​​​រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ពិធី​ប្រគល់​​​-ទទួល​កុំព្យូទ័រ​បន្ទះ (Tablets) ក្រោម​ការ​ឧបត្ថម្ភ​ដោយ​មន្ទីរ​អប់រំ​ទីក្រុង​ប៊ូ​សាន នៃ​សាធារណរដ្ឋ​កូរ៉េ ជូន​សាលារៀន​​ជ័យ​លាភី​ចំនួន​០៧ សម្រាប់​ទៅ​ប្រើប្រាស់​ក្នុង​ការ​លើក​កម្ពស់​ការ​អប់រំ​បែប​ឌីជីថល​នៅ​កម្ពុជា​ ជាពិសេស​ជំនួយ​ដល់​ការ​បង្រៀន​ និង​រៀន​តាម​អេឡិចត្រូនិក​ និង​ពី​ចម្ងាយ​ក្នុង​បរិ​ការណ៍​​​កូវីដ​-១៩ ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់​ជួន ណា​រ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ និង​លោក Lee Hyuk-sang ភារធារី​នៃ​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ការ​ជ្រើសរើស​គ្រឹះស្ថាន​សិក្សា​សាធារណៈ ​ដែល​ត្រូវ​ទទួល​បាន​កុំព្យូទ័រ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​មន្ទីរ​អប់រំ​ក្រុង​ប៊ូសាន ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ដាក់​ពាក្យ​ស្នើសុំ​មក​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និង​បាន​ឆ្លងកាត់​ការ​ធ្វើ​សម្រាំង​បញ្ជី និង​ការ​ធ្វើ​បទ​បង្ហាញ​ជូន​គណៈកម្មការ​វាយ​តម្លៃ​ដាក់​ពិន្ទុ ដើម្បី​ធ្វើការ​សម្រេច​ចុងក្រោយ។ 

គ្រឹះស្ថាន​សិក្សា​សាធារណៈ​ជ័យលាភី​នីមួយៗ​ទទួល​បាន​កុំព្យូទ័រ​បន្ទះ (Tablet) ថ្មី​ ម៉ាក Samsung ចំនួន ​៣០គ្រឿង រួម​ជាមួយ​ស្រោម​​សម្រាប់​ការពារ និង​ទូ​សាក​ថ្ម​ឆ្លាតវៃ​ចំនួន​០១ ផង​ដែរ ដែល​គិតជា​ទឹក​ប្រាក់​សរុប ១១,៣៧២.២៩ ដុល្លារ​អាមេរិក។

គ្រឹះស្ថាន​សិក្សា​សាធារណៈ​ជ័យលាភី​ទាំង​០៧ ដែល​ទទួល​បាន​រួមមាន៖

១. វិទ្យាល័យ​ អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

២. វិទ្យាល័យ បាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់

៣. វិទ្យាល័យ ហ៊ុន សែន​ ស្វាយជ្រំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

៤. វិទ្យាល័យ ជា ស៊ីម សន្ធរមុខ ខណ្ឌទួលគោក រាជធានីភ្នំពេញ

៥. វិទ្យាល័យ សំរោងពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ

៦. វិទ្យាល័យ ហ៊ុន សែន ១មិថុនា ស្រុកបាទី ខេត្តតាកែវ

៧. វិទ្យាល័យ ព្រះបិតាជាតិ ស្រុកកំពង់ត្រាច ខេត្តកំពត

ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​អរគុណ​ដល់​ក្រសួង​អប់រំ​នៃ​សាធារណរដ្ឋ​កូរ៉េ​​ តាម​រយៈ​មន្ទីរ​អប់រំ​ទីក្រុង​ប៊ូ​សាន ដែល​តែង​តែ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ​ជាមួយ​អង្គភាព​ជំនាញ​ក្រសួង​ក្នុង​ការ​ចូលរួម​គាំទ្រ​លើ​ក​កម្ពស់​ប្រសិទ្ធភាព និង​គុណភាព​នៃ​វិស័យ​អប់រំ​បែប​ឌីជីថល​នៅ​កម្ពុជា​រយៈពេល​ជាង​១៦​ឆ្នាំ​កន្លង​មក​ តាម​រយៈ​ការ​​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន និង​ការ​​ផ្ដល់​​នូវ​ឧបករណ៍​បច្ចេកទេស​ ICT ដល់​ក្រសួង​ និង​សាលារៀន​នៅ​កម្ពុជា​។ 

ឯកឧត្ដម​​ បាន​បន្ថែម​ទៀត​ថា កិច្ច​សហប្រតិបត្តិ​​ការ​ក៏​ល្អ​នេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គួរ​ឲ្យ​កត់សម្គាល់​នូវ​ការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ក្នុង​ការ​បង្រៀន និង​រៀន​នៅ​តាម​សាលារៀន​ ជាក់​ស្តែង​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ-១៩ ដែល​ក្រសួង​តែង​តែ​យក​ចិត្ត​ទុកដាក់​ និង​បាន​ដាក់​ចេញ​នូវ​យន្ត​ការ​សំខាន់​មួយ​ចំនួន​ ដើម្បី​ធានា​បាន​ថា​ការ​សិក្សា​នៅ​អាច​បន្ត​បាន​ ទោះ​បី​សាលារៀន​ត្រូវ​បាន​បិទទ្វារ​មួយ​រយៈ​ក៏​ដោយ។

 ដូច​នេះ​ ឯកឧត្ដម​បាន​ផ្ដល់​អនុសាសន៍​ណែនាំ​ដល់​គ្រឹះស្ថាន​ជយលាភី​ទាំង​០៧ ឲ្យ​ខិតខំ​លើកកម្ពស់​កម្រិត​ចំណេះដឹង​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​គ្រូបង្រៀន និង​សិស្សានុសិស្ស​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត តាមរយៈ​ការ​ប្រើប្រាស់​ឧបករណ៍​ដែល​ទទួល​បាន​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​រវាង​ភាគី​កម្ពុជា-កូរ៉េ ត្រូវ​បាន​ចាប់​ផ្ដើម​​ជាមួយ​គ្នា​អស់​រយៈពេល​១៦ឆ្នាំ​ គិត​ត្រឹម​ឆ្នាំ​​ ២០២១​នេះ យោង​តាម​អនុស្សរណៈ​កិច្ច​​សហប្រតិបត្តិ​ការ​​ដែល​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចំនួន​០៣ រួមមាន៖​

១.ការ​លើក​កម្ពស់​សមត្ថភាព​មន្ត្រី​ជំនាញ​ និង​គ្រូ​ប​ង្រៀន​កម្ពុជា​ នៅ​កម្រិត​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ ឱ្យ​មាន​ចំណេះ​ដឹង​​​លើ​ការ​​​ប្រើប្រាស់​បច្ចេកវិទ្យា​​ព័ត៌មាន​ក្នុង​ការ​ស្រាវជ្រាវ​រៀន និង​បង្រៀន-រៀន

២. ការ​បត្ថម្ភ​នូវ​បរិក្ខារ​បច្ចេកទេស​ផ្នែក​ព័ត៌មាន​វិទ្យា និង​សម្ភារៈ​បច្ចេកទេស​ចាំបាច់​នានា​ ដើម្បី​ផ្តល់​លទ្ធភាព ​គ្រប់គ្រាន់​ដល់​អង្គភាព​ជំនាញ និង​សាលារៀន​អាច​អនុវត្ត​នូវ​ការ​អប់រំ​បាន​ដោយ​គុណភាព និង​ ប្រសិទ្ធភាព​ តាម​រយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​​

៣.ការ​ផ្លាស់​ប្តូរ​វប្បធម៌​ និង​បទ​ពិសោធន៍​រវាង​គ្នា​ទៅវិញ​ទៅ​មក ដើម្បី​ពង្រឹង​ចំណង​កិច្ច​សហប្រតិបត្តិ​ការនៃ​ភាគី ​ទាំង​ពីរ កម្ពុជា-កូរ៉េ​​​​​​​​៕