ដើម្បីចូលរៀនវិជ្ជាជីវៈមេធាវីបាននិស្សិត ឬសាធារណជនដែលមានសញ្ញាបត្រនីតិសាស្រ្តត្រូវធ្វើការប្រឡងប្រជែងក្រោមការរៀបចំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
អ្វីដែលនិស្សិត ឬសាធារណជន ត្រូវត្រៀមដើម្បីអាចប្រឡង និងប្រឡងជាប់នោះមានពីរគឺ ទី១៖ លក្ខណៈសម្បត្តិដើម្បីបំពេញលក្ខខណ្ឌនីតិវិធី និងទី២៖លក្ខណៈសម្បត្តិចំណេះដឹងដើម្បីប្រកួតប្រជែង។
ចំពោះលក្ខណៈសម្បត្តិទី១ ដែលបេក្ខជន ត្រូវបំពេញគឺនៅពេលដែលគណៈមេធាវីចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសចូលរៀនវិជ្ជាជីវៈមេធាវីបេក្ខជនត្រូវទិញពាក្យ ឬទាញយកពាក្យមកបំពេញនិងដាក់ពាក្យតាមនីតិវិធីកំណត់។
ក្នុងដំណាក់កាលនេះបេក្ខជនត្រូវត្រៀម និងបំពេញឯកសារមួយចំនួនដូចជា ១-ប្រវត្តិរូបនិងរូបថត (ទំហំ៤X៦)២សន្លឹក ២-សេចក្តីចម្លងសញ្ញាបត្របរិញ្ញានីតិសាស្រ្ត ឬសញ្ញាបត្របរិញ្ញានីតិសាស្រ្តបណ្តោះអាសន្ន១ច្បាប់ ៣-ព្រឹត្តិបត្រថ្កោលទោសចេញដោយក្រសួងយុត្តិធម៌១ច្បាប់ ៤-សេចក្តីចម្លងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែនឬសំបុត្រកំណើត១ច្បាប់ ៥-កិច្ចសន្យាផ្ទាល់ខ្លួន (បំពេញក្នុងទម្រង់ដែលផ្តល់ដោយគណៈមេធាវី)១ច្បាប់ ៦-បង្កាន់ដៃទទួលពាក្យប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី (បំពេញក្នុងទម្រង់ដែលផ្តល់ដោយគណៈមេធាវី)១ច្បាប់។
ចំណែកលក្ខណៈសម្បត្តិទី២ គឺចំណេះដឹងដែលបេក្ខជនត្រូវត្រៀមខ្លួនជាមុនលើមុខវិជ្ជាសំខាន់ៗដូចជានីតិរដ្ឋប្បវេណី នីតិព្រហ្មទណ្ឌ និងមុខវិជ្ជាផ្សេងៗទៀតដូចជានីតិរដ្ឋធម្មនុញ្ញនីតិពាណិជ្ជកម្ម នីតិការងារនីតិរដ្ឋបាលជាដើម។
ការប្រឡងចែកចេញជាពីរវគ្គគឺវគ្គប្រឡងសរសេរនិងវគ្គប្រឡងផ្ទាល់មាត់នៅពេលប្រឡងសរសេរជាប់។
វគ្គប្រឡងសរសេរផ្តោតលើមុខវិជ្ជាសំខាន់ៗទាំងពីរខាងលើ គឺនីតិព្រហ្មទណ្ឌនិងនីតិរដ្ឋប្បវេណីដោយក្នុងមួយមុខវិជ្ជាប្រឡងចំនួន៣ម៉ោង។
នៅពេលប្រឡងនីតិព្រហ្មទណ្ឌជាទូទៅនឹងមានសំណួរពីរប្រភេទគឺសំណួរផ្តោតលើច្បាប់សារធាតុ (ក្រមព្រហ្មទណ្ឌ) និងសំណួរដែលផ្តោតលើច្បាប់នីតិវិធី(ក្រមនីតិវិធីព្រហ្មទណ្ឌ)។
ឧទាហរណ៍នៅឆ្នាំ២០១៤ មុខវិជ្ជានីតិព្រហ្មទណ្ឌមានប្រធានសំណួរពីរដែលប្រធានទីមួយផ្តោតលើច្បាប់សារធាតុនិងប្រធានទីពីរផ្តោតលើច្បាប់នីតិវិធី។ ប្រធានទី១ ឱ្យបេក្ខជន៖"ប្រៀបធៀបបទឃាតកម្មនិងឃាតកម្មគិតទុកជាមុន"ចំណែកប្រធានទី២ឱ្យបេក្ខជនពន្យល់៖"មូលដ្ឋានគ្រឹះនៃការស៊ើបអង្កេតករណ៍ជាក់ស្តែងនិងកិច្ចស៊ើបសួរជាក់ស្តែង"។
ដូចគ្នាដែរចំពោះមុខវិជ្ជានីតិរដ្ឋប្បវេណីក៏ចែកសំណួរជាពីរដោយផ្តោតលើច្បាប់សារធាតុ(ក្រមរដ្ឋប្បវេណី) និងច្បាប់នីតិវិធី (ក្រមនីតិវិធីរដ្ឋប្បវេណី)ផងដែរ។
ឧទាហរណ៍វិញ្ញាសារឆ្នាំ២០១៤
(ផ្នែកច្បាប់សារធាតុ)
១-ប្រៀបធៀបអត្ថន័យនៃច្បាប់ស្តីពីសិទ្ធិប្រត្យ័ក្សនិងច្បាប់ស្តីពីសិទ្ធិប្រាតិភោគប្រត្យក្ស(អាចលើកឧទាហរណ៍បញ្ជាក់)
២.ពន្យល់"ក្រមរដ្ឋប្បវេណីក្នុងឋានៈជាច្បាប់មូលដ្ឋាននៃនីតិឯកជន"។
(ច្បាប់នីតិវិធី)
១-ការបញ្ចប់វិវាទរដ្ឋប្បវេណីដោយការសះជាតើមានផលប្រយោជន៍យ៉ាងណាខ្លះចំពោះភាគី? ចូរពន្យល់។
២-អ្នកធ្វើការផ្សះផ្សាសម្រុះសម្រួល ត្រូវមានវិធីសាស្រ្តដូចម្តេចខ្លះដើម្បីមានលទ្ធភាពអាចឱ្យភាគីបានសះជាបញ្ចប់វិវាតទទួលបានបិរមាណខ្ពស់?ពន្យល់។
ចំពោះការប្រឡងដោយផ្ទាល់មាត់វិញ បេក្ខជនត្រូវចាប់ឆ្នោតត្រូវមុខវិជ្ជាណាប្រឡងផ្ទាល់មាត់ចំពោះមុខវិជ្ជានោះ។ចំពោះសំណួរឆ្លើយផ្ទាល់មាត់ក៏ត្រូវចាប់ឆ្នោត និងមានពេលដើម្បីត្រៀមឆ្លើយសំណួរដែលចាប់បានផងដែរ។
ប្រភព៖ អត្ថបទខ្លីដោយលោក នូ ចន្ថា