាហារពីក្នុងរថយន្តក៏ធ្វើបែបនោះដែរ។នេះគឺជាធាតុចូលបន្តិចបន្តួចពីបុគ្គលទាំងនេះពីព្រោះគ្រប់យ៉ាងបានក្លាយជាស្តង់ដាសម្រាប់ពួកគេរួចទៅហើយ។

បុគ្គលិកភាគច្រើននៅក្នុងអាជីវកម្មមួយចំនួនដែលទទួលបានជោគជ័យខ្លាំងជាងគេ​បំផុតនៅលើ​ពិភពលោក មិនមានអ្នកឆ្លាតច្រើននេះទេ។ ជាក់ស្តែងបុគ្គលិកនៃ​អាជីវកម្មទាំងនោះភាគច្រើន ជាមនុស្សធម្មតា មានកម្រិតមធ្យម (និងពេលខ្លះជាមនុស្សល្ងីល្ងើ)។ អង្គភាពជោគជ័យទាំងនេះ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលមានភាពឆ្លាតវៃគ្រប់គ្រាន់ ក្នុងការធ្វើឲ្យ​ការងារមានលក្ខណៈស្តង់ដា អាចដំណើរការបានដោយខ្លួនឯង និងផ្ទេរកិច្ចការមួយចំនួនធំដោយប្រើវិធី​មួយ ដែលបុគ្គលិកធម្មតាមិនអាចធ្វើបាន។

ដូច្នេះ មានភាពឆ្លាតវៃ ឬមានទេពកោសល្យ នឹងមិនអាចជួយអ្វីអ្នកបានឡើយ លើកលែងតែអ្នកអាច​ប្រើប្រាស់ភាពឆ្លាតវៃទាំងនោះ ស្វែងរកដំណោះស្រាយមួយ ដើម្បីធ្វើឲ្យការងារពិបាកមានភាពសាមញ្ញ ដែលនឹងធ្វើឲ្យអាជីវកម្មទទួលបានជោគជ័យ៕