រាជធានីភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានអង្គសមាជបោះឆ្នោតជ្រើសតាំងធ្វើជា ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងសមាជរបស់គណបក្សហ្វ៊ុនស៉ិនប៉ិច នាព្រឹកថ្ងៃទី ៩ កុម្ភៈ ២០២២នេះ ។
ការរៀបចំធ្វើសមាជនេះ ធ្វើឡើងនៅព្រះដំណាក់វាលស្បូវ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្ស និងសមាជិក សមាជិកាប្រមាណ៤០០នាក់។
ចំណែកអនុប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច មាន៣រូប ៖ ១. លោក ឆឹង ចំរើន ២. លោក ប៉ោ ប៊ុនស្រ៊ឺ ៣. លោក ពៅ អេងគ្រី។
សូមជម្រាបជូនដែរថា សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទីប្រឹក្សាផ្ទាល់ ព្រះករុណាព្រះមហាក្សត្រ ដែលធ្លាប់ធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសដកខ្លួនមិនជាប់ទាក់ទង ឬមានតួនាទីអ្វីជាមួយគណបក្សនេះតទៅទៀតឡើយ តាមការជូនដំណឹងពីខុទ្ទកាល័យ សម្តេចនរោត្តម អរុណរស្មី កាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២៕
ដោយឡែកមុនសមាជមួយថ្ងៃគឺនៅថ្ងៃ ៨ កុម្ភៈ លោក ហេង ចាន់ថា អតីតជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើលិខិតមួយច្បាប់ ដោយស្ម័គ្រចិត្តមកដង្ហែតាមព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ៕